ជិះ​ម៉ូតូ​ឌុប​គ្នា​ចុះ​ពី​លេង​លើ​ភ្នំ​បូក​គោ ត្រឡប់​មក​ផ្ទះ​វិញ ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់

កំពត៖ កាល​ពី​វេលា​ម៉ោង​០៥និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ២០១៨ ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ឌុប​គ្នា​លឿន មិន​ពាក់​មួក​សុវត្ថិភាព ភ្លាត់​ស្នៀត ដួល​បោក​ក្បាល ទៅ​និង​ថ្នល់ នៅលើកំណាត់​ផ្លូវ​ឡើង​ភ្នំ​បូក​គោ ចំណុច​អូរ​ដំរី​ងាប់ ស្ថិត​ក្នុង​ភូមិ​រលួស ឃុំ​បឹងទូក ស្រុកទឹកឈូ ខេត្ដកំពត ។

ជន​រងគ្រោះ​ជា​អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ សូ ចាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រង​របួស​ធ្ងន់ រស់​នៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹក​ឈូ ខេត្ត​កំពត និង​អ្នក​រួម​ដំណើរឈ្មោះ វី ភេទប្រុស អា​យុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹក​ឈូ ខេត្ត​កំពត បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ។ ជនរងគ្រោះ​ទាំង​២ ជិះ​ម៉ូតូ​ឌុប​គ្នា ម៉ាក​សង់​សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1I-8114 ម៉ូតូ​ខូច​ខាត​ធ្ងន់។

ជនរងគ្រោះ​ទាំង​២​នាក់​នេះ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា ​ចុះ​ពី​លើ​ភ្នំ​បូកគោ ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ប្រើ​ប្រាស់​នូវ​ល្បឿន​លឿន ហើយ​មិន​ពាក់​មួក សុវត្ថិភាព​ទៀត លុះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ភ្លាត់​ស្នៀត​ដួល​ខ្លួន​ឯង បោកក្បាល​ទៅ​នឹង​ថ្នល់ ក៏​ជួប​ឧប្បត្តិ​ហេតុគ្រោះ​ថ្នាក់​ចរាចរ បែប​នេះ​តែ​ម្តង​ទៅ ។ ក្រោយ​ហេតុ​ការណ៍​សមត្ថកិច្ច​ចុះ មកធ្វើ​កោស​ល្យ​វិច្ច័យ ហើយ​បាន​ប្រគល់​សព​ជន​រងគ្រោះ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅផ្ទះ ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រីឯ​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត ៕