ឃុំ​ខ្លួន​បុរស​ជា​ឃាតក​សម្លាប់​ប្រពន្ធ ដែល​ជា​កម្មការិនី​រោង​ចក្រ QMI ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០​១៨​ លោក សេង លាង ចៅ​​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​កា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន បុរស​ជា​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង ជា​កម្មការិនីរោងចក្រ QMI ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យដាក់​ពន្ធ​នាគារ​ព្រៃ​ស ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា បុរស​ជា​ឃាត​ក​មានឈ្មោះ សេង ទ្រី អាយុ​៣​១ ឆ្នាំ​មុខរបរ លក់ហ្គាស​ មានទីលំនៅ​ភូមិ​ដើមម៉ា​ក​ឃឿ សង្កាត់ច្បារអំពៅ ខណ្ឌច្បារ​អំពៅ ។ ចំ​ណែ​កស្ដ្រីរងគ្រោះឈ្មោះ ​ព្រីម បូផា ​អាយុ​២៧​ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំ​ណើ​ត​ភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ។

គួររំលឹកថា កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ២០១៧​កន្ល​ង​ទៅនេះមាន​អំពើ​ឃាត​កម្ម​សម្លាប់​ប្រពន្ធ​របស់​ខ្លួន នៅ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្កឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នោះ រហូត​ដល់​ថ្ងៃ​ទី០៣ ខែមករា ឆ្នាំ២០១៨​ កម្លាំង​នគរបាល បានបើកប្រតិបត្តិការ​ស្រាវ​ជ្រា​វ ហើយ​ឈាន​ទៅដល់​ការ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ជា​ប្ដី​របស់​ស្ដ្រី​រង​គ្រោះ នៅខេត្ត​ព្រះ​សីហនុ ។ បុរស​ជា​ជន​ដៃ​ដល់​បាន​សារ​ភាព​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្លាប់​ប្រពន្ធ​បែប​នេះ ដោយ​សា​រ​ឃើញ​ប្រពន្ធទៅ​ដេក​នៅ​ផ្ទះ​សំណាក់​ជា​មួយ​ប្រុស​ផ្សេង ៕