ចោរ​ឆក់​កាបូប​ដួលរបួស​ធ្ងន់​ម្នាក់ និង​ម្នាក់​ទៀត​បាត់​ការ​ចង​ចាំ សមត្ថកិច្ច​ចាប់​អត់​​បាន

ភ្នំពេញ៖ ចោរ​ឆក់​២​នាក់មក​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​ស្ដាយពី​ស្រ្តី​ចំណាស់​២​នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដាយ​ផ្លូវ​១៨២ បានស​ម្រេ​ច​បាត់ បណ្ដាលឲ្យ​គាត់​ដួល​ម៉ូតូ​រង​របួស​ធ្ងន់​មិន​ចាំ​អ្វី​ទាំង​អស់ ហេតុ​ការ​ភ្ងាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី៣ ខែមក​រា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ដា​ណ​ម៉ា​កាត់​ដេរ​ផ្លូវ​១៨២ សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោ​ក ។

ប្រជា​ពលរដ្ឋ​ដែល​លក់​ដូរ​នៅ​ក្បែរ​នោះ បាន​ប្រាប់​ឲ្យ​​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​ស្រ្តី​រងគ្រោះ​ទាំង​២​នាក់ ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​គុប​ជ្រុង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-8414 ធ្វើ​ដំណើរ​តាម​បណ្ដាយ​១៨​២ ពី​កើត​មក​លិច លុះ​មក​ទល់​មុខហាង ដា​ណម៉ា កាត់​ដេរ ស្រាប់​តែ​លេខ​មុខ​ចោរ​ឆក់​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា C125 ពណ៌​ខ្មៅ ស៊េរី​២០១៨ មក​ពី​ក្រោយ ឆក់យក​កាបូប​ស្ដា​យ​ពី​គាត់​បាន​សម្រេច រួច​បើក​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក តែ​គាត់​ដួល​ម៉ូតូ​រង​របួស​ធ្ងន់​ម្នាក់ និង​ម្នាក់​មិន​ចង​ចាំ​អ្វី​ឡើយ ហើយ​មិន​ដឹង​ថា គាត់​ពី​ណា​មក​ផង ។ បច្ចុប្បន្ន​ម៉ូតូ​ស្រ្តី​រងគ្រោះ​ត្រូវ​បាន​សម្ថតកិច្ច​ប៉ុស្តិ៍​ទឹក​ល្អក់​២ យក​រក្សា​ទុក​ដើម្បី​រង់​ចាំ​ជន​រង​គ្រោះ​ចេញ​ពី​មន្ទីរ​ពេទ្យ​ប្រគល់​ជូន​គាត់​វិញ ។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​មូល​ដ្ឋាន​ខណ្ឌ​ទួល​គោក មាន​ការ​ព្រួយ​បារម្ភ​អំពីសុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ដោយ​មូល​ហេតុ បណ្តា​ល​ឲ្យ​មាន​បទ​ល្មើស​ទាំង​នេះ​កើត​ឡើង​មកពី​មាន​ល្បែង​ស៊ី​សង ជា​ច្រើន​កន្លែង​ជ្រោក​ក្រោម​ហាង​កាហ្វេ អ៉ិនធឺណេត ៕