ណាត់​​​ប្រពន្ធ​​​ទៅ​​កាន់​​សាលា​​ឃុំ​​ ដើម្បី​ធ្វើ​​កិច្ច​​សន្យា​​លែង​​លះ​​គ្នា ស្រាប់តែព្រឹកឡើងចាក់ស្លាប់​

តាកែវ៖ ជន​ដៃ​ដល់​ជា​ប្តី បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម រួច​រត់​គេច​ខ្លួន​បាត់​ស្រមោ​ល បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​បាម ឃុំ​គោក​ព្រេច ស្រុក​គីរីវង់ ខេត្ត​តាកែវ ។ ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន​នោះ​មាន​ឈ្មោះ ហង្ស ចន្ធូ អាយុ​២៦​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ខេត្ត​កំពត (ជា​ប្តី)​។ ចំណែក​សព​ប្រពន្ធ​មាន​ឈ្មោះ ប៉ែន ចាន់​ស្រី​ខួច អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ប្តី យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​រាង​កាយ​ជា​ច្រើន​កន្លែងប​ណ្តា​​លឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

បើ​តាម​ការ​អះ​អាង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​និង​ជន​សង្ស័យ​ជា​ប្តី បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​គ្នា​ក្នុង​ឆ្នាំ​២០​១៣ ដោយ​បន្សល់​ទុក​នូវ​កូន​ប្រុស អាយុ​ជាង​២​ឆ្នាំ តែ​ការ​រស់​នៅ​នោះ ពុំសូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ ទើប​នៅ​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ​២០​១៨ អ្នក​ទាំង​២​បាន​ណាត់​គ្នា​ទៅ​កាន់​សាលា​ឃុំ​គោក​ព្រេច ដើម្បី​ធ្វើ​កិច្ច​សន្យា​លែង​លះ​គ្នា រួច​ត្រទ្បប់​មក​វិញ​នៅ​យប់​ថ្ងៃ​ទី​៦ មករា ឆ្នាំ២០​១​៨ ដោយ​ដេក​ក្នុង​ផ្ទះ​តែ​មួយ​រួម​គ្នា តែប្រពន្ធ​ដេ​ក​គ្រែ​ជា​មួយ​ឪពុក​និង​ម្តាយ ចំណែក​ប្តីជា​ជន​សង្ស័យ​ដេក​គ្រែ​ក្បែរ​គ្នា​តែ​ម្នាក់​ឯង ស្រាប់​តែ​ព្រឹក​ទ្បើង​ឪពុក​បាន​ចេញ​ទៅ​ហូប​គុយ​ទាវ​បាត់ រីឯ​ម្តាយ​ជាប់​រវល់​កិច្ចការ​ផ្ទះ​ក្នុង​បន្ទប់ ស្រប​ពេល​ដែល​ប្រពន្ធ​ដើរ​ចូល​ក្នុង​បន្ទប់​ទឹក ជន​សង្ស័យ​ជា​ប្តី​ក៏​ឆ្លៀត​ឱកាស​បាន​ស្ទុះ​ចូល​តាម រួច​យក​កាំបិត​ចាក់​ជនរងគ្រោះ​ត្រូវ​ជា​ច្រើន​កន្លែង​របួស​ធ្ងន់ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង រួច​ប្រញាប់​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ជំនាញបាន​ចុះទៅ​ធ្វើ​ការពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័យ​ដល់​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា ការស្លាប់​របស់់​ស្ត្រី​រង​គ្រោះ​ពិតជា​ត្រូវ​ជន​សង្ស័យ​ជា​ប្តី​ចាក់​សម្លាប់​នឹង​កាំបិត​ចុង​ស្រួច​ជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ពិត​ប្រាកដ​មែន មូល​ហេតុ​ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស្រាវ​ជ្រាវ ឈានទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខាង​លើ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ និង​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕