សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះ​សំណាល និង​ពិសារ​បាយ​​ជា​មួយ​បង​ប្អូន ធាក់​ស៊ី​ក្លូ​នៅ​កោះពេជ្រ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៨​នេះ បន្ទា​ប់ពី​បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍​យោធា និង​កីឡា​កង​ទ័ព​រួច​ហើយ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ព្រម​ទាំង​ពិសារ​អាហារ​ជា​មួយ​បង​ប្អូន​អ្នក​​ធាក់​ស៊ី​ក្លូ ក្នុង​រាជធា​នី​ភ្នំពេញ​ចំនួន ៣០៨​នាក់ ដែលធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ។ យើង​ដឹង​ហើយ​ថា ស៊ីក្លូ គឺ​ជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​យើង​ដែរ ដែល​យើង​ត្រូវ​នាំ​គ្នា​ថែ​រក្សា​កុំ​អោយ​បាត់​បង់ ។

នៅ​ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្រ្តី បានប្រកាស​បើក​ជា​ផ្លូវ​ការ​នូវ “សមាគម​មូល​និធិត្រី​ចក្រយាន (មូល​និធិ​ស៊ី​ក្លូ) ។ មូល​និធិ​នេះ គឺ​ចាប់​ផ្តើម​ពី​ថវិកា​សប្បុ​​រ​ស ៥០០ លាន​រៀល ដែល​បាន​ទទួល​ពី​សប្បុរ​សជន​នានា និង​ពាណិជ្ជករ​នៅ​ក្នុង​ប្រទេស ។ បង​ប្អូន​អ្នក​ធាក់​ស៊ី​ក្លូ គឺ​អាច​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​សមាគ​បាន ដោយ​មិន​តម្រូវ​អោយ​បង់​ប្រាក់​សមាជិក​ឡើយ ។
សមាជិក​ទាំង​អស់​នឹង​ទទួល​បាន​នូវ​ផល​ប្រយោជន៍​មួយ​ចំនួន​ដូច​ជាៈ
១)ប្រាក់​ជួល​ស៊ី​ក្លូ​ប្រចាំ​ថ្ងៃ ២,០០០៛
២) ប្រាក់​អាហារ ៥,០០០៛
៣) សេវា​ថែ​ទាំ​សុខ​ភាព និង​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូល​និធិ​សម​ធម៌ ។

ក្រៅ​ពី​ផល​ប្រយោជន៍​ខាង​លើ គឺសមាគម​នឹង​ពិចារណា​ក្នុង​ការ​ផ្តល់​ការ​ឧបត្តម្ភ​បន្ថែម​ជូន​ប ងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ ដូច​ជា ក្នុង​រដូវ​បុណ្យ​ទាន (ចូល​ឆ្នាំ និង​ភ្ជុំ​បិណ្ឌ មរណៈភាព…ជា​ដើម)។ សម្តេច​តេជោ ហ៊ុន សែន ត្រូវ​បាន​ជ្រើស​តាំង​ជា ប្រធាន​កិត្តិ​យស​របស់ “សមាគម​មូល​និធិត្រី​ចក្រ​យាន (មូល​និធិ​ស៊ីក្លូ)”។ នៅថ្ងៃ​នេះ​បង​ប្អូន​សមាជិក​អ្នក​ធាក់​ស៊ីក្លូ​ទាំង​៣០៨​នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៥៧ម៉ឺនរៀល (៥០​,០០០៛ ជា​អំណោយ ពី​សម្តេចតេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត និង ៧០,០០០៛ ប្រាក់​​ពី​មូលនិធិ) ព្រមទាំង ភួយ, អាវរងារ, កន្សែង,​ក្រមា អាវភ្លៀង និង​មុង ។ មូលនិធិទាំងនេះ គឺ​ដាក់​នៅ​ក្នុង​កាត Wing ដែល​បង​ប្អូន​ងាយ​ស្រួ​ល​អាច​បើក​នៅ Wing នៅ​គ្រប់​ទី​កន្លែង។ នេះ​​គឺ​ជា​យក​ចិត្តទុកដាក់​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​ទាំង​ទ្វេ ដើម្បី​អោយ​ជីវិត និងជីវភាព​រស់​នៅ​របស់​លោក​តា អុំ ពូ និងបងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​ទូ​ទាំង​ប្រទេស​កាន់​តែ​ប្រសើរ​ឡើង ។ សូម​បង​ប្អូន​អ្នក​ធាក់​ស៊ីក្លូ គោរព​ច្បាប់​ចរាចរណ៍ កុំប្រើ​ប្រាស់​គ្រឿង​ស្រវឹង ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេង​ៗ ។

សូម​ក្រុម​ហ៊ុនទេសចរណ៍​ជួយ​ទាក់​ទាញ​ទេស​ចរណ៍​បរទេស​អោយ​ចូល​រួម​ប្រើ​ប្រាស់​ស៊ី​ក្លូ។ យើង​ចូល​រួមជិះស៊ីក្លូ ដើម្បី​ជួយ​លើក​ស្ទួយ​ជីវ​ភាព​បង​ប្អូន​ស៊ី​ក្លូ ។ ស៊ីក្លូ គឺ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ក្នុង​ទី​ក្រុង ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់​សប្បុរជន​ទាំង​អស់​ដែល​បាន​ឧបត្ថម្ភដល់​មូល​និធិស៊ីក្លូ​ថ្ងៃ​នេះ និង​បន្ត​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ។ នៅ​ថ្ងៃ​នេះ​ មូល​និធិសរុបដែល​ទទួល​បាន​ជា​បឋ​​ម​គឺ​មាន ប្រាក់​វិភាគ​ទាន​សម្តេចតេជោ និង​សម្តេ​ចកិត្តិ ២៤០,០០0ដុល្លារ និង​ប្រាក់​សប្បុរ​ជន​ជាង ២០០,០០០ ដុល្លារ​ថែម​ទៀត ៕