ស្រវឹង​ហើយ​មិន​ទៅ​ដេក​ទេ នៅ​បើក​រថយន្ត​សន្សំ​កម្ម​ទៀត

រាជធានី​ភ្នំពេញ៖ មនុស្ស​ប្រុស​ស្រី​បី​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​បុរស​ម្នាក់​ស្រវឹង​ស្រា​ធ្លាក់​ភ្នែក បើក​រថយន្ត​បោះពួយ​យ៉ាង​លឿន ​ជ្រុ​លចង្កូត​ទៅ​បុក​រះ​ម៉ូតូ​បី​គ្រឿង​ស្ថិត​នៅ​ផ្លូវ​លេខ ១៣៨​កែងនិង​ផ្លូវ​លេខ ២៥៩ ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោគ កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេឃើញ​បុរស​ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿងម៉ាក​ឡិច​សុីស​ពណ៌​ស្ករ ពាក់​ស្លាក​​លេខ ភ្នំពេញ 2U-2556 បើកបរ​តាមផ្លូវ​លេខ​១៣៨ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ បាន​បត់​ឆ្វេង​មក​ផ្លូវ​លេខ​២៥៩ ក៏​ជ្រុល​ចង្កូច​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រីម​សង់ ស៊េរី​០១៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង​1U-7511 ជិះ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​លេខ​២៥៩ ទិសដៅ​ពីត្បូង​ទៅ​ជើង ក៏​បុក​ពេញ​ទំហឹង បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ចំណែក​ម៉ូតូ​ត្រូវ​បាន​រថយន្ត​បុក​អូស​ប្រមាណ​ជាង​៣០​ម៉ែត្រ​ទើប​ខ្ទាតចេញ​ពី​រថយន្ត។​

រីឯ​រថយន្ត​បង្ក​មិន​ឈប់​ទទួល​ខុសត្រូវ​នោះ​ទេ បានព្យាយាម​បើក​រត់​គេច​ខ្លួន​មក​ដល់​ចំណុច​ផ្លូវ​១៤៦​កែង​និងផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ខណ្ឌ​ទួលគោគ បាន​បត់​ស្តាំ​ដៃ​ក៏​ជ្រុល​ទៅ​បុកម៉ូតូ​ពី​គ្រឿង មួយ​ម៉ាក ZomerX ពណ៌​បៃតង ​ពាក់​ស្លាក​លេខភ្នំពេញ​1FX-9866 ជិះ​ដោយ​ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់​និង​មួយគ្រឿង​ទៀត​ម៉ាក​សុយស៊ូគី​លេត ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ​1DF-2415 ជិះ​ដោយ​បុរស​ម្នាក់ បាន​រង​របួស​ជើង​ខាង​ឆ្វេង​ស្រាលអ្នក​ទាំង​ពីរ​ជិះ​តាម​ផ្លូវ​២២១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​អ្នក​រងរបួស​ធ្ងន់​ប្រុស​ស្រី​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅសង្គ្រោះ​ភ្លាមៗ។​ រីឯ​អ្នក​រង​របួស​ស្រាល​ត្រូវ​បាន​ទៅ​ព្យាបាល​ដោយខ្លួនឯង។

ចំណែក​​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន​បាន ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​។ រថយន្ត​និង​ម៉ូតូ​ខូចខាត​យ៉ាង​ដំណំ​រៀងៗខ្លួន។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះ​មក​ដល់​បានធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ផ្លូវ​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់៕