តុលាការ​នៅ​មិន​ទាន់​សម្រេច​ឃុំ​ខ្លួន លោក​យោ​​ធា​ជាន់​ខ្ពស់​ម្នាក់ ដែលដេញ​បាញ់​ពល​រដ្ឋ​ស្លូត​ត្រង់​ឡើយ​ទេ

ភ្នំពេញ៖ យោង​តាម​ការ​បញ្ជាក់​របស់​សមត្ថ​កិ​ច្ច បាន​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨នេះថា លោក សាន សុផាត ចៅក្រម​ស៊ើប​សួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅ​មិន​ទាន់សម្រេចចេញដីកា ឃុំខ្លួន លោក​ផ្កាយ​១ យោធា ដែលត្រូវបានពលរដ្ឋប្តឹង ពាក់ព័ន្ធ​ករ​ណី ដកកាំភ្លើងដេញបាញ់ប៉ុនប៉ងសម្លាប់ ជនរងគ្រោះដល់មុខផ្ទះ នៅឡើយទេ ។ ប្រភព​បន្ថែម​ថា សំណុំ​រឿង​នេះ នឹងត្រូវ​តុលា​ការ​ចាត់​ការ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ទៀត ដើម្បី​សម្រេច​ថា ឃុំខ្លួន ឬមិន​ឃុំ​ខ្លួន​ឧក្រិដ្ឌ​ជន​ជា​មន្ត្រី​យោធា ពាក់​ផ្កាយ​ម្នាក់​នេះ ។

សមត្ថកិច្ច​បញ្ជាក់​ថា លោក រៀល សុភិន ព្រះ​រាជ​អាជ្ញារង​អមសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​បា​ន សម្រេច​បើក​ការ​ស៊ើប​សួរ និងចោទ​ប្រកាន់​លើ​ឈ្មោះសោ ហៀមហៅលោកគ្រូហៀម ភេទ​ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធា​បញ្ជា​កា​រ​កង​ទ័ព​ជើង​គោក មាន​ទី​លំ​នៅ ភូមិព្រែក​មហា​ទេព សង្កាត់​ឯក​ភាព ក្រុង​បាត់​ដំបង ខេ​ត្ត​បាត់​ដំបង ពី​បទ ប៉ុន​ប៉ង​ឃាត​កម្ម និង​បទ កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោត​ជ្រុំ​៥ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំ​ពេញ យោង​តាម​មាត្រា​២៧ មាត្រា ១៩៩ និង​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀម ហៅ​លោក​គ្រូហៀម បានទៅ​ធាក់​ទ្វា​រ​បង​ស័ង្កសី របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាស​នា មាន​ទី​តាំង​នៅ​ផ្ទះ​លេខ ៤៦៩ ផ្លូវ២៤BT ភូមិ​ត្នោត​ជ្រុំ​៥ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។ នៅ​ពេល​នោះ​ជន​រងគ្រោះ​ឈ្មោះ អ៊ុន វាសនា បាន​សួរ​នាំ​ទៅ​ជន​សង្ស័យ​ថា ហេតុ​អ្វី​ក៏​មក​ធាក់​ទ្វា​របង​ផ្ទះ​ខ្លួន ស្រាប់​តែ​ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀម ហៅលោក​គ្រូ​ហៀ​ម ដក​កាំ​ភ្លើង​ខ្លី (មិន​ស្គាល់​ម៉ាក) ញុក​ចូ​ល​​​ប្រហោង​ទ្វា​របង​ផ្ទះ​ជន​រង​គ្រោះ បាញ់សំដៅ​ទៅ​លើ​ជនរង​គ្រោះ​ចំនួន ២​គ្រាប់ (ផ្ទុះ ០១​​គ្រា​ប់ មិន​ផ្ទុះ​០១​គ្រាប់) ។ ក្រោយ​មក​ជនរងគ្រោះ​បាន​រត់​ទៅ​ប្តឹង​សមត្ថ​កិ​ច្ច ឱ្យ​មក​ជួយ​អន្តរាគ​មន៍ នៅពេល​ជនរងគ្រោះ​ត្រលប់​មក​ដល់​ផ្ទះ​វិញ ស្រាប់​តែ​ជន​សង្ស័យ ដក​កាំភ្លើង បាញ់​ទៅ​លើ​ជនរងគ្រោះ ជាច្រើន​គ្រាប់​ទៀត​តែ​សំ​ណាង​ល្អ កាំភ្លើងនោះ​មិន​ផ្ទុះ​។

សូម​បញ្ជាក់​ថា ខណៈ​ដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូ​ន​ខ្លួនទៅ​កាន់​តុលាការ ជន​សង្ស័យ​បាន ហៅ​ក្រុម​អង្គ​រក្ស​មក​ការពារ​មួយ​ក្រុម​ធំ និងជន​ត្រូវ​ចោទ​បាន ប្រើ​ទូរស័ព្ទ​ដៃ ថតរូប​ក្រុម​អ្នក​សារ​ព័ត៌​មាន​ថែម​ទៀត​ផង ដោយ​សមត្ថកិច្ច មិន​បាន​ដាក់​ខ្នោះ ជន​សង្ស័យ​ដៃ​ទៀត​នោះ​ទេ ។
ក្រៅ​ពី​សកម្មភាព​បែប​នេះ ជន​ត្រូវ​ចោទ​បាន ប្រើ​ពាក្យ​សំដី គំរាម​កំហែង​ក្រុម​អ្នក​កាសែត​ថា លោក​បាន​ប្រាប់​ថ្នាក់​លើ អស់​ហើយ ចឹង​អ្នក​កាសែត​តូច​តាច ចង់​ថត​អី​ថត​ទៅ និយាយ​តែ​ជា​មួយ គឺ​ចប់​ហើយ ៕