ហៅ​គាត់​ថា​ម៉េច បើ​កូន​ស្រី​បង្កើត​អាយុ​១២​ឆ្នំា​ក៏​ចាប់​រំលោភ​ដែរ

បុរស​​ម្នាក់​​ត្រូវ​​សមត្ថកិច្ច​​ចាប់​ខ្លួន​​តាម​ពាក្យ​បណ្តឹ​ង ក្រោម​​ការ​​ចោទ​ប្រកាន់​​ពី​​បទ​ចាប់​រំលោភ​​កូន​ស្រី​​បង្កើត​​ចំនួន​​២​​ដង ។ សេចក្តី​រាយ​ការណ៍​​បាន​​ឲ្យ​​ដឹង​​ថា ជន​សង្ស័យ​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​​ដាក់​​ខ្នោះ កាល​ពី​​ថ្ងៃ​ពុធ ២​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​​ថ្ងៃ​​ទី​០៣ ខែមករា ឆ្នាំ​​២០១៨ និង​​បាន​បញ្ជូន​​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​ស្ទឹង​ត្រែង បន្ត​​ចាត់​ការ​​តាម​​នីតិ​វិធី​​ច្បាប់​ ។

បើ​​តាម​​នគរបាល​​បាន​​បញ្ជាក់​​ថា ជន​សង្ស័យ​ដែល​​ឃាត់​ខ្លួន​​ខាង​លើ ឈ្មោះ គង់ ភារ​ម្យ អាយុ​​៤៩​​ឆ្នាំ មុខ​របរ ​ធ្វើ​ស្រែ នៅ​​ក្នុង​​ឃុំ​​សំអាង ស្រុក​​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១២​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ជនសង្ស័យ និង​ត្រូវ​ឪពុក​បង្កើត​ចាប់​រំលោភ​​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ ។

សមត្ថកិច្ច​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ ក្រោយ​ឪពុក​បង្កើត​រំលោភ​បាន​សម្រេច​ចំនួន​២​ដង ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ប្រាប់​ម្តាយ​នាង​ផង​ដែរ ប៉ុន្តែ​ម្តាយ​របស់​នាង​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ទេ ព្រោះ​ខ្លាច​ប្តី​របស់​ខ្លួន​វាយ​ធ្វើបាប ។ លុះដល់​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​ដោយសារ​តែ​ក្មេង​ស្រី​រង​គ្រោះ បាន​ទៅ​លេង​អ៊ុំ​បង្កើត​របស់​នាង ដែល​រស់នៅ​ឯ​ខេត្តកំពង់ចាម​និង​បាន​ប្រាប់​ពី​ដំណើររឿង​ឪពុក​ចាប់រំលោភ ។ ភ្លាម​ៗ​នោះ អ៊ុំ​បង្កើត​របស់​នាង ក៏​បាន​នាំ​នាង​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​នៅ​ខេត្តកំពង់ចាម​ដែរ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទទួល​ពាក្យបណ្តឹង​នោះ​ទេ ព្រោះ​ខុស​ទឹកដី ។ ក្រោយមក​អ៊ុំ​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​ធ្វើ​ដំណើរ​មក​ខេត្តស្ទឹងត្រែង ដើម្បី​ដាក់​ពាក្យ​ប្តឹង​ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ​ភ្លាម នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ក៏​បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់ខ្លួន​ជន​នេះ​តែ​ម្តង ៕