មន្ត្រី​មន្ទីរ​ឧស្សាហ៍កម្ម​ខេត្ត​កណ្តាល​ម្នាក់ ស្រវឹង​ស្រា​បើក​រថយន្ត​បុក​រះ​ម៉ូតូ​ពី​គ្រឿង

ខេត្តកណ្តាល៖ បុរស​ម្នាក់​ដែល​គេ​​ស្គាល់​ជា​មន្ត្រី​បំរើ​នៅ​អង្គ​ភា​ពឧស្សាហ៍​កម្ម​ខេត្ត​កណ្តាល បើក​រថយន្ត​បុក​រះ​ម៉ូតូ​ពី​គ្រឿង នៅចំណុច​លើ​ផ្លូវ​ជាតិ​លេខ​២១ ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាល​ពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០​១៨ និង​បាន​ប្រើ​អំណាច ក្នុងស្ថាន​ភាព​ស្រ​វឹង ស្រែក​ចង្អុល​អោយ​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​វាស់​ជាតិ​អាល់​កុល​ខ្លួន ហើយ​គំរាម​ថា បើ​ហ៑ាន​ឃាត់​ខ្លួន​គាត់​តេ​ប្រាប់​មេ​បក្ស​របស់​គាត់​ភ្លាម ។

បើ​តាម​លោក​អនុសេនីយ៍ឯក ស៑ាង រិទ្ធី នាយ​រង​ផ្នែក​ចរាចរណ៍​នៃ​អធិការ​ក្រុង​តាខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា ជន​បង្ក​មាន​ឈ្មោះ អឹុម វណ្ណះ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ព្រែក​សំរោង​​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេ​ត្ត​កណ្តាល ។ ជន​រងគ្រោះ​ឈ្មោះ សេង សែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានទីលំ​នៅ​ភូមិ​តំបន់​មាន​ជយ័ ឃុំ​សម្បត្តិ​មាន​ជយ័ ស្រុករមាស​ហែក ខេត្ត​ស្វាយ​រៀង ។

នៅ​មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​មួយ​គ្រឿ​ង​បើក​បរ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី មន្ទីរ​ឧស្សា​ហ៍​កម្ម​ខេត្ត​កណ្តាល បាន​បើក​រថយន្ត​ម៉ាក​បា​ឡែ​ន ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​កណ្តាល 2​​A-​​8278 ពី​ទិស​ដៅ​ជើង​ទៅ​ត្បូង ក្នុង​ល្បឿ​ន​លឿនក្នុងស្ថានភាពស្រវឹងជោគជាំ ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពី​គ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង ចំ​យ៉ាង​ពេញ​ទំហឹង ហើយ​បន្ថែម​ល្បឿន​បើក​រត់​គេច បាន​ប្រហែល​ជិត​៥០០​ម៉ែត្រ​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​ឃាត់​បាន​។ ភ្លាម​ៗ​នោះកម្លាំង​ជំនាញ​ចរាចរណ៍​នៃ​អធិការ​ដ្ឋាន​ក្រុង​តាខ្មៅ បានចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ធ្វើ​ការ​វាស់​វែង និងយក​ម្ចាស់​រថ​យ​ន្ត​បង្ក​មក​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើ​ការ​សាក​សួរ ចាត់​​ការតាម​នីតិ​វិធី​ច្បាប់ ។ ចំណែក​ជនរង​គ្រោះ​ត្រូវ​បាន​សាច់ញាត្តិ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ជយ័​ជំនះ ៕