សួន​​សត្វ​​ធំ​​ជាង​​គេ​​ទី​១​​នៅ​​ក្បែរ​​ភ្នំពេញ​​ចេញ​​ថ្លៃ​សំបុត្រ​​ចូល​​ទស្សនា​​ជា​​ផ្លូវ​ការ​​ហើយ !

សួន​​សត្វ​​ដ៏​​ធំ​​ជាង​​គេ​​បំផុត​​នៅ​​កម្ពុជា និង​​ជា​​ព្រៃ​កម្សាន្ត​​ភ្នំពេញ​​ទី​​មួយ ដែល​​មាន​​ឈ្មោះ​ថា ភ្នំពេ​ញ​​សាហ្វារី នឹង​​ចាប់​​បើក​​ដំណើរ​ការ​​ឲ្យ​ប្រជា​ជ​ន​​ចូល​​ទស្សនា​​កម្សាន្ត នៅ​​ចុង​​ឆ្នាំ​​២០១៧ និង​ដើម​​ឆ្នាំ​​២០១៨​​ខាង​​មុខ​​នេះ​​ហើយ ។ សម្រាប់​តម្លៃ​​សំបុត្រ​​ចូល​​ទស្សនា​​សួន​​សត្វ​​ដ៏​​ធំ​​នេះ ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សួន​សត្វ​នេះ ប្រា​ប់​​ឲ្យ​​ដឹង​​ថា សម្រាប់​​ក្មេង សំបុត្រ​​៦​​ដុល្លារ ទៅ ៨​​ដុល្លារ និង​​មនុស្ស​​ធំ​​តម្លៃ ១០ ទៅ ១២​​ដុល្លារ​អាមេរិក អាច​​ទស្សនា​​កម្សាន្ត​​ពេញ​​មួយ​​ថ្ងៃ​​តែ​ម្តង ។

សួន​​សត្វ​​ធំ​​ជាង​​គេ​​បង្អស់​​នៅ​​កម្ពុជា បើក​​ឲ្យ​ភ្ញៀវ​​ចូល​​ទស្សនា​​នៅ​​ចុង​​ឆ្នាំ​​២០១៧​​នេះ​​សួ​ន​​សត្វ​​ធំ​​ជាង​​គេ​​បង្អស់​​នៅ​​កម្ពុជា បើក​​ឲ្យ​​ភ្ញៀវ​ចូល​​ទស្សនា​​នៅ​​ចុង​​ឆ្នាំ​​២០១៧​​នេះ ។ បើ​​តាម​​ការ​​ឲ្យ​​ដឹង​​ពី​​លោក Jare. Khan man អ្នក​​គ្រប់​គ្រង​​ទូទៅ សួន​សត្វ​ភ្នំពេញ សាហ្វារី បាន​​ឲ្យ​​ដឹង​​ថា សួន​​សត្វ​​ថ្មី​​នេះ បាន​​វិនិយោគ​សាង​សង់​​ក្នុង​​ទឹក​​ប្រាក់​​អស់​​ប្រមាណ​​ជាង ១០​លាន​​ដុល្លារ​​អាមេរិក ។ សួន​​សត្វ​​ដ៏​​ធំ​​ជាង​​គេ​​មួយ​​នេះ សាង​សង់​​នៅ​​លើ​ផ្ទៃ​​ដី​​ជាង ៦០​​ហិកតា ក្នុង​​ជំហាន​​ទី១ ដែល​ហ៊ុម​ព័ទ្ធ​​ទៅ​​ដោយ​​រចនាបថ​​ដ៏​​សម្បូរ​​បែប​​លំ​នាំ​តាម​​សម័យ​​អង្គរ ទាំង​​ក្នុង​​និង​​ក្រៅ អម​​ជា​មួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា ជា​តំបន់​ទេស​ចរ​ណ៍​​ដ៏​​សំខាន់​​សម្រាប់​​សម្រាក​​លំ​ហែ​​កាយ ។

សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​ឯកឧត្តម​ អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិ​វឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ច​ង្វារ​ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេ​ញ ​។ លោក Jare Khan man បាន​បញ្ជាក់ លក្ខ​ណៈ​​ពិសេស​របស់​សួន​សត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉​ង់​អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត ។

លោក​បន្ត​ថា ក្រៅពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត មាន​រថភ្លើង​ជិះ​មើល​សត្វ និង​កន្លែង​ក្មេង​លេង​ផង​ដែរ ។ លោក Jare សង្ឃឹម​ថា នៅពេល​ដែល​សួន​សត្វ​ដ៏​ធំ​នេះ​ដំណើរការ​ជា​ផ្លូវការ​វា​មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ក្រៅ​ប្រទេស មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ដោយសារ​តែ​វា​ជា​សួន​សត្វ​ធំ​ទី១​នៅ​ភ្នំពេញ។ បច្ចុប្បន្ន សួន​សត្វ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជា​ច្រើន​ទាក់ទងមក ដើម្បី​នាំ​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​សួន​សត្វ​នេះ​ផង​ដែរ។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​នឹង​ខិតខំ​ផ្សព្វផ្សាយ​និង​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ហើយ​តាមរយៈ​ការ​វិនិយោគ​សួន​សត្វ​នេះ ក្រុមហ៊ុន​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជា និង​អន្តរជាតិ ផង​ដែរ ។ សូម​ជម្រាប​ផង​ដែរ​ថា ការ​វិនិយោគ​សួន​សត្វ​កម្សាន្ត​ដ៏​ធំ​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​ជា​ច្រើន​ដែល​កំពុង​ដំណើរការ​ក្នុង​​ទីក្រុង​រណប របស់​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់។ ជាក់ស្តែង ក្រុមហ៊ុន​ទើប​តែ​ប្រកាស​វិនិយោគ​គម្រោង​ថ្មី​មួយ​ទៀត​ទៅ​លើ​សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ក្នុង​ទឹក​បា្រក់ ៣០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់​ផ្តើម​សាងសង់​ក្នុង​ខែ​នេះ​ហើយ នៅ​ទល់​មុខ​នឹង​សួន​សត្វ​ភ្នំពេញ​នេះ ៕