ពលរដ្ឋ​ជិត​១០​គ្រួសារ ដាក់​ពាក្យ​ប្តឹង មេធាវី​ម្នា​ក់ ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ

ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មាន ប្រជាពលរដ្ឋ ចំនួន​៦​គ្រួសារ នៅ​ខេត្ត​កំពត សម្រេច​ចិត្ត​ដាក់​ពាក្យ​លោក​មេធាវី ខូវ ណារ៉ូ ទៅអង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ ឱ្យ​ជួយ​រក​យុត្តិ​ធម៌​ដោយ​បា​ន ចោទ​ប្រកាន់ លោក​មេធាវី ខូវ ណារ៉ូ ថាមាន​កា​រ​ជាប់​ពាក់​ព័ន្ធនឹង​ករណី ពុក​រលួយ​សូក​ប៉ាន់ តុលា​ការ និង​មន្ត្រី​សុរិយោ​ដី​ខេត្ត​កំពត និង​រឿង​ប្រើ​ប្រាស់​អាវុធ ។

យោង​តាមពាក្យបណ្តឹងដែលយើងទទួលបាន ពលរដ្ឋឈ្មោះ ជា សុខឃី និងឈ្មោះ ម៉ែន វ​ណ្ណា​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​បាន​ប្តឹង លោក​មេធាវី ខូវ ណារ៉ូ ទៅអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ ករណី​រត់​ការ សុំ​ឱ្យ​តុលាការ​ខេត្ត​កំពត ដោះលែង​កូន​ក្តី​នៅ​ក្រៅ​ឃុំ និង​រឿង​កាន់​កាប់​អាវុធ ម៉ាក​ឡុក ចំនួន ១​ដើម និង​ម៉ាក ប៉េរេតា ចំនួន​១ដើម ។

ដោយ​ឡែក​បណ្តឹង​ទៅ​កាន់​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយមួយច្បាប់ទៀត មាន​ពល​រដ្ឋ​៤គ្រួសារ រួម​មាន​ឈ្មោះ សុខ រិន ឈ្មោះ កែវ សុជាតិ ឈ្មោះ អៀង រស្មី និង​ឈ្មោះ អៀង ចាន់​ដារ៉ា បាន​ប្តឹង​លោក​មេធាវី ខូវ ណារ៉ូ ដដែល ពាក់​ព័ន្ធ​រឿង សូក​ប៉ាន់​តុលា​ការ​ខេត្ត​កំពត​ឱ្យ​តំកល់​រឿង​ឥត​ចាត់​ការ ក្នុង​ករ​ណី ឆបោក ដែល​មាន​កូន​ក្តី ឈ្មោះ ស៊ុន សៀ​ង រួម​ទាំង​មាន​រឿង រ៉ាវ​រត់​ការ​ធ្វើ​ឱ្យ​សំណុំ​រឿង មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក ខូវ ណារ៉ូ កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ​១៩៧៦ មុខ​របរ មេធាវី អត្តលេខ ៣០៧ មាន​ទី​នៅ​ផ្ទះ​លេខ ១១២៣ ផ្លូវជាតិ​លេ​ខ២ ភូមិ​ព្រែក​តានូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ ។ លោក ខូវ ណារ៉ូ បានក្លាយ​ជា​មេធាវី​ពេញ​សិទ្ធិ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០០៥ ក្រោយ​ពី​លោក​បាន​ធ្វើ​សម្បថ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០០៣ ។ បច្ចុប្បន្ន​លោក ខូវ ណារ៉ូ បច្ចុប្បន្ន ជា​មេធាវី នៃ​ការិយាល័យ​មេធាវី​KLSK LAW GROUP មាន​អាសយ​ដ្ឋាន ផ្ទះ​លេខ​២៨៧ ផ្លូវ​សំហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេ​ញ ។

គួរ​រំលឹក​ថា កាល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០ ១​៦​កន្លង​​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឃាត់​ខ្លួន​មេ​ធាវី​ម្នាក់​ឈ្មោះ ពេជ រតនា មានអត្តលេខ ៣៤៦ ពាក់ព័ន្ធ រឿង​សូក​ប៉ាន់​តុលា​ការ​ក្រុង​ភ្នំពេញ និងធ្លាប់ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន រួម​ទាំង​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​ផង ។ ចំណែក​មេធាវី ម្នាក់​ទៀត ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី មានអត្តលេខ ៩៩១ កំពុង​តែ​សម្រាក​នៅ​ក្នុង​ពន្ធគារ​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី ប្រព្រឹត្ត​ហិង្សា ដោយ​ប្រើ​ប្រាស់​អា​វុធខ្លី បាញ់​ឱ្យ​ពលរដ្ឋ​ស្លូត​ត្រង់​រង​របួស នៅ​ក្នុង​វង់​ផឹក​ស៊ី នៅក្បែរផ្ទះ​អគ្គស្នង​ការ​នគរ​បាល​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ​ផង​ដែរ ៕