បញ្ជូន​ខ្លួន​នគរបាល​ជំនាញ​បាញ់ ទៅ​តុលា​ការ​ចាត់​ការ​តាម​ជំនាញ រឿង​បាញ់​ខុស​បច្ចេក​ទេ​ស ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់

ភ្នំពេញ៖ ទី​បំផុត​ទៅ​ទាល់​តែ​មាន បញ្ជា​ផ្ទាល់​ពី​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នងការនគរបាលជាតិ ទើបនគរបាល ដែល​បាញ់​ពលរដ្ឋ​ស្លាប់ នៅ​ខណ្ឌពោធិ៍សែន​ជ័យម្នាក់ ត្រូវ​បាន កម្លាំង​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​រាជធានី​ភ្នំពេញ ចាប់បាន និង​កសា​ង​សំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់​ការ​តាម​នីតិវិធី នៅរសៀលថ្ងៃទី២៣ ខែកមរា ឆ្នាំ​២០១​៨​នេះ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ជានគរបាល មានឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី (ស័ក្តិ១) ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​ពោធិ៍សែនជ័យ។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ក្បែរ​ផ្សារ​កាណា​ស៊ី​ធី មាន​ស្រុក​កំណើត​នៅ ខេត្ត​កំពង់ស្ពឺ ។

គួរ​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​​២០​១៨​កន្លង​ទៅ កម្លាំងសមត្ថកិច្ច​នៃអធិការ​ដ្ឋា​ន​ខណ្ឌ​ពោធិ៍សែនជ័យ បាន​បើក​ប្រតិ​បត្តិ​កា​រ​បង្ក្រាប​បន​ល្បែង ជល់មាន់ បៀ និង​អាប៉ោង ដ៏​ធំ​ដុះ​ស្លែ​ប្រចាំ​ខណ្ឌ នៅចំណុច​ដីឡូតិ៍​គ្មាន​លេ​ខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុង​ភូមិ​ចោម​ចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោ​ធិ៍​សែន​ជ័យ ។

នៅ​ក្នុង​ប្រតិបត្តិ​ការ ដេញចាប់​អ្នក​លេង​ល្បែង​នោះ កម្លាំង​សមត្ថកិច្ច​ប្រើ​ហេតុ​ផល​ថា ខ្លាច​អ្នក​ជល់​មាន់ មាន​អាវុធ ទើប​បាញ់​មេឃ​គំរាម មនុស្ស​ខូច តែ​មិន​ចំ​មេឃ បែរជា​ចំ​ពលរដ្ឋស្លូត​ត្រង់​បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង​ទៅ​វិញ ។