ដាក់​គុក​មេ​​កន្ទុយ​​លេខ​២នាក់​តែ​១៥​ថ្ងៃទៀត​ អាច​ចេញ​ទៅ​រក​ស៊ី​វិញ​ហើយ

ភ្នំពេញ៖ ជា​ផ្នែក​មួយ​ដើម្បី​ចូល​រួម អនុវត្ត​នូវ​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ក្នុង​នោះ មាន​ការ​បង្ក្រាប និង​លុប​បំបាត់ ល្បែ​ង​ស៊ីសង​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក រស់ ពិសិដ្ឋ ជាចៅ​ក្រម​ជំនុំ​ជម្រះ និង​លោក ឡុង ជាប ជាតំណាង​អ​យ្យ​ការ បានបើកសវនាការ កាត់ទោស ស្ត្រី​ជា​មេ​ឆ្នោត​វៀត​ណាម ២នាក់ ដោយ​ផ្តន្ទាទោស​ឱ្យ​អនុ​វត្ត​ក្នុង​គុក​ត្រឹម​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ ។

ក្រោយសាកសួរដេញដោល ប្រមាណ២០នាទី បន្ទាប់ពីបានពិភាក្សាជាមួយលោក ឡុង ជាប រួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ ចោទ ទី១​ឈ្មោះ កែវ ដូងច័ន្ទ ភេទស្រី អាយុ ២០ឆ្នាំ និងទី២ឈ្មោះ លី ស្រីម៉ាច ភេទស្រី អាយុ ៤០ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ក្នុងម្នាក់ៗ ១ឆ្នាំ ប៉ុន្តែអនុវត្តតែ ១៥បានហើយ ដោយគិតពីថ្ងៃឃុំខ្លួនទី៥ ខែមករា ដល់ថ្ងៃ​ប្រ​កា​ស​សាលក្រម ទី១៩ ខែមករា ឆ្នាំ២០១​៨​នេះ។

សាលក្រមក៏បានដាក់ពិន័យជនជាប់ចោទ ក្នុង​ម្នាក់​ៗ ជាប្រាក់ ៤លានរៀល​ចូល​ជា​ថវិការ​ដ្ឋ​ផងដែរ ដោយយោងតាមមាត្រា ៥នៃ ច្បាប់​ស្តី​ពី ការបង្ក្រាបល្បែងស៊ីសង ។​ នៅក្នុងសវនាការជនជាប់ចោទទាំង២នាក់ បាន​សារភាព និងទទួលស្គាល់ថា ពិតជា​បាន​ជួល​ផ្ទះ​គេ រក​ស៊ី​កត់​ឆ្នោត​វៀតណាម អស់រយៈ​ពេលជិត១ឆ្នាំមែន។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ត្រូវបាន សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនកាល​ពីរ​សៀល​ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ ៧២ និង៧៦ ផ្លូូវ ១២៨ ក្រុម២០ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក ឡុុង ជាប ជាព្រះរាជអាជ្ញារង​អមសាលា​ដំបូង​រាជធានីភ្នំពេញ ក៏បានដោះលែង មេបនល្បែង​ចាក់បាល់តាមអ៊ីនធឺណេត ម្នាក់ និងបក្ខពួក ៣នាក់ទៀត ដែលសមត្ថកិច្ច​ខណ្ឌទួលគោក​ចាប់​បញ្ជូន​ទៅឱ្យ​លោកចាត់ការ​បន្ត​តាម​ច្បាប់​ផង​ដែរ នេះហើយ​ជា​សកម្មភាព​ចូល​រំលប់​បំ​បា​ត់​ល្បែងស៊ីសង និងអនុវត្តគោល​នយោបាយ​ភូមិ​ឃុំ​មានសុវត្ថភាព របស់រាជរដ្ឋាភិបាល​កម្ពុ​ជា ៕