នារីស្រស់ស្អាតម្នាក់ ប្រើល្បិចខ្ជីម៉ូតូជិះ​បែជា​យក​ទៅបញ្ចាំ

ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​ម្នាក់ ឆបោក​ញាតិ​មិត្ត​អ្នក​ស្គាល់ ស្រុក​ភូមិ​ជា​មួយ​គ្នា ប្រើល្បិច​ខ្ជី​ម៉ូតូជិះ បែជាយក​ទៅ​បញ្ចាំ​បាន​លុយ​ដើរ​សុី​ចាយ​ធ្វើ​ព្រងើយ តាំង​ពី​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​តាងួន១ សង្កាត់កា​កា​ប១ ខណ្ឌពោធិសែនជ័យ ប្តូរ​ទាំង​បន្ទប់​ជួល គេច​ខ្លួន​បាត់​អស់​រយៈ​ពេល​១៣​ថ្ងៃ ស្រាប់តែ​នៅ​​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨​នេះ ប្រទះ​ឃើញ​មុខ​នៅ​ក្នុង ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កា​ត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិសែនជ័យ ចាប់ឃាត់​ខ្លួន​នាំ​ទៅ​ចូល​ប៉ុស្តិ៍​កាកាប១ ប្រគល់ឲ្យ​ប៉ូលី​​ស​ចាត់​ការ​តាម​នីតិវិធី ។

ស្រ្តី​រូប​ស្អាត​​មាន​ឈ្មោះ វ៉េត ដាលីន អាយុ៣​១​ឆ្នាំ មុខរបរ មិនពិតប្រាកដ ទើបតែមកលួច​ស្នា​ក់​នៅ​បន្ទប់​ជួល ភូមិព្រៃព្រីងជើង សង្កាត់ចោម​ចៅ​៣ មុន​កើត​ហេតុ​ស្នាក់​នៅ បន្ទប់​ជួល ភូមិ​តាងួ​​ន១ សង្កាត់​កាកាប១ ខណ្ឌពោធិសែន​ជ័​យ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ហេង បូរិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុល​ម៉ា​សុីន​ត្រជាក់ ស្នាក់​នៅ​ក្នុង​ភូមិ កើត​ហេតុ ។ ដោយ​ឡែក ម៉ូតូ​ដែល​ជន​សង្ស័យ​ឆបោក យក​ទៅ​បញ្ចាំ​បាត់ ម៉ាក លេត សេរី​២០១៤​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-4616 ។

តាម​ស្រ្តី​ខាង​លើ​បាន​សារ​ភាព​ថា ម៉ូតូពិតជា​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា អត់មាន​លុយ​លួស​វិញ ទើប​គេច​ខ្លួន​រង​ចាំ​រក​លុយ ទៅលួស​ម៉ូតូ តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​មុខ ចាប់ឃាត់​ខ្លួន​ប្រគល់​​ឲ្យ​ប៉ូលីស ។

តាម​សម្តី​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នឹក​ឃើញ ដោយ​អាង​ថា​ជា​មនុស្ស​ស្គាល់​រាប់​អាន​គ្នា ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ខែមករា កន្លង​មក​ជន​សង្ស័យ​សុំ​ខ្ចី​ម៉ូតូ​ជិះ ដោយ​ប្រាប់​ថា ជិះ​ទៅ​មើល​ប្តី ប៉ូលីស​ចាប់​​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ខំ​តែ​ជឿ ទុកចិត្តទើប​ហ៊ាន​អនុញាតិ​ឲ្យ​ខ្ចី​ជិះ បែ​ជា​ជិះ​យក​ទៅ​បាត់​រហូត គេច​ខ្លួនបាត់​ពី​ផ្ទះ​ជួល រហូត​លេច​ឮ​ដំណឹង ថា​យក​ម៉ូ​តូ​ទៅ​បញ្ចាំ បាត់​បាន​លុយ​៤០០ដុល្លា ហើ​យ​គេច​ខ្លួន បាត់១៣​ថ្ងៃ​ទើប​ប្រទះ​ឃើញ​មុ​ខ ចាប់នាំខ្លួន​ប្រគល់​ឲ្យ​ប៉ូលីស ។

ជន​សង្ស័យ​ក្រោយ​ពី​មាន​បណ្តឹង​ពី​ភាគី​រង​គ្រោះ ត្រូវ​បាន​ឃាត់​ខ្លួន​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅផ្នែក​ជំនាញអធិការ​ដ្ឋាន​ខណ្ឌ​បន្ត​ទៅ​តាម​នីតិវិធី ៕