រឿង ជន​ជាតិ​ចិន​នាំ​ពលរដ្ឋ​ខ្មែរ​ទៅ​លក់​នៅ​ចិន រាប់​សិប​នាក់ លើក​ពេល​ប្រកាស​សាល​ក្រម

ភ្នំពេញ៖ មិន​ដូច​ជា​អ្វី​ដែល​បាន​គ្រោង​ទុក​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក​ស្រី ថ្លាង ផាណែត ប្រធាន​ក្រុមប្រឹក្សា​ចៅ​ក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេ​ញ មិន​ទាន់​អាច​បើក​សវនាការ ប្រកាស​សាល​ក្រម ផ្តន្ទា​ទោស​បុរស​ជន​ជាតិចិន​ម្នាក់ និង​បុរស​ខ្មែរ​ម្នាក់ មាន​តួ​នាទី​នាយក​វិទ្យា​ស្ថាន IP​AT ពាក់​ព័ន្ធ ករណី​នាំ​និស្សិត​ខ្មែរ​ទៅ លក់​ឱ្យ​ធ្វើ​ជា​កម្មករ​រោង​ចក្រ​នៅ​ប្រទេស​ចិន នៅ​ឡើ​យ​ទេ ដោយ​លើក​ទៅ​ថ្ងៃ​ក្រោយ មិនទាន់​កំណ​ត់​កាល​បរិច្ឆេទ ។ ការ​លើក​ពេល​ប្រកាស​សាល​ក្រម​នេះ ត្រូវ​បាន​លោក​ស្រី ថ្លាង ផាណែត ប្រ ធានក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ បញ្ជាក់​ថា មកពី​អវត្តមាន​នៃ​ចៅក្រម​ប្រឹក្សា ។

សូមបញ្ជាក់ថា លោក រៀល សុភិន ជាតំណាង អយ្យការបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ អ៊ិន ស៊ីម៉ាណាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជានាយក វិទ្យាស្ថាន បណ្តុះ បណ្តាល គណនេយ្យ វិជ្ជាជីវៈ (IPAT) និង ទី២ឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ពីបទ នាំចេញ​ដោយ​មិន​ស្រប​ច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្ត​អំឡុង​ចុង​ឆ្នាំ​២០១៥ យោង​តាម​មាត្រា ១១ នៃច្បាប់​ស្តី​ពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើ​ធ្វើ​​អាជីវកម្មផ្លូវភេទ ។

នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ជនជាប់ចោទឈ្មោះ អ៊ិន ស៊ីម៉ា​ណាន់ បានសារភាពថា ខ្លួនពិតជាបាន ផ្សព្វ​ផ្សាយ​ជ្រើស​រើស​និស្សិត ឱ្យទៅ​រៀន​នៅ​សាក​ល​វិទ្យាល័យ ច្នៃ​ម៉ូត​សម្លៀក​បំពាក់ ផ្នែក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ ក្នុង​ប្រទេស​ចិន ដោយតម្រូវ​ឱ្យ​និស្សិ​ត បង់​លុយ​ពី ២,៥០០ដុល្លារ ទៅ៤,៥០​០​ដុល្លារ ។

ជន​ជាប់​ចោទ​បន្ដ​ថា នៅពេល​ទៅ​ដល់​ប្រទេស​ចិន និស្សិត​អាច មាន​ការងារ​ធ្វើ​ក្រៅ​ម៉ោង បាន​ប្រាក់​ខែ​ចន្លោះ​ពី ៥០០ ទៅ​៦០០​ដុល្លារ ខ្លួន​មិ​ន​បាន បោក​ប្រាស់​និស្សិតយក​ទៅ​លក់​ឱ្យ​ធ្វើ​ជា​កម្មករ នៅ​រោង​ចក្រ​ក្នុង​ប្រទេស​ចិន​ឡើយ ។ចំណែក​ជន​ជាប់​ចោទឈ្មោះ Liu Wing Hin​g បាន​បដិសេធ​ថា ខ្លួនមិនបាន​ដឹង​រឿង​អ្វី​ទេ គឺ​គ្រាន់​តែ​ជួយ​រត់​ការ​ឯក​សារ​នាំ​និស្សិត ទាំ​ង​អស់​ទៅ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ ។

ជនរងគ្រោះ​ដែល​បាន​ចូល​រួមក្នុង​សវនាការ​បា​ន អះ​អាង​ថា មាន​និស្សិត​ចំនួន​២២​នាក់ ដែល​​ត្រូវចាញ់​បោក ជនជាប់​ចោទទាំងពីរ​នាក់​ខាង​លើ អស់​ប្រាក់​ពី​ចន្លោះ ២,៥០០ដុល្លារ ទៅ៤,​៥០០​ដុល្លារ​ក្នុង​ម្នាក់​ៗ ។ ជន​ជាប់​ចោទ​បាន បញ្ជូន​ពួក​គេ ទៅ​ធ្វើ​ជា​កម្មករ​រោង​ចក្រកាត់​ដេរ ដោយ​ធ្វើ​ការ​ពី៨ ទៅ១០​ម៉ោង​ក្នុង១​ថ្ងៃ ដោយ​គ្មាន​ពេល​សម្រាក និង​ទទួល​បាន​ប្រាក់​ខែតែ ១០០ ទៅ​១២០​ដុល្លារ​តែ​ប៉ុណ្ណោះ មិន​ដូច​ជាអ្វី​ដែលជន​ជាប់​ចោទ​បាន​សន្យា​នោះទេ។

ក្រោយ​ពី​ពួក​គេ​ដឹង​ខ្លួន​ថា ត្រូវ​ចាញ់​បោក​គេ ជន​ជាតិ​ចិន​បាន ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ​ទុក និង​បង្ខាំង​ពួក​គេ​ឱ្យ​ធ្វើការ គ្មាន​ពេ​ល​​សម្រាក ។ ក្រោយ​មក​ដោយ​ទ្រាំ​មិន​បាន ពួ​ក​គេ​ក៏​បា​ននាំគ្នា​រត់ទៅ​រកស្ថានទូត​ខ្មែរ​ឱ្យ​ជួយ​អន្តរាគមន៍ និង​បញ្ជូន​មក​ប្រទេស​កម្ពុជាវិញ ។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ គឺក្រោយ​ពី​សាក​សួរ​ដេញ​ដោល​ចប់​សព្វ​គ្រប់ លោក រៀល សុភិ​ន ជា​តំណាង​អយ្យការ ដែលជា​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ​ផ្ទាល់ បែជា​ស្នើ​សុំ​ឱ្យ​តុលា​ការ​លើក​លែងការចោទ​ប្រកាន់​លើជន​ជាប់​ចោទ​ជា​ជន​ជាតិ​ឈ្មោះ Liu Wing Hing ទៅ​វិញ ។

គួរ​រំលឹក​ថា ជន​ជាប់ចោទ ទាំង២នាក់ខាងលើ ធ្លាប់ត្រូវបាន​តុលាការក្រុងភ្នំពេញ​ប្រកាស​សា​ល​ក្រម​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ កំណត់​រយៈ​ពេល ៧​ឆ្នាំ កាលពីអំឡុងចុង​ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ ប៉ុន្តែ ជនជាប់ចោទ​ឈ្មោះ Liu Wing Hing ជាជនជាតិចិនបាន ប្តឹងទាស់​នឹង​សាលក្រម ។

មហា​ជន​កំពុង​រង​ចាំ​មើល​ថា តើសំណុំរឿងនេះ អាចប្រែព័ណ៌តាមការស្នើសុំរបស់លោកតំណាងអយ្យការដែរឬទេ? ខណៈដែល ជនជាប់​ចោ​ទ បាននាំពលរដ្ឋខ្មែរទៅលក់នៅប្រទេសចិន រាប់សិបនាក់បែបនេះ ៕