និស្សិត ភូមិន្ទនីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច បើក​ឡាន​បុក​ក្មេង​ស្លាប់

ភ្នំពេញ៖ បុរស​ម្នាក់​ជា​​និស្សិត ភូមិ​ន្ទ​នីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​ឆ្នាំ​ទី៣ បើក​រថយន្ដ​វ៉ាជែង​ជា​មួយ​រថយន្ដ​ផ្សេង​ទៀត​ក្នុង​ល្បឿន​លឿន​មិនប្រយ័ត្ន​បណ្ដាល​អោយ​បុក​ក្មេង​ប្រុស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ស្លាប់​ភ្លាមៗ ហេតុ​ការ​ណ៍ នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង៣០ នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០៨ នៅចំណុចផ្លូវបេតុងព្រៃ ស ភូមិត្រពាំងចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំមានទីលំនៅ ភូមិត្រពាំងចក សង្កា​ត់​ព្រៃវែង ខណ្ឌដង្កោ ។ រីឯជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ ឆ្នាំមុខរបរ និស្សិតឆ្នាំ​ទី​៣ មាន​ទី​លំ​នៅ​ភូមិ​ស្នំ​ប្រាំពី ឃុំម៉ាក់ប្រាង ស្រុក​ទឹក​ឈូ ខេត្ដ​កំពត ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រា​ប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក កាមរីបាឡែន ពណ៌​ស ដែល​ពាក់​ស្លាក​លេខ 2AQ-7081 បើកបរ​តែ​ម្នាក់​ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿ​ន​លឿន​វ៉ា​ជា​មួយ​រថយន្ដ​មួយ​គ្រឿង​ទៀត​មិន​ចាំ​​ម៉ាក​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​ប្រុស​ដែល​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែ​ង​កើត​ហេតុ​តែ​ម្ដង ។ ភ្លាមៗ​នោះ​ម្ចាស់​រថយន្ដ​ជា​ជន​បង្ក​បាន​ចុះ​ពី​រថយន្ដ​រត់​គេច​ខ្លួន ប៉ុន្ដែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព្រៃវែង ធ្វើ​ការ​ឃាត់​ខ្លួន​យក​មក​ធ្វើ​ការ​សាក​សួរ ។

បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទាំង​រថយ​ន្ដ​ទៅ​អោយ​កម្លាំង​សមត្ថកិច្ច​ចរារណ៍​ផ្លូវ​គោក​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់តុ​លា​ការ​ចាត់​ការ​តាម​នីតិវិធី ។ ចំណែកក្មេង​ប្រុស​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​វត្ដ​អង្គ​មេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕