ឆក់កាបូបជនបរទេសក្បែរវិមានសន្តិភាព មិនសម្រេចហើយ ជាប់ខ្នោះ
|ភ្នំពេញ៖ បុរស៣នាក់ក្នុងនោះមានម្នាក់ ជាមន្ត្រីយោធាក្រសួងការពារជាតិផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបបរទេសមិនបានសម្រេច កាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចវិមានសន្តិភាព ស្ថិតក្នុងសង្កាត់វាងវង់ ខណ្ឌ៧មករា ។
ជនសង្ស័យទាំង៣ រួមមាន ទី១-ឈ្មោះ សមុទ្រ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (នៅផ្ទះ) ទី២-ឈ្មោះ អោប ធីរូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ទាហានក្រសួងការពារជាតិ ឋានៈអនុសេនីយ៍ត្រី និងទី៣-ឈ្មោះ ប្រុស ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងទូរស័ព្ទ ។
បើតាមសាក្សីជាអ្នករត់កង់បី ដែលដឹកជនរងគ្រោះបានប្រាប់ថា នៅវេលាកើតហេតុខាងលើ ខណៈខ្លួនដឹកជនរងគ្រោះដល់ចំណុចកើតហេតុ ក៏ពើបប្រទះជនសង្ស័យទាំង៣ ហើយពួកគេបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសរូបនោះ ប៉ុន្តែមិនបានសម្រេច។ ពួកគេបានប្រើប្រាស់ម៉ូតូ២គ្រឿង មានម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ចំនួន១គ្រឿង និងម៉ាក និច ចំនួន១គ្រឿង សម្រាប់ធ្វើសកម្មភាព ។ ទោះជាយ៉ាងណា ជនរងគ្រោះជាជនជាតិបរទេស មិនព្រមដាក់ពាក្យបណ្តឹងឡើយ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕