យោធា២នាក់និងចិនម្នាក់អ្នកបកប្រែម្នាក់ចូលប្លន់ផ្ទះមន្ដ្រីមន្ទីរ​ទំនាក់​ទំនង​ជា​មួយ​ព្រឹទ្ធ​សភា រដ្ឋ​សភា

ខេត្តព្រះសីហនុ៖ នគរបាល​ខេត្ត​ព្រះ​សីហនុ​អោយ​ដឹង​ថា ជន​សង្ស័​យមួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ ដែល​ជាប់​ចោទ​​ពី​បទ​ថា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក វង្ស ចាន់ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មន្ត្រី​មន្ទីរ​ទំនាក់​ទំនង​ជា​មួយ​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​អធិការ​កិច្ច​ខេត្ត​ព្រះ​សីហនុ​នៅ​ភូមិ​១ សង្កាត់៤ ក្រុងព្រះ​សី​ហ​នុ កាល​ពី​យប់​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ប្លន់ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ ត្រូវ​បាន​​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​ខ្លួន​បាន​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​សង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ម្នាក់​ផង​ដែរ គឺទី១-​យ៉ែម យុទ្ធា ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ យោធា (អនុសេនីយ៍ទោ បញ្ជា​ការ​ដ្ឋានកាំភ្លើងធំ ) មានទីលំនៅ ស្រុកត្រាំកក់ ខេត្តតាកែវ ។​ ទី២-គង់ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខ​របរ យោធា (ពលបាលឯក បញ្ជាការដ្ឋាន​កាំ​ភ្លើង​ធំ ) មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ ។ ទី៣-តាំង វ័រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អ្នកបកប្រែចិន មានទីលំនៅ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ ទី៤-DING ZHIGANG ភេទប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិចិននៅខេត្ត ហឺណាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខៈ G61372547 ។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ១.កាំភ្លើងខ្លី ២ដើម (ម៉ាក PRITAI សហរដ្ឋអាមេរិក បង់១ គ្រាប់៤ និងម៉ាក PALOL បង់១ គ្រាប់ ៧ ។ ២.រថយន្តម៉ាក រេងរ៉ូវ័រ ពាក់ស្លាកលេខៈ ខេមរភូមិមិន្ទ ២.៣១៦៩ ។ ករណីនេះសមត្ថ​កិច្ច​នគរបាល​កំពុង​បន្ត​នីតិវិធី និង​កសាង​សំ​ណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ ៕