ឈ្មួញ​​នាំ​​ចូល​​រថយន្ត​​គេច​ពន្ធ ដាក់​លក្ខ​ខណ្ឌ​២ ឲ្យ​​មន្ត្រី​​គយ​​ជ្រើស​រើស

ខេត្តកោះកុង៖ ពិតជា​រឿង​មួយអស្ចារ្យ ករណី​លួច​នាំ​ចូល​រថយន្ត​ទំនើបម៉ាក​ឡិច​ស៊ី​ស៥៧០ ចំនួន​២​គ្រឿង គេចពន្ធហើយ ថែម​ទាំង​គំរាម​បាញ់​សមត្ថកិច្ទទៀត ​ហើយអ្វីកាន់តែ​ពិសេស​នោះគឺឈ្មួញ​មាន​អំណាច​ម្នាក់ ហ៊ាន​ដាក់​ល​ក្ខ​ខណ្ឌ​២​ចំណុច ឲ្យ​មន្ត្រី​គយជ្រើសរើស​ថា បើ​បង់ពន្ធ​ពិន័យ​មិន​ចូលខ្លួន​បង់​ទេ តែបើ​ចូល​ខ្លួ​ន គឺ​បង់ពន្ធ​ធម្មតា កាលពីម៉ោង​៣​និង​៣០​នា​ទី​​រសៀល ថ្ងៃ​ទី​១៦ មករា ២០១៨ ។

ឈ្មួញ​យក​លក្ខខណ្ឌ​ចំនួន​២ មក​គំរាម​សម​ត្ថ​កិច្ច​នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​គយ​ចល័ត​តំបន់ ប្រចាំ​ផ្លូវជាតិ​លេខ​៤ និង​គយ​ខេត្តកោះ​កុង​​គ្រប់​ស្នាក់​ការ រួម​ទាំង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ជា​ច្រើន​នាក់​ទៀត បាន​ប្រើ​អូ​ប័​រ​ប្រដេញ​ចុះ​ឡោម​ព័ទ្ធ​ទូក​មួយ​គ្រឿង​ដឹក​រថយន្ត​គេច​ពន្ធ ប្រើ​ពេល​មួយ​យប់​ទល់​ភ្លឺ​ថ្ងៃ​ទី​១៣​ឈាន​ចូល​ទី​១៤ មក​រា ២០១៨ ដែល​ឈ្មួញ​មាន​អំណាច​កំពុង​ធ្វើ​សកម្មភាព​ដឹក​រថយន្ត​ស៊េរី​ទំនើប ផលិត​ឆ្នាំ​២០១៨ ម៉ាក​ឡិច​ស៊ី​ស ៥៧០ គេចពន្ធ​ចំនួន​២​គ្រឿង ចេញពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ដៃសមុទ្រ​មួយ ត្រង់​ចំណុច​ភូមិ​តា​ចាត ឃុំ​ទួល​គគី ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។ តាម​សេចក្តី​រាយ​ការ​ណ៏ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ស្ទាក់​ចាប់​រថយន្ត​ទំនើប​ទាំង​២​គ្រឿង​នេះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ទទួលបញ្ជា​ផ្ទាល់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ពី​លោក​អគ្គនាយក និង​រដ្ឋាករ​កម្ពុជា​តែ​ម្តង ពោល​គឺ​មិន​អោយមេ​សាខា​គយ​​​ថ្នាក់​ក្រោម​ដឹង​ឡើយ ។

សេចក្តី​រាយ​ការ​ណ៏ បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក កែវ អង្កាម ប្រធាន​ស្នាក់​ការ​គយ​ចល័ត​តំបន់ ទទួល​បន្ទុក​ផ្លូវជាតិ​លេខ​៤ ហើយ​ការ​តាម​ប្រមាញ់​នេះ ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​មែន នៅ​វេលា​រំលង​អធ្រាត្រ​កម្លាំង​សមត្ថកិច្ច ក៏​បាន​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​ដឹក​រថយន្ត​ទំនើប​ទាំងនោះ ចូល​មក​ដល់​គោលដៅ ដែល​បាន​កំណត់​ទុក ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​ពេល​ដែល​អូ​ប័​រ​សមត្ថកិច្ច​ចូល​ទៅ​ជិត​ទូក​ដឹក​ទំនិញគេចពន្ធ ក៏​លឺ​សម្លេង​ស្រែក​គំរាម​ខ្លាំង​ៗ​ចេញពី​ក្នុង​ទូក​នោះ​ថា «​បើ​ពួក​ឯង​ហ៊ាន​ចូល​មក​…​អញ​នឹង​បាញ់​អោយ​ងាប់​» ។ ដោយសារ​យប់​ងងឹត​ផង ហើយ​អូ​ប័​រ​សមត្ថកិច្ច​តូច​ទៀត ក៏​សម្រេចចិត្ត​ឈប់​នៅ​ស្ងៀម ជា​ហេតុ​ធ្វើ​អោយ​ទូក​ខាងលើ បើក​គេច​ចេញ​ទៅ​ក្នុង​លំហ​សមុទ្រ​វិញ​បាត់​ទៅ ក្រោយមក​កម្លាំង​សមត្ថកិច្ច ក៏​ត្រូវ​ដក​ឡើង​លើគោក​វិញ​អស់​ដែរ ។

ប្រភព​ពី​មន្ត្រី​ស្នាក់​ការ​គយ​ម្នាក់​សុំ​មិន​ចេញ​ឈ្មោះ បានខ្សឹបប្រាប់​ថា ឈ្មួញ​មាន​អំណាច​ម្នាក់​នេះ បើ​ចង់​ដឹង​ថា ជា​នរណា ទាល់តែ​អ្នក​សារព័ត៌មាន​ទៅ​សួរ​មេ​សាខា​គយ​កោះកុង ព្រោះ​គាត់​ស្គាល់​ឈ្មួញ​នោះ​ច្បាស់​ណាស់ ។ ប្រភព​ដដែល បង្ហើប​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ឈ្មួញ​មាន​អំណាច​ដ៏​ល្បី​ម្នាក់​នេះ សុំ​ចូលខ្លួន​បង់ពន្ធ​ស្របច្បាប់ ដែល​មាន​តម្លៃ​ពន្ធ​ប្រមាណ​១២​ម៉ឺន​ដុល្លារ​ក្នុង​រថយន្ត​ទំនើប​មួយ​គ្រឿង ។

ប្រភព បាន​បញ្ជាក់​ទៀត​ថា ទោះបី​ឈ្មួញ​បាន​សុំ​ចូលខ្លួន​បង់ពន្ធ​ក៏​ពិតមែន បាន​បង្វែរ​ពី​ការ​គេចពន្ធ​តាម​សមុទ្រ​មក​សុំ​ចូល​បង់ពន្ធ​ស្របច្បាប់​តាម​ផ្លូវគោក​ដោយ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​វិញ ប៉ុន្តែ​ឈ្មួញ​បាន​លើកយក​លក្ខខណ្ឌ​ចំនួន​២​ចំណុច សម្រាប់​ឲ្យ​មន្ត្រី​គយ ជ្រើសរើស​ថែម​ទៀត គឺ​ទី​១- បើ​បង់ពន្ធ​ពិន័យ មិន​ចូលខ្លួន​បង់​ទេ (ព្រោះ​សមត្ថកិច្ច​ចាប់​រថយន្ត​ទំនើប​ទាំងនោះ​មិន​បាន) និង​ទី​២-​សុំ​បង់​ដោយ​ស្របច្បាប់ ។ សេចក្តី​រាយ​ការ​ណ៏​ចុង​ក្រោយ បានអោយ​ដឹង​ថា ទីបំផុត​ទៅ មន្ត្រី​គយ​ថ្នាក់លើ​បាន​ឯកភាព​គ្នា ដោយ​រើស​យក​លក្ខខណ្ឌ​ទី​២ របស់​ឈ្មួញ​ដ៏​មាន​អំណាច​កប់​ពពក​ម្នាក់​នេះ​ហើយ ៕