បញ្ជូន​ខ្លួន​ស្ដ្រី​ម្ចាស់​ទីតាំង​ម៉ាស្សា​កោស​ជប់​បម្រើ​សេវា​ផ្លូវ​ភេទ​ទៅ​តុលា​ការ​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា​​ ឆ្នាំ​២០១៨ នេះ​ កម្លាំង​​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួនស្ដ្រី​ម្ចាស់ទីតាំង​ម៉ាស្សា​ម្នាក់​ទៅកាន់តុលា​ការដើម្បីចាត់ការបន្ដតាមនីតិវិធី ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានប្រាប់អោយដឹងថា ស្ដ្រីម្ចាស់ទីតាំងមាន​ឈ្មោះ​ប៉ែន រ៉ានី ភេទស្រី អាយុ​៣៩​ឆ្នាំ ជន​ជាតិខ្មែរ ស្នាក់​នៅ​​ផ្ទះ​ស្ថិត​នៅ​ផ្ទះ​លេខ6F ផ្លូវ​លឹម​ឈាង​ហាក់​​ទី៣ ភូមិកន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​​​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថា​ កាលពីយប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជននៃ​ស្នង​​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប ហាង​ម៉ាស្សា មួយក​ន្លែ​ង យី​ហោ តំលៃ​៣​$ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​6Fផ្លូវ​លឹម​ឈាង​ហាក់​ទី​៣ ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ និង​ឃាត់​ខ្លួន ថៅ​កែ​ស្រី​ម្នាក់ និង​មនុស្ស​ស្រី៥​នាក់​ក្នុ​ងនោះ​ក្មេង​ស្រី​១​នាក់​ជា​អនីតិជន ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ប្រព្រឹត្ត​សញ្ចា​កម្ម ប្រតិបត្តិ​ការ​នេះ ដោយ​មាន​ការ​សម្រប​សម្រួល ពី​លោក គុជ គីមឡុង ព្រះ​រាជ​អាជ្ញា​រង អយ្យកា អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការ​បញ្ជា​ផ្ទាល់​ដោយ លោក ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិ​ខុម ស្នងការរង​ទទួ​ល​​ផែន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជាធានី​ភ្នំពេញ ៕