ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ចាប់​អ្នក​ជិះ​ម៉ូតូ អត់​ពាក់មួក ជិះ​បញ្ច្រាស​ទិស អត់​កញ្ចក់ អត់​ស្លាក​លេខ

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ០៤​រោច ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨​តទៅ សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ចាប់​អ្នក​ជិះ​ម៉ូតូ អត់​ពាក់មួក ជិះ​បញ្ច្រាស​ទិស អត់​កញ្ចក់ អត់​ស្លាក​លេខ ដោយ​ដកហូត​ម៉ូតូ​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ និង​ថត​ទូរទស្សន៍ ធ្វើ​កិច្ចស​ន្យា​​សិន ទើប​ផាកពិន័យ រួច​ប្រគល់​ម៉ូតូ​ឱ្យ​វិញ ហើ​យ​​បើ​នៅ​រឹងទទឹង​សមត្ថកិច្ច​នឹង​វ៉ៃ​ខ្នោះ​បណ្តោះ​អាសន្ន​ ។

ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹង​រឹង រហូត​ព្រមាន​ដក​តំណែង​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ មក​រា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោច​ក្រ​កាត់ដេរ​នៅ​តំបន់​ប្ញ​ស្សី​កែវ ក្រោយ​សម្ដេចតេជោ ហ៊ុន សែន ពិនិត្យ​ឃើញ​មានការ​ជិះ​បញ្ច្រាសទិស​ច​រា​រណ៍​នៅ​មុខ​ភូមិ​គ្រឹះ​របស់​សម្ដេច​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នោះ​រួច​មក​។

ក្រោយ​ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​សម្ដេចតេជោ ហ៊ុន សែន ភ្លាម​ៗ​គេ​ឃើញ​សមត្ថ​កិច្ច​ចម្រុះ ពិសេស​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ និង​លោក​សាំ ពិសិ​ដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ដាក់​ស្លាក​សញ្ញា​ហាម​ជិះ​បញ្ច្រាស​និង​គូស​គំនូស​ចរាចរណ៍ ព្រមទាំង​ឈរ​ត្រួតពិនិត្យ​កា​អនុវត្ត​ចាប់​អ្នក​ជិះ​បញ្ច្រាស​ភ្លាម​ៗ ។

ការ​អនុវត្ត​បទបញ្ជា​របស់សម្ដេចតេជោ ហ៊ុន សែន នៅ​ខាង​មុខ​ភូមិ​គ្រឹះ​លោក​ក្បែរ​វិមាន​ឯក​រាជ្យ ត្រូវ​បាន​គេ​ឃើញ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ដូន​ពេញ​ឈរ​និង​អង្គុយ​ចាំ​ចាប់​អ្នក​ជិះ​បញ្ច្រា​ស​​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់​ជ្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ទៅ​ហាត់ប្រាណ​នៅ​សួន​វិមាន​ឯករាជ្យ​និង​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ ។

ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា វប្ប​ធ៌​ម​ស្ពឹក​ស្រពន់ មិន​ខ្វល់​ពី​សុខ​ទុក្ខ​​រាស្ត្រ ទាល់តែសម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រែក​បាន​ធ្វើ គួរតែ​ត្រូវ​បិទ​បញ្ចប់ ហើយ​​ប្រជារាស្ត្រ​ខ្លួនឯង​ក៏ត្រូវ​ចូលរួម​អនុវត្តន៍​ច្បាប់​ទាំងអស់​គ្នា ទើប​សង្គម​ខ្មែរ​មានការ​ឯក​ភាព​​ជាតិ ឈាន​ទៅ​កាន់​នីតិរដ្ឋ​ពិតប្រាកដ និង​រួម​គ្នា​កសាង​អភិវឌ្ឍន៍​ប្រទេស​ដ៏អភ័ព្វ​មួ​យ​នេះ ឈាន​ទៅ​សម្បូរ​សប្បាយ​រុងរឿង​នា​ពេល​ខាង​មុខ ៕