គ្រោះថ្នាក់​ដ៏​រន្ធត់​២​ករណី​ផ្សេង​គ្នា​បណ្តាល​ឲ្យ​បុគ្គលិក​ធនាគារ​អេស៊ីលីដា​២​នាក់ និង​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ២​នាក់​ស្លាប់

(កំពង់ធំ)៖ បុគ្គលិក​ធនាគារ អេស៊ីលីដា​ចំនួន​២នាក់ និង​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅកន្លែង​កើតហេតុ ខណៈ​៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ ដោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​២​ករណី​ផ្សេង​គ្នា​បាន​កើត​ឡើងនៅ​លើ​ទឹកដី​ខេត្ត​កំពង់ធំ នា​ព្រឹកថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៨​នេះ។

ករណីទី​១៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលទាំង​ព្រឹក រវាង​រថយន្ត​ហ៊ីយ៉ានដាយ ព្រលះ​កាមរី​ឆ្លាម បណ្តលឲ្យបុគ្គលិក​ធនាគារ​អេស៊ីលីដា​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​របួស​ធ្ងន់។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​៖​៣០​នាទី​ព្រឹក​ព្រលឹម​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត ហ៊ីយ៉ានដាយ ពណ៌​ទឹក​ប្រាក់​លាយ​បៃតង គ្មាន​ស្លាក​លេខ បានបែក​កង់​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខភ្នំពេញ 2H-5743 របស់​បុគ្គលិក​ធនាគារ អេស៊ីលីដា ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក C100 កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1A​-​9184 បណ្តាលឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ផងដែរ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា ជន​រងគ្រោះ​បើកបរ​រថយន្ត​កាមរី​ឆ្លាម​ ឈ្មោះ ហ៊ិន សុគន្ធា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ពោធិ៍​បាក់​ក សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ, ទី​២៖ ឈ្មោះ ពិន ចិន្ត្រា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្លាប់​នៅកន្លែង​កើតហេតុ, ទី​៣៖ ឡូត លៀង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់, ទី​៤៖ ឈ្មោះ កែវ សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួស​ធ្ងន់។ ចំណែក​ជន​រងគ្រោះ​ទី​៥៖ ឈ្មោះ ឆុន តូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ របួស​ធ្ងន់ ជា​អ្នក​បើកបរ​ម៉ូតូ​ម៉ាក C100 កូរ៉េ ពណ៌ក្រហម។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល។

ករណី​ទី​២៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​យីឌុប បាន​ព្រលះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ហាយឡែនឌ័រ ពណ៌​ស បណ្តាល​គ្រូ​ពេទ្យ​ប្រុស​ស្រី​២​នាក់ ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ វេលា​ម៉ោង​និង​០០​នាទី​ព្រឹក នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

ជន​រងគ្រោះ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ទាំង​ពីរ​នាក់​មាន ទី១៖ ឈ្មោះ អៀង ភ័ណ្ឌ ភេទ​ប្រុស មុខ​របរ​ជា​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់ម៉ែត, ចំណែក​ជន​រងគ្រោះ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។

មុន​ពេល​​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ហាយឡែនឌ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AF​-​3504 ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ជិះបញ្ច្រាស​ទិស​គ្នា​ជាមួយ​រថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទ​យីឌុប​៤​ភ្លៅ លុះ​មក​ដល់​កន្លែង​កើត​ហេតុ ខាង​រថយន្ត ហាឡែនឌ័រ ទំនង​ងោកមួយ​ភាំង​ក៏​រេ​ចង្កូត​ចូល​យីឌុប​ចំ​ពី​មុខ បុក​គ្នា​ពេញ​ទំហ៊ឹង បណ្តាល​ឲ្យអ្នក​ជិះ​រថយន្ត ហាយឡែនឌ័រ ស្លាប់​ទាំង​ពីរ​នាក់​តែម្តង។

បច្ចុប្បន្ន​សព​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវបាន​​យក​មក​តម្កល់ទុក​នៅអធិការដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ស្រុក​សន្ទុក រង់ចាំ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕