រឿង​អំណោយ​ក្ដារ​មឈូស មាន​អ្នក​បកស្រាយ​ហើយ

ខេត្ត​កំពង់​ធំ៖ រឿង​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ៗ ជា​ពិសេស​គឺ​ក្ដារ​មឈូស ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​ហ្វេសប៊ុក បាន​ចែក​រំលែក​តៗគ្នា ហើយ​បាន​រីក​រាលដាល​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ នា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៨​នេះ។ ការ​ចែក​អំណោយ​ផ្សេងៗ ជា​ពិសេស​ក្ដារ​មឈូស​ត្រូវ​បាន​គេ​ដឹង​ថា ធ្វើ​ឡើង​នៅ​ស្រុក​បល្ល័ង្ក ខេត្ត​កំពង់​ធំ។​

មាន​មតិ​ខ្លះ​បាន​រិះគន់​ថា វា​ជា​អំណោយ​ដែល​មនុស្ស​មិន​ចង់​បាន​បើ​ទោះ​ជា​ខ្លួន​មាន​វ័យ​ចាស់ ឬ​ឈឺ​ក៏​ដោយ ហើយ​បើ​យក​ល្អ​ហេតុ​អី​មិន​ជូន​ជា​លុយ​កាក់​ពួកគាត់​វិញ​ទៅ? ជូន​ក្ដារ​មឈូស​ដូច្នេះ មិន​ជា​ការ​ប្រមាថ​អាយុ​ជីវិត​គាត់​ទៅ​ហើយ?​

ជាក់ស្តែង​បុរស​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក បាន​បង្ហោះ​រូបភាព​សកម្មភាព​ចែក​អំណោយ​នេះ ហើយ​ភ្ជាប់​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ វីតាល់
……………………………
ចែក​អំណោយ​បែប​ថ្មី​សម្រាប់​ចាស់ៗ ឆ្លង​ឆ្នាំ​ថ្មី​២០១៨​គឺ ក្តារមឈូសសម្រាប់​ដាក់​សព! ហើយ​មាន​ចាស់ៗ​ប៉ុន្មាន​នាក់​ដែល​ចង់​បានអំណោយ​ទាំង​នេះ​យក​ទៅ​ផ្ទះ? ធ្វើ​អី​ដូច​ឆ្កួត​អញ្ចឹង! បើ​ចង់​ខ្លាំង​ជូន​លុយ​ពួកគាត់​ទៅ វា​ចប់​ហើយ៕»
។​

ជុំ​វិញ​ការណ៍​នេះ​ត្រូវ​បាន​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​អ្នក​មាន​វត្តមាន​និង​ចូលរួម​ចែក​អំណោយ​នេះ​ដែល បាន​បកស្រាយ​ភ្លាម​ៗ​ថា «ក្ដារ​មឈូស​​ទាំង​អស់​នោះ​ គឺ​ជា​ការ​ស្នើ​សុំ​ពី​លោក​តា លោក​យាយ នៅ​ភូមិ​ស្រុក​ខាង​លើ​នេះ​តែ​ម្ដង។ ដូច្នេះ​ ទើប​ក្រុម​ការងារ​ក្រុម​ហ៊ុនទឹក​បរិសុទ្ធ​​វីតាល់ សម្រេច​តាម​បំណង​ជូន​លោក​តា លោក​យាយ ដោយ​ពុំ​មាន​ចេតនា​អាក្រក់​ណា​មួយ​ទេ។​»៕