លោក​ចៅ​ក្រម ហម ម៉េងសែ សម្រេច​ដោះ​លែ​ង​និស្សិត​ដែល​បើក​រថយន្ត​កិន​មនុស្ស​ស្លាប់

ភ្នំពេញ៖ លោក ហម ម៉េងសែ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ចេញដី​កា​មិន​ឃុំ​ខ្លួន​និស្សិត​សាលា​ច្បាប់​ឆ្នាំ​ទី​៣​ម្នាក់ ដែល​បាន​បើ​ក​រថយន្ដ​វ៉ា​ជែង ជា​មួយ​រថយន្ដ​ផ្សេង​ទៀត ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​បុក​ក្មេង​ប្រុស​ម្នាក់ ដើរ​ឆ្លង​ផ្លូវ​បុ​កស្លាប់​ភ្លាមៗ យ៉ាង​អ​ណោ​​ចអធ័ម នៅចំណុចផ្លូវបេតុងព្រៃ ស ភូមិ​ត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោឡើយ បើ​ទោះ​បី​ព្រះ​រាជអាជ្ញា​បាន​ចោទ​ប្រកាន់​ជន​នេះ​ពី​បទ «បើក​បរ​ដោយ​ធ្វេស​ប្រហែស ខ្ជី​ខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ»។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ នគបាល​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​និស្សិត នៅ​សកល​វិទ្យាល័យ ភូមិន្ទ នីតិ​សាស្ត្រ និង​វិទ្យា​សាស្ដ្រ​សេដ្ឋកិច្ច​ឆ្នាំ​ទី៣ ដែល​បើក​រថយន្ដ​វ៉ា​ជែង​ជា​មួយ​ផ្សេង​ទៀត ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បណ្ដាលឲ្យបុក​ក្មេង​ប្រុស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ស្លាប់​ភ្លាមៗ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចាត់​ការ​បន្ដ​តាម​នីតិ​វិធី ។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ជនបង្ក​ជា​និស្សិត​រូប​នេះ​មាន​ឈ្មោះ ស៊ុយ សារៈទី អាយុ២១ឆ្នាំ មាន​ទី​លំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដ​កំពត ។ ចំណែក​ក្មេង​ប្រុស​រងគ្រោះ​មាន​ឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំ មានទីលំ​នៅ​ភូមិ​ត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជ​ធា​នី​ភ្នំពេញ ។

គួរ​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០​១៨ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​បេតុង​ព្រៃស ភូមិត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេ​ញ បង្កឡើងដោយរថយន្ដមួយគ្រឿងម៉ាក កាម​រីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯង ក្នុងទិសដៅពី​ជើងទៅត្បូងក្នុងល្បឿនលឿន វ៉ាជាមួយ​រថយ​ន្ដ​មួយគ្រឿងទៀត មិនចាំម៉ាក​ក៏ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​ប្រុស ដែលដើរឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ស្លា​ប់​ភ្លាមៗ នៅកន្លែង​កើត​ហេតុ ។ ភ្លាម​ៗ​នោះ​ម្ចា​ស់​រថយន្ដ​ជាជន​បង្កបានចុះ​ពី​រថយន្ដ​រត់​គេ​ច​ខ្លួន ប៉ុន្ដែត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបា​ល​រដ្ឋបាលព្រៃវែង ធ្វើការឃាត់​ខ្លួន​បាន​មក​វិញ​។

ជា​មួយ​គ្នា​នេះ ក្រុមគ្រួសារ​របស់ក្មេង​ប្រុស​រង​គ្រោះ បានសម្ដែង​ប្រតិកម្មក្តៅ​ក្រហាយ​យ៉ាង​ខ្លាំ​ង ចំពោះ​កាយ​វិកា និង​ការដោះ​ស្រាយរបស់​ក្រុមគ្រួសារជនបង្កខាងលើ​ដោយសារ​តែ​និស្សិ​ត​បង្ក​ម្នាក់​នេះ ហាក់​បាន​មើល​ងាយ មើល​ថោ​កជីវិត​កូន​ប្រុស​របស់​គាត់​យ៉ាង​ខ្លាំង។ ព្រោះ​ពេល​ដោះ​ស្រាយ​គ្នា ជន​នេះ​បាន​អង្គុយ​អង្រួន​ជើង​សម្ដី​សម្ដៅ​បែប​ហំ ធ្វើ​ឫកពារ ក្រអឺត​ក្រ​ទ​ម និង​ប្រើ​ពាក្យ​មិន​សម​រម្យ​ថែម​ទៀត ហើយ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ក្ដៅ​ក្រហាយ​ទៀត​នោះ គឺបានចេញ​សំណង​ដល់​កូន​ប្រុស​របស់​គាត់ ក្នុង​កម្រិត​មួយ​ដ៏ទាប​ដែល​មិនអាច​ទទួ​ល​យក​បាន​ឡើយ ។

ក្រុម​គ្រួសារ​ក្មេង​ប្រុស រងគ្រោះ​បាន​និយាយ​ទៀ​ត​ថា កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវ​គោ​ក នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ហៅ​ឲ្យ​ពួក​គាត់ ដែលជា​អាណាព្យាបាល​ក្មេង​ប្រុស​រងគ្រោះ រួម​ជា​មួយ​ខាង​ភាគី​ជន​បង្ក ចូល​ទៅ​ជួប​ធ្វើ​ការដោះ​ស្រាយ​គ្នា ពីគ្រោះ​ថ្នាក់​នេះ។ ពេល​នោះ គាត់បានទៅតាម​ការ​អញ្ជើញ​របស់​នគរបាល ហើយ​ពេល​បានទៅ​ដល់​ខាង​ភាគី​ជន​បង្ក មិន​បាន​យល់​ពី​អារម្មណ៍​របស់ គា​ត់ដែល​កំពុងតែ​បាត់​បង់កូនប្រុស​ជាទី​ស្រឡា​ញ់​ម្នាក់​នោះ​ឡើយ។ ភាគី​ជន​បង្ក​បាន​មិន​ដឹង​ថា មាន​ខ្នង​ក្រាស់​ប៉ុណ្ណា​នោះ​ទេ បាន​បញ្ចេញ​អាកប្បកិរិយា ខែង​រ៉ែង​គួរ​ឲ្យ​ខឹង​ខ្លាំង​ណាស់ ៕