តុលាការ​ឃុំ​ខ្លួន​នគរបាល​ជំនាញ​បាញ់ ក្នុងគុក​សិន កុំ​ឱ្យ​ដើរ​បាញ់​ពលរដ្ឋ​ស្លាប់​ទៀត

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ២០១​៨​នេះ លោក តុប ឈុនហេង ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន ចេញ​ដី​កា​បង្គាប់​ឱ្យ​ឃុំខ្លួន លោក​នគរបាល ដែលបា​ញ់​ពលរដ្ឋ​ស្លូត​ត្រង់​ស្លាប់ ពេលបង្ក្រាប​ល្បែង​ជល់​មាន់​នៅ​ខណ្ឌពោធិ៍សែនជ័យ​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឱ្យ​ដើរ​បាញ់​ខុស​បច្ចេកទេស​ស្លាប់​ពលរដ្ឋ​ត​ទៅ​ទៀត ។

យោងតាមការបញ្ជាក់របស់លោក លី សុផា​ណា អ្នកនាំពាក្យអយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​តាម Telegram ថា ក្រោយពី​បាន​ពិនិត្យ​ឯក​សារ​សំណុំ​រឿង សាក​សួរ​ចម្លើយ​តាម​នីតិវិធី និងពិនិត្យភស្តុ​តាង លោក សៀង សុខ ជាតំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិ ជា​អនុសេនីយ៍ត្រី (ស័ក្តិ១) ផ្នែកអន្តរាគមន៍ នៃ​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ពីបទ មនុស្សឃាតដោយអចេតនា លើជន​រង​គ្រោះ​ឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ ៣៣​ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរ​ផ្សារ​កាណា​ស៊ីធី មានស្រុកកំណើតនៅ ខេត្ត​កំពង់ស្ពឺ ប្រ​ព្រឹត្ត​នៅ​ចំណុច​ក្រោយផ្សារ​កាណា​ស៊ី​ធី ដីឡូត៌​គ្មាន​លេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ ខ​ណ្ឌ​ពោធិសែន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវ​ចោទ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​បាន ទាល់តែមាន បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សា​វឿន អគ្គស្នង​ការ​នគរបាល​ជាតិ កុំអីចាប់អត់​បាន​ទៀត ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២​០​១​៨កន្លងទៅ កម្លាំង​សមត្ថកិច្ចនៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ បានបើក​ប្រតិបត្តិការ​ប​ង្ក្រា​បបនល្បែង ជល់មាន់ បៀ និងអាប៉ោង ដ៏ធំ​ដុះ​ស្លែ​ប្រចាំខណ្ឌ នៅចំណុចដីឡូតិ៍គ្មានលេខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោម​ចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​សែន​ជ័យ ។
នៅ​ក្នុង​ប្រតិបត្តិការ ដេញចាប់អ្នក​លេង​ល្បែង​នោះ កម្លាំង​សមត្ថកិច្ច​ប្រើ​ហេតុ​ផលថា ខ្លាចអ្ន​ក​ជល់មាន់ មានអាវុធ ទើប បាញ់មេឃគំរាម ​មនុ​ស្សខូច តែមិនចំមេឃ បែរជាចំពលរដ្ឋ​ស្លូត​ត្រង់បណ្តាលស្លាប់នៅនឹងកន្លែងទៅវិញ ៕