សម្ដេចក្រឡា​ហោម ស ខេង បញ្ជា​ឲ្យ​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទាំង​អស់

សម្ដេចក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​រំសាយ និង​បញ្ឈប់​ទាំងស្រុង​នូវ​រាល់​សកម្មភាព​របស់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក​ទាំងអស់​ដែល​ធ្លាប់​មានការ​អនុញ្ញា ត​ពី​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៅ​ពេល​កន្លង​មក​។

សម្ដេចក្រឡាហោម​ ស ខេ​ង មើលឃើញ​ថា ការ​ដាក់​ពង្រាយ​ប៉ុស្ដិ៍​ត្រួតពិនិត្យ និង​ការ​បង្កើត​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​ច្រើន​ទីតាំង មាន​សមត្ថកិច្ច​ច្រើន​មុខ​ជំនាញ ជា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ផលប្រយោជន៍ និង​សតិអារម្មណ៍​ពលរដ្ឋ​។ លោក​បាន​អះអាង​ថា គោលបំណង​នៃ​ការ​បិទ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ទាំងនេះ គឺ​ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​សេវា​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រកប​មុខរបរ​លើក​ស្ទួយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា ក្នុង​ករណី​ចាំបាច់​ផ្នែក​លើ​ស្ថានការណ៍​ជាក់ស្ដែង ដែល​តម្រូវ​ឲ្យ​បង្កើត​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ឈរជើង​អចិន្ត្រៃយ៍ ឬ​ប៉ុស្ដិ៍​ចល័ត​ត្រួតពិនិត្យ​របស់​សា្ថ​ប័ន​ជំនាញ គណៈ​បញ្ជាការ​ឯកភាព​រាជធានី ខេត្ត ត្រូវធ្វើ​សំណើសុំ​ការ​ពិនិត្យ​សម្រេច​ពី​ប្រធាន​គណៈ​បញ្ជាការ​ត្រួតពិនិត្យ និង​លុប​បំបាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវគោក និង​ផ្លូវទឹក​សិន ទើប​អាច​អនុវត្ត​បាន​៕