ជាប់ខ្នោះពេលយប់ព្រោះប្រពន្ធឃើញដឹកស្រី ព្រឹកឡើងជាប់ខ្នោះលក់​គ្រឿង​ញៀន

ភ្នំពេញ៖ បុរស​ម្នាក់ ដែល​ស្រ្តី​ម្នាក់​អះ​អាង​ជា​ប្រពន្ធ​ស្រែក​ឆោរ​ឡោ​ថា ចោរៗ ព្រោះ​ឃើញ​ដឹក​ស្រី​កាល​ពី​យប់​មិញ លុះព្រឹកឡើង​ត្រូវ​បាន​កម្លាំង​សម​ត្ថ​កិច្ច នគរបាល​ខណ្ឌពោធិ៍​សែន​ជ័​យ សហការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ បាន​ធ្វើ​​ការ​ចាប់​ខ្លួន នៅ​ព្រឹក​ម៉ោង​១១ និង​១៥​នាទី ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅចំណុចផ្ទះ​សំ​ណា​ក់ សុវណ្ណ​គីរី ក្រុម​១ ភូមិ១ សង្កាត់ផ្សារដើ​ម​ថ្កូវ ខណ្ឌចំការមន ដោយ​ឃាត់​ប្រុស​ស្រី​២​នាក់ និង​ម៉ូតូ​១​គ្រឿង ។ ជន​សង្ស័យ​មាន​ឈ្មោះ សំ តុលា អាយុ៣២ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចេាម​ចៅ៣ ខណ្ឌ​ពេាធិ៍​​សែន​ជ័​យ និង​ស្រ្តី​ម្នាក់ ឈ្មោះ​លី​លី ។

សូម​រំលឹក​ថា កាល​ពី​យប់​ម៉ោង ១២​និង ១០​នាទី រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ២០​១៨ បុរស​ខាង​លើ ត្រូវសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើ​ការ​ឃាត់​ខ្លួន ជា​មួយ​នារី​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​អះ​អាង​ជា​ប្រពន្ធ ឃើញ​ប្តី​ខ្លួន​ជិះ​ម៉ូតូ​ឌុប​ស្រី​តាម​ផ្លូវ មុខ​មនី្ទរ​ពេទ្យ​វិសាល​សុខ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រេត សិ្ថ​ត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន រាជ​ធា​នី​ភ្នំពេញ ។ ក្រោយ​នគរបាល​ប៉ុស្តិ៍ សាក​សួរ​និង​ធ្វើ​កំណត់​ហេតុ បុរសជា​ប្តី​និង​ប្រពន្ធ​បាន​ស​ម្រប​សម្រួល​គ្នា​បញ្ចប់​រឿង ទើប​អនុញ្ញា​ត​ឱ្យ​ទៅ​ផ្ទះ​វិញ ។

បន្ទាប់​ពី​បាន​ឃើញ​ព័ត៌មាន និង​រូប​ភាព​បុរស​ខាង​លើ សមត្ថកិច្ច​នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ បាន​ស្គាល់​ភិន​ភាគ ព្រោះ​ជនសង្ស័យ​គឺ​ជា​មុខ​សញ្ញា​ក្រុម​ជួញដូរគ្រឿងញៀន​យូរ​មក​ហើយ ប៉ុន្តែ​រក​ភស្តុតាង​ដាក់​បន្ទុក​មិន​បាន ។ ទើប​តែ​២​ថ្ងៃ​មុន គឺ​យប់​ម៉ោង​៨ ថ្ងៃ​ទី៨ សមត្ថ​កិច្ច​បាន​ចាប់​បុរស​៤ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀ​ន ដោយ​ពួក​គេ​បាន​ឆ្លើយ​ថា គេលក់​គ្រឿង​ញៀ​​ន​ឱ្យ​ជន​សង្ស័យ​ខាង​លើ ឈ្មោះ សំ តុលា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធីចំពោះ​ជន​សង្ស័​យ ៕