បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ៣ថ្ងៃ តំណាង​អយ្យការ​នៅ​មិន​ទាន់​សម្រេច​ថា យ៉ាង​ណា​នៅ​ឡើយ

ភ្នំពេញ៖ អស់​រយៈ​​៣ថ្ងៃ​កន្លង​ទៅ​ហើយ​ដែល ពោល​គឺ​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​មករា សមត្ថកិច្ច​ព្រ​ហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ បានបញ្ជូនខ្លួន​ជន​សង្ស័​យ ២នាក់ទៅកាន់ អយ្យការ​អមសាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី ពាក់​ព័ន្ធ​ករណី ទទួល​ផល​ចោរកម្ម ប៉ុន្តែមកដល់​ព្រឹ​ក​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តំណាង​អយ្យ​​ការនៅមិនទាន់​សម្រេចចោទ ឬមិន​ចោទ​ប្រ​​កា​ន់ លើជនសង្ស័យនៅឡើយទេ នេះបើយោង​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ
-ទី១​ឈ្មោះ គង់ ចណ្ណៈ ភេទប្រុស អាយុ ៣១​ឆ្នាំ មុខរបរជាងជួសជុល ម៉ូតូ ជនជាតិខ្មែរ​មាន​ទីលំនៅភូមិព្រៃរងៀង សង្កាត់ភ្លើង​ឆេះរ​ទេះ ​ខ​ណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ទី២ឈ្មោះ ខុក ណាក់ ភេទប្រុស អាយុ៣២​ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរ មានទីលំ​នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹងត្រាញ់ខាងត្បូង ស្រុក​សំ​រោង ខេត្តតាកែវ ស្ថិតក្រោម​ចំណាត់​ការ​របស់​លោក​ស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញា​រងអម​សា​លា​ដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​បានសមត្ថកិច្ចឃាត់​ខ្លួនកាលពី​ថ្ងៃទី​១​៩ ខែមករា ឆ្នាំ២០១៨ ពាក់ព័ន្ធករណី ទទួលផ​ល​ចោរកម្ម ទិញម៉ូតូ ពីចោរ យកទៅដូរស្លាក​លេ​ខ ទុកជិះ និងលក់បន្ត ។ របាយការណ៍សមត្ថកិច្ចជនរង​គ្រោះ​ឈ្មោះ ផ​ល ដាវី ភេទស្រី ស្នាក់ភូមិតាំងរនាម សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជ ធានីភ្នំពេញ បាន​អះ​អាង​ថា កាលពីវេលាទាបភ្លឺថ្ងៃទី១៩ ខែមក​រា ឆ្នាំ២០១៨ នាងបានបាត់ម៉ូតូមួយគ្រឿង ម៉ា​ក​ហុងដា ស្កូបពី ពណ៌ស លាយផ្កាឈូក ពា​ក់​ស្លាកលេខ ភ្នំពេញ1CM-4217 ។

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ជនរង​គ្រោះ​បាន​ប្រទះ​ឃើញ ជន​សង្ស័យ​ឈ្មោះ ខុក ណាក់ ជិះ​ម៉ូតូ​របស់​ខ្លួន ដោយបាន​ដូរ​ស្លាក​លេ​ខ ពីភ្នំពេញ1CM-4217 ទៅដាក់ស្លាក​លេខ​ភ្នំ​ពេញ 1BJ-8428 ។ ក្រោយ​ឃើញបែបនោះ ជនរងគ្រោះបានស្រែកឱ្យសមត្ថកិច្ច ជួយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ខុក ណាក់ នៅចំណុច ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់​ពង​ទឹក ខណ្ឌដង្កោ រាធានីភ្នំពេញ ។ បន្ទាប់មកសមត្ថកិច្ចបាន ឱ្យឈ្មោះ ខុក ណាក់ នាំទៅចាប់ជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ គង់ ចណ្ណៈ នៅចំណុចភូមិព្រៃរងៀង សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅចំពោះមុខ សមត្ថកច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានឆ្លើយសារភាពថា ពិត​ជា​បានទិញម៉ូតូរបស់ជនរងគ្រោះពីឈ្មោះ ភក្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រាកដមែន។ ពួក​គេឆ្លើយថា ធ្លាប់បានទិញ ម៉ូតូ ដែលឈ្មោះ ភក្តិ ដើរលួចគេបាននោះ ចំនួន ៣ដង​រួច​មក​ហើយ ប៉ុន្តែលើកនេះត្រូវសមត្ថកិច្ចចាប់បាន។

ពាក់ព័ន្ធករណីនេះ យើង​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី លោក លី សុផាណា អ្នកនាំពាក្យ​អ​យ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ បាន​នៅ​ឡើយ​ទេ អំពី​ចំណាត់​ការ​របស់​លោក​ស្រី សុង ឆវ័ន្ត ជា​តំណាង​អយ្យការ ដោយសារ​លោក​មិនបានឆ្លើយតបនឹងសួរតាម​គ្រុបTe​l​egram ដែលបានផ្ញើជូននោះទេ ៕