ជាប់​គុក​បាន​សម្រេច​​លោកស័ក្តិ​៤​ក្លែង​ក្លាយ ដែល​ធាក់​នគរបាល​ចរាចរណ៍

ភ្នំពេញ៖ ទីបំផុត​នៅល្ងាចថ្ងៃទី១១​ ខែមករា​ នេះ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ លោក​ ពេជ្រ​ វិជ្ជាធរ​ សម្រេច​បញ្ជូន​លោ​ក​នគរ​បាលស័ក្តិ​៣ តែ​ក្លែង​ជា​ស័ក្តិ​​៤​ ធាក់​នគរ​បា​ល​ចរាចរណ៍ ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​ប​ណ្តោះ​​អាសន្ន ។

លោក​ លី​ សុផាណា​ អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ថ្លែង​ថា​ ក្រោយ​ពី​បាន​សាក​សួរ​ចម្លើយ​លើ​ឈ្មោះ សៅ បញ្ញា និង​ពិនិត្យ​ឯកសារ​សំណុំ​រឿង​តាម​នីតិវិធី តំ​ណា​ង​អយ្យ​ការ​បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ដោយ​ចោទ​ប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សំគាល់​ដែល​កំណត់​ដោយ​អាជ្ញា​ធរ​សាធារណៈ​​តាម​មាត្រា ២១៨ និងមា​ត្រា​៦១៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

យោងតាមរបាយការណ៍​សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា ​ជនដៃដល់ដែល​ប្រើអំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារ​នៅការិ​យា​ល័​យ​រដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំ​ង​បទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ ។ ចំណែកមន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន​ ។

សូម​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​នគរបាល​ស័ក្តិ​៤​ខាង​លើ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៨​ម្សិល​មិញ ក្រោយ​ពេល​មាន​ការ​បែក​ធ្លាយ​នូវ​វីដេអូ នៅ​លើ​បណ្ដា​ញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក ដែល​ជន​សង្ស័​យ​បាន ធាក់​ជន​រងគ្រោះ​​ចំ​កណ្តាល​ដើម​ទ្រូង​ប៉ើង​ទៅ​ក្រោយ និង​បាន​ជេរ​ប្រមាថ គំរាម​កំ​ហែ​ង​ជនរង​គ្រោះ​ថែម​ទៀត​ផង ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ដើម​ចម​ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា​លើ​ជន​រង​គ្រោះ គឺព្រោះ​តែ​ជន​រងគ្រោះ​បាន អនុវត្ត​ច្បាប់​ចរចរណ៍ ដោយ​គោ​រព តាម​​បទ​បញ្ជា​ដ៏​ម៉ឺង​មាត់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មិន​លើក​លែង​ចំពោះ​ជន​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​ខុស ។ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹម​ត្រូវ​នេះ ត្រូវបានលោក​ស័ក្តិ​៤ សៅ បញ្ញា ជា​ម្ចាស់​រថយន្ត ម៉ាក Ford ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-9099 ដែល​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ បញ្ជា​ឱ្យ​លត់​ជង្គ​​ង់​សុំទោស និងធាក់​មួយ​ជើង​ចំ​កណ្តាល​ដើ​មទ្រូង ផ្ងា​ទៅ​ក្រោយ ថែម​ទាំង​បាន​ជេរ​ប្រមាថ គំរាម​កំហែង ថែម​ទៀត​ផង​ ។

គួរ​រំលឹក​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​គឺ​ក្នុង​ដើម​ឆ្នាំ​២០១៨ នេះ សម្តេច តេជោ នាយ​ក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​មួ​យ ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​គ្រប់​លំដាប់​ថ្នា​ក់​អនុវត្ត​ច្បាប់​ចរាចរណ៍ ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​គ្មាន​ការ​លើក​លែង ឬ​អត់​ឱន​ឱ្យ​ជន​ណា​ម្នាក់​ឡើយ ហើយ​ជា​ពិសេស​គឺ​នៅ​ក្នុង​ទឹក​​ដី​នៃ​រាជធានី​ភ្នំពេញ ខណៈដែល​សម្តេច​បាន​សង្កេ​ត​ឃើញ​ថា បង​ប្អូន​មួយ​ចំនួន មិន​ត្រឹម​តែ​មិន​គោរពច្បាប់​ចរាចរណ៍​នោះ​ទេ ថែម​ទាំង​ហ៊ាន​ប្រើ​ឥរិយាប​ថ ប្រមាថ​មន្ត្រី​នគរបាល​ចរាចរណ៍ តាម​រយៈ​ការ​អាង​សែ និង​អាង​ខ្នង ថែមទៀត​ផង​ ៕