អ្នក​ចម្រៀង​​និង​​អ្នក​បង្ហាញ​​ម៉ូតជួញ​​ដូរ​​គ្រឿង​ញៀ​ន នគរបាល​ខណ្ឌ​មាន​ជ័យ ចុះ​បង្ក្រាប​និង​ឃាត់​ខ្លួន

ភ្នំពេញ ៖ បុរស​សង្ហារ​ដែល​ជា​ជន​សង្ស័យ​ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​អ្នក​ចម្រៀង​និង​ជា​អ្នក​បង្ហាញ​ម៉ូត​ក្លាយ​ជា​អ្នក​ទោស​គ្រឿង​ញៀន បន្ទាប់​ពី​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ ធ្វើ​ការ​ឃាត់​ខ្លួន​បាន និងឆែកឆេរ​រក​ឃើញ​គ្រឿង​ញៀន​ចំនួន​០២​កញ្ចប់ធំ រួម​និង​ឧបករណ៍​ជក់​ព្រម​ទាំង​ថង់​សម្រាប់​វេចខ្ចប់​មួយ​ចំនួន​ទៀត ។ ករណី​ចុះ​បង្ក្រាប​និង​ឃាត់​ខ្លួន​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​០៩និង​២០​នាទី​យប់ ថ្ងៃ​ទី០៨ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ម្ដុំ​ផ្សារ​ប៉េសេ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣​៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ។

ក្នុង​ប្រតិបត្តិ​ការ​ឆ្មក់​បង្ក្រាប​នេះ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ និង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ បាន​សហការ​ជា​មួយ​សាលា​សង្កាត់​ចាក់​អង្រែលើ រួមដោយ​មាន​ការ​ឯក​ភាព​ពី​លោក គុជ គឹមឡុង ព្រះ​រាជ​អាជ្ញារង បាន​អនុញ្ញាតិ​ឲ្យ​ចុះ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​បន្ទប់​ជួល​លេខ​៤ ក្នុង​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៧១ ក្រុម៩ ភូមិ​ព្រែក​តាគង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ក៏​បាន​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ចំនួន​២​នាក់ដែល​​មាន​​​ឈ្មោះ៖ ទី១- សោម គឹមឌី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខ​របរ អ្នក​ចំរៀង ស្នាក់​នៅ​ផ្ទះ​ជួល​ខាង​លើ កន្លែង​កើ​ត​ហេតុ (ឃាត់​ខ្លួន) និងទី​២-ម៉ៅ រស្មី ភេទ​ប្រុ​ស អាយុ​​៣២​​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​បង្ហា​ញ​ម៉ូត ស្នាក់​នៅ​ផ្ទះ​ជួល​ខាង​លើ កន្លែង​កើត​ហេតុ (ឃាត់​ខ្លួន)។ វត្ថុ​តាង​ដក​ហូត​បាន​រួម​មាន៖ ក្រាម​ពណ៌ស​ថ្លា​ (សង្ស័យ​​ជា​គ្រឿង​ញៀន) ចំនួន​០២​កញ្ចប់​(ធំ​១ ថង់​តូច១​)​និងថង់ប្លាស្ទីក​សម្រាប់​ច្រក​១​ចំនួន​។ ប្រាក់​១០០$ និងប្រាក់រៀល​៥០០០០​រៀលទូរសព្ទ​ដៃ​២​គ្រឿងម៉ាក អាយហ្វូន7​ព​ណ៌​​ខ្មៅ​១គ្រឿង និង អាយហ្វូន5 ពណ៌ស១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស្លាក​លេខ​កណ្តាល 1E-0754 ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២​នាក់​នោះ រួម​និង​វត្ថុ​តាង​គ្រឿង​ញៀន ២​កញ្ចប់​នោះ ត្រូវបាន​ប្រគ​ល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សង្កាត់ចាក់អង្រែលើ ធ្វើ​ការ​ឃុំ​ខ្លួន​ធ្វើការ​សាក​សួរ ដើម្បី​រង​ចាំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ ៕