ខឹងគេមើលមុខចុះឡើង នាំគ្នាទៅដេញកាប់​គេស្លាប់ ឯង​ដេក​​គុក

ភ្នំពេញ៖ ឃាតក​ដែល​បាន​កាប់​សម្លាប់​បុរស​ម្នាក់ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ នៅ​ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​តាម​ប្រមាញ់ ដោយ​ចាប់​ក្រុម​ឃាតក​បាន​៣​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៨នេះ នៅសង្កាត់​​ផ្សារ​ដើមគរ ខណ្ឌ​​ទួល​គោក រាជធា​នី​ភ្នំពេញ ។

ប្រតិបត្តិ​ការ​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្រោម​ការ​ណែ​នាំ​ពី នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការរង និងជា​មេ​បញ្ជា​ការ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ត​មសេនីយ៍ត្រី មាស សុវណ្ណ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​បាត់​ដំបង ដោយ​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌកងរាជអាវុធហត្ថ​ខេត្ត សហ​ការ​ជា​មួយ​កម្លាំង​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស និង​​កម្លាំង​កង​រាជអាវុធហត្ថរាជធានី​ភ្នំពេ​ញ ។

យោង​តាម​មេ​បញ្ជា​ការ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំប​ង បាន​ឲ្យ​ដឹង​ថា ​ក្រុម​ឃាតក​ដែល​ចាប់​បាន​៣​នាក់​នោះ ទី១ឈ្មោះ ជីប ធឺន ហៅ​ជៀប ធឿន ​អាយុ​២២​ឆ្នាំ, ទី២ឈ្មោះ សាយ សឹង្ហ អាយុ​១៨​ឆ្នាំ និងទី៣​ឈ្មោះ វង្ស វី ​​អាយុ​១៨​ឆ្នាំ ។

លោក​ឧត្ដម​សេនីយ៍ត្រី មាស សុវណ្ណ បាន​បញ្ជា​ក់​ថា តាម​ចម្លើយ​ឆ្លើយ​សារ​ភាព​របស់​ជន​ល្មើ​ស មូល​ហេតុ​ដែល​ពួក​គេ​កាប់ទៅ​លើ​ជន​រង​គ្រោះ គឺមក​ពីជនរងគ្រោះ​ជិះម៉ូតូ​សម្លឹង​មើល​មុខ​បក្ខ​ពួក​ខ្លួន ហើយ​ជនរងគ្រោះ​បាន​ចុះ​មក​វាយ​ពួក​ខ្លួន​មុន ទើប​ពួក​ខ្លួន​វាយ និង​កាប់​ជនរងគ្រោះ​បណ្តាល​​របួស​ធ្ងន់​រហូត​ដល់​​ស្លាប់​តែ​ម្តង ។

គួររំលឹក​ថា នៅ​យប់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ២០​១៨ នៅ​ភូមិ​​រាមគន់ ឃុំ​គារ ​ស្រុក​​មោង​ឬស្សី ខេត្ដ​​បាត់​ដំបង មាន​ករណី​ឃាតកម្ម​មួយ​កើត​ឡើង បង្ក​ដោយ​ជន​ល្មើស​មិន​ស្គាល់​សាវតា​មួយ​ក្រុម ដែល​មាន​គ្នា​ចាប់​ពី​​៥​​នាក់ ទៅ​៧​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ារ៉ៃ, កាំបិត​ប៉័ងតោ, កាំបិតខ្វែវ និង​ចបជីកដងដែក បានធ្វើ​សកម្ម​ភាពវាយ និង​កាប់ទៅលើ​ដៃគូទំនាស់​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​មាន​គ្នា​​៥​​នាក់ បណ្តាលឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ណែម ភា អាយុ​២៧​ឆ្នាំ បណ្ដា​ល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ និង​០២​នាក់​ផ្សេង​ទៀត​រង​របួស ​៕