រថយន្ត​​ដឹក​​ដី​​ធុន​​យក្ស បើក​​កិននិង​​អូស​​បុរស​បណ្ដាល​​​ឲ្យ​​​ខ្ទេច​១​កំណាត់​​ខ្លួន​

ខេត្តកំពង់ស្ពឺ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ ខណៈ​ដែល​រថយន្ត​ដឹក​ដី​ធុន​យក្ស ១​គ្រឿង បើក​កិន និង​អូស​បុរស​ម្នាក់​ចម្ងាយ ៤០​ម៉ែត្រ បណ្ដាល​​ឲ្យ​​ខ្ទេច ១កំណាត់​ខ្លួន​ខាង​ក្រោម​រង​របួស​ធ្ងន់​ធ្ងរ នៅ​វេលា​ម៉ោង ១១ និង ៤០​នាទី ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៨ នេះ នៅ​ចំណុច​ផ្លូវ​៤១ កែង​និង​ផ្លូវ​ជាតិ​លេខ​៤ ជាប់​ផ្សារ​ថ្នល់​ទទឹង ស្ថិត​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ១​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ លុះ​មក​ដល់​ចំណុច​កើត​ហេតុ បុរស​រងគ្រោះ​បាន​បត់​ម៉ូតូ​ទៅ​ស្ដាំ​ដៃ​ចូល​ផ្លូវ​៤១ ភ្លាម​នោះ បាន​វ៉ាក់​អឺ​ជា​មួយ​ម៉ូតូ ១​គ្រឿង ដែល​ជិះ​ដោយ​បុរស ២នា​ក់ បើក​បញ្រ្ចាស​ទិស ដោយ​បុរស​រងគ្រោះ​បាន​គេច បណ្ដាល​ឲ្យ​ប៉ះ​ជា​មួយ​រថយន្ត​ដឹក​ដី​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត ដែល​បើក​ពី​ត្បូង​ទៅ​ជើ​ង កិន​និង​អូស​ប្រមាណ ៤០​ម៉ែត្រ​បណ្ដាល​ឲ្យ​ខ្ទេច ១​កំណាត់​ខ្លួន​ខាង​ក្រោម រង​របួស​ធ្ងន់​ធ្ងរ​ដេក​សន្លប់​ក្នុង​ថ្លុក​ឈាម ត្រូវ​បញ្ជូន​ទៅ​ស​ង្រ្គោះ​ភ្លាម​ៗ នៅ​មន្ទីរ​ពេទ្យ ៕