ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ដើម​កំណើត​វៀត​ណាម​ម្នាក់ រក​ឃើញគ្រឿងញៀនចំនួន១.៨​១​៤ក្រាម

ភ្នំពេញ៖ ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ដើម​កំ​ណើត​វៀត​ណាម​ម្នាក់ រក​ឃើញគ្រឿង​ញៀន​ចំនួ​ន​​១.៨​១​៤ក្រាម កាលពីព្រឹកថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៨ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ខ្លួន ស្ត្រី​ជន​ជាតិ​អូស្ត្រាលី ដើម​កំណើត​វៀ​ត​ណាម រត់​ពន្ធគ្រឿងញៀន​ឆ្លង​ដែន​ខុស​ច្បា​ប់ចូល​មក​កម្ពុជា តាម​ច្រកទ្វារ អាកាស​យា​ន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ គឺ​ក្រោម​ការ​សហការ​រវាង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជាមួយ​អង្គ​ភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ។

មន្ត្រី​ជាន់​ខ្ពស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ភ្ញៀវ​បរទេស ភេទ​ស្រី សញ្ជាតិ​អូស្ត្រាលី ដើម​កំណើត​វៀត​ណាម ឈ្មោះ Tra​n Ve Thi រកឃើញ​មាន​លួច​ការ​លាក់​ជួញ​ដូរ​ម្សៅ​គ្រឿង​ញៀន ក្នុង​គែម​វ៉ាលី ប្រភេទ ហេ​រ៉ូ​អ៊ិ​ន​ចំនួន ១.៨១៤ក្រាម ។ ករណី​នេះ​ត្រូវ​បាន​បង្ក្រា​បជា​ស្ថាពរ ហើយ​អង្គភាពប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ យក​ទៅ​ស្រាវ​ជ្រាវ​បន្ត ដើម្បីចាត់​វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់ ៕