ប៉ូលិស​​ស្រុក​​អូរ​យ៉ា​​ដាវ រំលោភ​​ក្មេង​​ស្រី​សិស្ស​សាលា​​២​​នាក់ នៅ​ផ្ទះ​​សំណាក់

រតនគិរី៖ លោក មាស សោ​ភ័​ណ្ឌ មន្ត្រី​នគរបា​ល​​ស្រុក​អូ​រយ៉ា​ដាវ ត្រូវ​បាន​អាណាព្យាបាល​ក្មេង​រង​គ្រោះ​ចោទ​ថា បាន​លួងលោម​ក្មេង​ស្រី​របស់​គាត់​ជា​សិស្សសាលា​២​នាក់ យក​ទៅ​រំលោភ​នៅផ្ទះ​សំណាក់ «​ម៉េ​ង​លី​ន​» ក្នុង​ក្រុង​បាន​លុង ។ អាណាព្យាបាល​ក្មេង​រង​គ្រោះ​លោក សេវ តាំ និង​ប្រពន្ធ​ឈ្មោះ ហួយ ព្យូ ប្រាប់​ឲ្យ​ដឹង​ថា កូន​គាត់​ឈ្មោះ ល​.​វ​.​ន អាយុ​១៣​ឆ្នាំ និង​ក្មេង​ស្រី អ្នក​ជិតខាង​ម្នាក់​ទៀត​ឈ្មោះ ព​.​ល​.​ម អាយុ​១២​ឆ្នាំ (​ជនជាតិ​ចា​រ៉ា​យ​) ។

អាណាព្យាបាល​ខាងលើ បាន​ប្រាប់​បន្ត​ថា កាលពី​ថ្ងៃ​ទី​២០ ធ្នូ ២០១៧ កន្លង​ទៅ ក្មេង​ស្រី​ទាំង​២ បាត់​ពី​ផ្ទះ ហើយ​មានការ​ឆោ​រ​ឡោ​ដើរ​រក ក្នុងភូមិ​តែ​រក​មិនឃើញ លុះដល់​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ដដែល​ទើប​រក​ឃើញ ពួក​គេ​ទាំង​២​នៅ​ចំណុច​ភូមិ​ប៉ក់​តូច ដែល​មាន​ចំងាយ​២​គីឡូម៉ែត្រ ពី​ផ្ទះ​គាត់ រួច​បាន​ធ្វើការ​សួរនាំ​ពី​ដំណើររឿង ស្រាប់តែ​ធ្លាយ​រឿង មន្ត្រី​នគរបាល​ខាងលើ បាន​លួងលោម​ថា នាំ​មក​ទិញ​ខ្សែ​ក និង​ទូរស័ព្ទ​ឲ្យ​នៅ​ផ្សារ​បាន​លុង តែ​ធាតុ​ពិត​នាំ​ចូល​ផ្ទះ​សណាក់ «​ម៉េ​ង​លី​ន​» រំលោភ​ម្នាក់​ម្តង​ទៅ​វិញ ។

សូម​បញ្ជាក់​ថា ក្មេង​ស្រី​ទាំង​២​នាក់​នេះ ចេញចូល​ផ្ទះ​មន្ត្រី​នគរបាល​ព្រឹកល្ងាច ជួយ​លាងចាន​, ជួយ​មើល​កូន​ក្មេង​គ្រាន់​បាន​លុយ​បន្តិចបន្តួច​រៀនសូត្រ ។ អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ពួ​គគាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​មេ​ភូមិ​, មេឃុំ និង​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួ​ន​​ជនល្មើស​នោះ​ទេ ។ បន្ទាប់​មក​ក៏​លេចមុខ​ប្រពន្ធ​មន្ត្រី​នគរបាល​ឈ្មោះ មាស សោ​ភ័​ណ្ឌ រួម​និង​មេ​ប៉ុស្តិ៍ ឃុំ​ប៉ក់​ញ៉ៃ គឺ​លោក ង​យ ដ​ន អធិការរង​ស្រុក អូ​រយ៉ា​ដាវ សុំ​សម្របសម្រួល​សង​លុយ​ក្នុង​ម្នាក់​៦​ពាន់​ដុល្លារ ទាំង​២​នាក់ គឺ​១​ម៉ឺន​២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង ប្រុង​រួច​ពី​សំណាញ់​ច្បាប់ ទៅ​វិញ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ លោកស្រី កែវ ដា​វី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ជួញដូរ និង​ការពារ​អ​និ​តិ​ជន (​យេ​ន​ឌ័​រ​) ប្រាប់​អ្នកកាសែត​ថា ទោះជា​មានការ​សម្របសម្រួល​គ្នា យ៉ាងណា​ក៏​ដោយ ជន​ប្រព្រឹត្ត​ខុសច្បាប់​ទៅ​លើ​ក្មេង​ស្រី ជា​អនីតិជន ត្រូវ​តែ​មានទោស ហើយ​លោកស្រី នឹង​ស្រាវជ្រាវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ។ ស្រាប់តែ​នៅ​ពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​លោក​ស្រី​​បាន​​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ​ថា ករណី​​សំណុំរឿង​ខាងលើ​បញ្ជូន​ទៅ​តុលាការ​ហើយ គឺ​ផុត​ពី​ដៃ​គាត់ ។ ទោះបី​យ៉ាងនេះ​ក្តី លោកស្រី​ស្នងការ​រង​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ គឺជា​ការ​ភ័​ណ្ឌ​ច្រឡំ មិន​ពិត​ដូច​ការ​ចោទប្រកាន់​ទេ គ្រាន់តែ​អាណាព្យាបាល​បាត់​កូនស្រី ហើយ​ធ្វើការ​ចោទប្រកាន់ តែ​ប៉ុណ្ណោះ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​ដែល​ដឹង​រឿងរ៉ាវ​ខាងលើ​នេះ មាន​ច​ម្ង​ល់​ថា បើ​រឿង​មិន​ពិត​ទេ ហេតុ​អី សម្របសម្រួល​សង​លុយ​១​ម៉ឺន​២​ពាន់​ដុល្លារ ឲ្យ​អាណាព្យាបាល​ក្មេង​ស្រី​នោះ ? ម្យ៉ាងទៀត មិន​ពិបាក​នោះ​ទេ បើ​សមត្ថកិច្ច​ទៅ​ឆែក​កា​ម៉ា​រ៉ា​នៅ​សំណាក់ «​ម៉េ​ង​លី​ន​» ពិតជា​ដឹង​ពិតប្រាកដ ៕