កក្រេីក​ឡើងវិញ​នៅ​ក្រុង​បាត់​ដំបង រឿង​ល្បែង​ភ្នាល់​តាម​អ៊ីនធឺណិត

ខេត្ត​បាត់ដំបង​៖ ប្រភព​ពី​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ឬ ប្រព័ន្ធ​អនឡាញ​កំពុង​កក្រើក​ឡើងវិញ​ក្នុង​ក្រុង​បាត់ដំបង។ ប្រជា​ពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​និង​លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង​ចាត់​វិធានការ​ទប់ស្កាត់​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ នៅ​ក្រុង​បាត់​ដំបង​ជា​បន្ទាន់។ បើ​មិន​ដូច្នេះ​ទេ ល្បែង​ស៊ីសង​ដែល​កំពុង កើតឡើង​យ៉ាង​រាលដាល​នោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់ សន្តិសុខ​សង្គម ជា​ពិសេស​អំពើ​ចោរកម្ម លួច ប្លន់ និង បទល្មើស គ្រឿងញៀន រាលដាល​កាន់តែ​ខ្លាំង​ជា​មិនខាន។

ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ថា ទីតាំង​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន​សព្វ​ថ្ងៃនេះ មាន​ដូច​ជា នៅ​ចំណុច​ខាង​ជើង​ក្លឹប​កម្សាន្ត ស្កាយ ភូមិ​រំចេក​៤ ចំនួន​១​កន្លែង, ចំណុច​ខាងជើង​ផ្សារ​ទំនើប បុរី​ថ្មី ក្នុង​ភូមិ​កម្មករ មាន​ចំនួន​២​កន្លែង, ចំណុច​ខាង​មុខ​អាហារដ្ឋាន តោ​២ មាន​ចំនួន​១​កន្លែង និង នៅ​ចំណុច​ខាង​កើត​ចំណត​រថយន្ត​ផ្សារ​បឹង​ឈូក ចំនួន​១​កន្លែង ហើយ​នៅ​ទីតាំង​ដទៃ​ទៀត​ក៏​មាន​ល្បែង​ភ្នាល់​តាម​អ៊ីនធឺណិត​ដែរ។

នៅ​ទីតាំង​ដូច​​រៀបរាប់​ខាងលើ​នេះ មាន​អ្នក​ចូលបលេង​យ៉ាង​កុះករ ជា​ពិសេស​សិស្សានុសិស្ស ហើយ​អ្នក​ខ្លះ​គេច​មិន​ចូល​រៀន មិន​ស្ដាប់ ដំបូន្មាន​ឪពុក​ម្ដាយ និង អាណាព្យាបាល​ដោយសារ​តែ​វក់​នឹង​ល្បែងស៊ីសង។ ល្បែង​ភ្នាល់​បាល់​ទាត់ និង ល្បែង​ជាច្រើន​ប្រភេទ​ទៀត តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​ក្នុង​ក្រុង​បាត់ដំបង រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ ក្រោយ​ពេល​ស្ងប់ស្ងាត់​មួយរយៈ។

ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រាលដាល​ឡើង​វិញ​យ៉ាង ពេញ​បន្ទុក​ហើយ​មន្ត្រី​អាជ្ញាធរ​ក្រុង​បាត់ដំបង​និង​លោក ប៉ាង ហៀង អធិការ​នគរបាល​ក្រុង​បាត់ដំបង​មិន​ចាត់​វិធានការ​ទប់ស្កាត់​ឲ្យ​បាន ទាន់​ពេល​វេលា។

ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា នៅ​ពេល​ល្បែង​ស៊ីសង​រាលដាល​ឡើង​វិញ​គឺ អំពើ​ចោរកម្ម ចោរ​លួច ចោរ​ប្លន់ ចោរ​កាច់​សោ.ក​ម៉ូតូ កើត​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​បទ​ល្មើស​ជួញ​ដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ក្រុម​បង​ធំ បង​តូច ក៏​កើត​ឡើង គួរ​ឲ្យ​ភ័យខ្លាច​ដែរ។ ហេតុនេះ​ហើយ​ទើប​ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ ជា​អភិបាល​ខេត្ត និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ចាត់​វិធានការបង្ក្រាប ល្បែង​ស៊ីសង ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ធ្វើឲ្យ​សន្តិសុខ​សង្គម ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​ប្រជា​ពលរដ្ឋ ក្នុង​ការ​រស់​នៅ​និង​ប្រកប​របរ ចិញ្ចឹម​ជីវិត៕