ជិះ​ឆក់​ទូរស័ព្ទ​ខុស​បច្ចេកទេស ទៅ​បុក​ម៉ូតូ​កង់​បី​ដួល ពលរដ្ឋ​វាយ​ជិត​ងាប់

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង ០៨និង​២០​នាទី​យប់ ថ្ងៃទី ២២ខែ មករា ឆ្នាំ ២០១៨ យុវជន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ជន​បរទេស មិន​បាន​សម្រេច ដោយ​សារ​ក្រុម​ចោរ​ខុស​បច្ចេក​ទេ​​ស ជ្រុលម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​កង់​បីដួល ទើប​ព​ល​​រដ្ឋ​ចាប់​បាន​វាយ​ជិត​ងាប់​ស្ថិតនៅតាម​ប​ណ្តោ​យផ្លូវ ១៥៤កែងផ្លូវ ១៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ សុខ ហេង អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ​និរោធ៍ សង្កាត់ ច្បាអំពៅ២ ខណ្ឌ ច្បាអំពៅ ។ ទី២-ឈ្មោះ រិទ្ធ តុលា អាយុ ១៧ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅភូមិនិរោធ៏ សង្កាត់ ច្បាអំ​ពៅ​២ ខណ្ឌ ច្បាអំពៅ ។ ពួក​គេ​មាន​មធ្យោ​បា​យ​មួយ​គ្រឿង ម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ​២០​១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-​29​3​7 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ឌុបគ្នា​បំណង​បម្រុង​ទៅ​ជួប​សង្សា​ប៉ុណ្ណោះ តែដោយសារឃើញឱកាស ល្អជន​រង​គ្រោះជាជនជាតិបរទេសកំពុងតែឈរចុចទូរស័ព្ទ ទើប​ជន​សង្ស័យ​(អ្នកឌុប) ប្រាប់អ្នកជិះ​ក្រោយ​ឆក់​តែ​អ្នក​ជិះ​ក្រោយ​មិន​ព្រម​ឆក់ ។

ជន​សង្ស័យ​បន្ត​ថា ដូចនេះ​ហើយ​ទើប​អ្នក​ឌុប​ជិះ​ចូល ជិត​ជន​បរទេសនោះ ហើយធ្វើសកម្ម​ភាព​ឆក់តែមិនបានសម្រេច ហើយអ្នក​ជិះ​ពី​ក្រោ​យ​ក៏​ភ័យ​ពេក លោត​ចុះ​ពី​លើ​ម៉ូតូ​ធ្វើ​ឱ្យ​ជន​សង្ស័យ​ជា​អ្នក​ឌុប រ៉េចង្កូត​ទៅ​បុក​គូទ​ម៉ូតូ​កង់​បី ដួល​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ជាប់ ស្វា​គ​មន៍ម្នាក់ មួយដៃមួយជើងតែម្តង ។ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​និង​ម៉ូតូ យក​ទៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ​ដើម្បី​កសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់ ៕