មន្រ្តី​កាំ​កុង​ត្រូល បន្ដ​ចុះ​ត្រួត​ពិនិត្យ​តាម​បណ្តា​ស្ថានីយ​-ដេប៉ូ​ប្រេងឥន្ធនៈ​មួយ​ចំនួន ​នៅ​ខេត្ត​រត​នគិរី

រតនគិរី៖ អគ្គនាយកដ្ឋាន​កាំកុង​ត្រូល នៃ​ក្រសួ​ង​ពាណិជ្ជ​កម្ម តាម​រយៈ​រថយន្ត​មន្ទីរ​ពិសោធន៍​ប្រេង​ឥន្ធនៈ​ចល័ត ដឹក​នាំ​ដោយ លោក គឿន ភិរុណ ជា​អនុ​ប្រធាន​​នាយក​ដ្ឋាន សហការ​ជា​មួយ​មន្រ្តី​ជំនាញ​របស់​មន្ទីពិសោធន៍ លោក ហេង សាយ ប្រធានសាខា​កាំកុង​ត្រូល​ខេត្ត​រតន​គិរី និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានចុះ​ត្រួត​ពិនិត្យ​បរិមាណ និង​គុណ​ភាពប្រេងឥន្ធនៈ​នៅ​តា​ម​ស្ថានីយ និង​ដេប៉ូ​មួយ​ចំនួន ដែល​មាន​ទី​តាំ​ង​នៅ​ក្រុង​បាន​លុង ស្រុក​បរកែវ និងស្រុក​អូ​​យ៉ា​ដាវ ។

ប្រតិបត្តិ​ការ​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុង​គោល​បំ​ណ​ង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​អ្នក​ប្រើ​ប្រាស់ ការពារ​គ្រឿង​ម៉ាស៊ីន នៃយាន​ជំនិះ​គ្រប់​ប្រភេទ និង​ការពារ​បរិស្ថាន​ដែល​កើត​ចេញ​ពី​ចំ​ហេះ​ប្រេង​ឥន្ធនៈ​មិន​សម​ស្រប និង​ពិសេស​ដើ​ម្បី​ទប់​ស្កាត់​ការ​កែ្លង​បន្លំ ។ ការ​ត្រួត​ពិនិត្យ​គុ​ណ​ភាព និង​បរិមាណ​នេះ គឺ​ផ្នែក​ទៅ​លើ​ឧប​ករណ៍​ត្រួត​ពិនិត្យ​នៅ​នឹង​កន្លែង ដូចជា ធុង​ក្រឹត​មាន​មាឌ​ជាក់​លាក់ សម្រាប់​វាស់​បរិមាណ​ប្រេង​ដែល​បាញ់​ចេញ​ពី​​កុងទ័រ តាម​ទំហំ​ផ្សេង​ខុស​គ្នា​មាន ចំណុះ​​២​លីត្រ ៥​លីត្រ ១០​លីត្រ និង​២០​លីត្រ។ ចំណែក​សន្ទស្ស៍​អុក​តាន និង​សេ​តាន​វិញ គឺ​ប្រើ​ឧបករណ៍ក្នុង​រថយន្ត​មន្ទី​ពិសោធន៍​ចល័ត​ ។

ជា​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​គុណភាព និង​បរិមា​ណ​ប្រេង​ឥន្ធនៈ​របស់​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​​ទាំង​​១០​​កន្លែង នៅទីតាំង​​ខាង​លើ​នេះ​គឺ​មាន ស្ថានីយ​ក្រុម​ហ៊ុន និង​ដេប៉ូ​​០៤​កន្លែង ដែល​មាន​អនុ​លោម​ភាព​លើ​ផ្នែក​គុណ​ភាព និង​រង្វាស់​រង្វាល់ ចំណែក​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​​០៦​​កន្លែង​ទៀត មានកង្វះ​បរិមា​ណ​ប្រេង មិន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​រង្វាស់​រង្វាល់​ឡើយ ។​ ក្រុម​មន្ត្រី​ត្រួត​ពិនិត្យ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ក្រុម​ហ៊ុន និង​ដេប៉ូ​ធ្វើ​កិច្ច​សន្យា​កែ​តម្រូវ​ម៉ាស៊ីន​លក់​ប្រេង តាមការ​ធ្វើ​ព្យាស​កម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើង​វិញ ពីស្ថាប័ន​មាន​សមត្ថ​កិច្ច​ ៕