រឿង​ហិង្សារវាង​មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ជាប់​កិច្ច​សន្យា ដែល​កក្រើក​ពេញ​ហ្វេស​បុក​នោះ ពេល​នេះ​ភាគី​រងគ្រោះ បាន​មក​ពឹង​ពាក់​មេធាវី អោយ​ជួយ​ការ​ពារ​ផ្លូវច្បាប់

រាជធានីភ្នំពេញ៖ មន្ត្រី​​ជាប់​កិច្ច​សន្យា ​នៃ​ការិ​យាល័យ​​នគរបាល​​ចរាចរណ៍​​ផ្លូវ​គោក ដែល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់ មន្ត្រីនគរបាល​មួយ​រូប បាន​វាយ​ដំ​ទាត់​ធាក់ កាល​ពី​ថ្ងៃ​ទី៩ ខែ​មក​រា ឆ្នាំ​២០​១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣១៥ កែង​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នោះ ពេល​នេះ​ជន​រងគ្រោះ​បាន​មក​ពឹង​ពាក់ ក្រុម​មេធាវី​នៅ​ការិយាល័យ​មេធាវី​យុត្តិ​ធម៌ និង​សហការី ដែល​មានទីតាំងស្ថិត​តាមបណ្តោយ​ផ្លូវ​៣៧១ ក្នុង​ភូមិ​ត្នោត​ជ្រុំ៥ សង្កាត់បឹងទំពុ​ន​២ ខណ្ឌ​មាន​ជ័យ ដើម្បី​ការពារផ្លូវច្បាប់​ទាក់​ទង​នឹង​អំពើ​ហិង្សា​ខាង​លើ ។

ជនរងគ្រោះមានឈ្មោះអឿ​ន ចំណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត កណ្តាល ជា​ មន្ត្រី​ជាប់កិច្ចសន្យា ​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។​និងមន្ត្រីនគរបាល​ដែល​ប្រើហិង្សាមានឈ្មោះសៅ បញ្ញា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦​ង​អា ផ្លូវ​២៧១ សង្កា​ត់​​ទួល​ទំពូង​២ ខណ្ឌចំការមន ជាមន្ត្រីបម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប ​នៃ​នាយ​កដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ ។

គួរបញ្ជាក់ថា មូលហេតុ ដែលមន្ត្រី​ជាប់​កិច្ច​សន្យា​រូបនេះ រត់មកពឹងពាក់ក្រុមមេធាវី នៅ​ការិយាល័យ​ខាង​លើ គឺដោយសារ​កន្លង​មក​លោក​ឧត្តម​សេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បាន​សម្រេ​ច​ជ្រើស​តាំង​ក្រុម​មេធាវី នៃការិយាល័យ​មេធាវី​យុត្តិធម៌ និងសហការី ដើម្បីការពារ​នគរបាល​ចរាចរណ៍ ដែលអនុវត្តច្បាប់ចរាចរណ៍​នៅ​ទូទាំ​ង​ប្រទេស ដោយមានលោកមេធាវីអ៊ូ វុធ ជាអ្នក​ប្រតិ​បត្តិ​ផ្ទាល់ ទើបសំណុំរេឿង​របស់​មន្ត្រី​ជាប់​កិច្ច​សន្យាខាងលើ ត្រូវបានការពារក្តី ដោយ​ក្រុមមេធាវីការយាល័យមួយនេះ ។

ជុំវិញ​តាម​រេឿង​ខាង​លើ បើតាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ អោយ​ដឹង​ថា ដំ​ណើ​រ​រេឿង​មុនឈានដល់កើត​មាន​ជា​អំពើ​ហិ​ង្សា គឺ​ដំបូងឡើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា លោក​មន្ត្រីនគរបាលសក្តិ៤សៅ បញ្ញា ក្នុង​សម្លៀក​​បំពាក់​​ស៊ី​វិល​​បាន​​ជិះ​​រថយន្ត​​មួយ​គ្រឿ​ង ធ្វើ​​ដំណើរ​​មក​​ពី​​ផ្ទះ​​ឪពុក ដែល​​ស្ថិត​​នៅ​សង្កាត់​​គីឡូ​ម៉ែត្រ​​លេខ​​៦ ខណ្ឌឫស្សីកែវ ។ លុះ​​បើក​​ទៅ​​ដល់​​ចំណុច​​ភ្លើង​ស្តុប​​ផ្លូវ​លេខ​៥៩៨ កែង​​នឹង​​ផ្លូវ​​លេខ​​៣១៥ (​ភ្លើងស្តុប​ត្រឡោក​បែក​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ឃាត់ ដោយ​លោក​ស័ក្តិ​៤​រូប​នោះ បើកបរ​រថយន្ត​មិន​គោរព​ច្បាប់ អត់​ពាក់​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព ។ នៅ​ពេល​នគរបាល​ចរាចរណ៍ ដែល​ក្នុង​ចំណោ​ម​នោះ​​ក៏​​មាន​​មន្ត្រី​​ជាប់​កិច្ច​សន្យា​​ម្នាក់​​បាន​ឃា​ត់​​​រថយន្ត​​នោះ ដើម្បី​​ធ្វើ​ការ​​ផាក ពិន័យ​​តាម​ផ្លូវច្បាប់​ចរាចរណ៍​។ ពេល​ឃាត់​នោះ​លោក​ស័ក្តិ​៤​មិន​ព្រម​ចេញពី​រថយន្ត​ទេ និង​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​លើ​សមត្ថកិច្ច​ចរាចរណ៍​ទៀត​ផង ហើយ​ថែម​ទាំង​បិទ​កញ្ចក់​រថយន្ត​វិញ និង​បម្រុង​បើក​ចេញ ។

តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងទៀត​ថា ខណៈ​ពេល​រថយន្ត​លោក​ស័ក្តិ​៤ បម្រុង​វិល​កង់ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជាប់កិច្ចសន្យា​បាន​បន្លឺ​ពាក្យ​ថា មនុស្ស​ឈ្លើយ​អ៉ី​​ចឹ​ង​​បាន​តែ​ត្រូវ​ក្បាល​មួយ​អាយ​ឌី ។ ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​លោក​សក្តិ​៤​នោះ​ឆេះដុំ និង​ងាក​មក​តប​វិញ​ថា មិន​អី​ទេ​ហែ្អ​ង​…​រួច​ក៏​បើករថយន្ត​យ៉ាង​លឿន​បោះពួយ​ចេញពី​គោលដៅ​នោះ​បាត់​ទៅ ។ លុះ​ថ្ងៃ​ទី​៩ មក​រា លោក​សក្តិ​៤ សៅ បញ្ញា ក្នុង​ឯក​សណ្ឋាន​ប៉ូ​លិ​ល​ទំនង​ទើប​ចេញពី​ធ្វើការ​បាន​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២.AT ៩០៩៩ ជិះ​ទៅ​អែប​លើ​ចិញ្ចើម​ផ្លូវ​គោលដៅ​ភ្លើងស្តុប​ត្រឡោក​បែក​នោះ រួច​ហើយ​បាន​ចុះ​ពី​រថយន្ត​ដើរ​សំដៅ​ទៅ​រក​ប៉ូលិស​ចរាចរណ៍ ដែល​កំពុង​ឈរជើង​សម្រួល​ចរា​ចរ​ណ៍ ចាប់​ក្របួច​ក​អាវ​ពីក្រោយ រុញ​ចូល​ក្នុង​យា​នដ្ឋាន​មួយ​ដែល​នៅ​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ អឿ​ន ចំណាន មួយ​ដៃ​បណ្តាល​ឲ្យ​ជ្រុះ​វិទ្យុទាក់ទង​(​អាយ​ឌី​) ។

ភ្លាម​នោះ ​លោក អឿ​ន ចំណាន បាន​លុត​ជង្គ​ង់​លើកដៃ​សំពះសុំទោស ព្រោះ​ឃើញ​ពាក់​ឯ​ក​សណ្ឋាន​សក្តិ​៤ ។ ទោះជា​មានការ​អង្វ​ករ​យ៉ាង​ណា​ក៏​ដោយ លោក​សក្តិ​៤ សៅ បញ្ញា បញ្ជា​ឲ្យ​ជន​រង​គ្រោះ​លុតជង្គង់​សំពះ​រួច​ហក់​ធាក់​មួយ​ជើង​ចំ​ដើមទ្រូង បណ្តាល​ឲ្យ​ឈ្មោះ អឿ​ន ចំ​ណាន ខ្ទាត​ទៅ​ក្រោយ​ជាង​មួយ​ម៉ែត្រ​គឺ​មួយ​ជើង​ផ្លោង​មនុស្ស​ទៅ​ក្រោយ ។ ឃើញ​ដូច្នោះ​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ឈរ​នៅ​គោល​ដៅ​​ជា​មួយ​គ្នា បាន​ឃាត់ បាន​អង្វរ​សុំ​កុំ​ធ្វើបាប​អី​…​ព្រមទាំង​បាន​ធ្វើការ​សម្របសម្រួល​គ្នា ទើប​ស័ក្តិ​៤ សៅ បញ្ញា ឡើង​ជិះ​រថយន្ត​បើក​ចេញ​យ៉ាង​ក្រអឺតក្រទម​ទៅ​បាត់​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ​ស្រាប់តែ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងស្រុក បាន​បង្ហោះ​រូបភាព និង​សកម្ម​ភាព ដែល​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព​ដាក់​តាម​ផ្លូវ​សាធារណៈ​យ៉ាង​ព្រោងព្រាត បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ស្រប​ពេល​នោះ​លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅ​នាយ​ឧត្តមសេនី​យ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្តី​ពី​រឿងអាស្រូវ​នេះ ក៏​មាន​បទបញ្ជា​ឲ្យ​ទាក់ទង​ទៅ​លោក​ស័ក្តិ​៤ សៅ បញ្ញា ឱ្យ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​នគរបា​ល​​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​លើ​ករ​ណី​​​ប្រើ​ហិង្សា​ដោយ​ចេតនា​នេះ ។

ក្រោយ​ពី​នគរបាល​ចរាចរណ៍​សាកសួរ​ទៅ​ឃើ​ញ​ថា នោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែ​ង ជនសង្ស័យ​ឈ្មោះ សៅ បញ្ញា ត្រូវ​បាន​ចាប់​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញចាត់ការ​តាម​ផ្លូវច្បាប់ ដោយកសាងសាងសំណុំរេឿងបញ្ចូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់ ។

យ៉ាងណាមិញ គិតត្រឹមរសៀលថ្ងៃទី១១ ខែ​ឆ្នាំ​ដដែល ជនសង្ស័យជាមន្ត្រីនគរបាល ត្រូវ​បាន​ព្រះរាជអាជ្ញាររងអមសាលាដំបូងរជធានីភ្នំពេញ លោកសៀង សុខ សម្រេចចោទប្រកាន់​ចំនួ​ន ២បទល្មើស គឺបទ «ហិង្សា​ដោយ​ចេតនា​មា​ន​ស្ថាន​ទម្ងន់​ទោស និងប្រើប្រាស់​ដោយ​គ្មា​ន​សិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយ​អាជ្ញា​ធរ​សាធារណៈ» ប្រព្រឹត្តទៅនៅ​ចំណុ​ច​ផ្លូវ​លេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០​១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។ ក្រោយការចោទប្រកាន់ សម្រេចបញ្ចូនសំណុំរេឿងបន្តទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបើកការស៊ើបអង្គេត ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ពុំ​ទាន់​ដឹង​ថា ចៅក្រមសម្រេចឃុំ​ខ្លួន​ជន​ជាប់​ចោទ ឬ​យ៉ាង​ណា​នោះ​ទេ ។

សូមញ្ជាក់ថា យោងតាម​បទ​ចោទ​ប្រកាន់​ខាង​លើ ជនត្រូវចោទ ត្រូវប្រឈមមុខ​ជាប់ពន្ធនា​គារ​ពី​២​ឆ្នាំ​ទៅ​៥ឆ្នាំ និងពិន័យជាប្រាក់​ពី​៤​លា​ន ទៅ​១០​លាន​សម្រាប់​មាត្រា​២១៨ ។ ដោយ​ឡែក​មាត្រា៦១៤ ដែលប្រឈមជាប់​ពន្ធនាគារ​​ពី​១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ​២​លានរៀ​ល។ ​បើតាមការបញ្ជា​ក់ពីមន្រ្តី​តុលា​ការ តាមពិតជន​ត្រូវ​ចោទ​រូប​នេះ មានឋានន្តរ​ស័ក្តិ​​អនុសេនី​យ៍​ឯក (ស័ក្តិ៣) ប៉ុន្តែ​ជននេះ​បា​ន​​ទិញ​ស័ក្តិ​ក្លែង​ក្លាយ​១​ទៀត ដើម្បី​ពាក់​លើ​ស្មា គឺ​ឡើង​ស័ក្តិ​៤ ៕