ពន្ធនាគារ​ខេត្ត​កណ្តាល​ ធ្វេស​ប្រហែស​ធ្វើ​ឱ្យ​ជន​ត្រូវ​ចោទ​ម្នាក់​លោត​សម្លាប់​ខ្លួន

ខេត្តកណ្តាល៖ ជន​ត្រូវ​ចោទ​ម្នាក់​ លោត​សម្លា​ប់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ ដែល​អ្នក​ខ្លះ​ថា ជា​ករណី​វៃ​តប់​គ្នា​ហើយ​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះ​គន់​អំពី​ការ​ធ្វេស​ប្រហែស​នៃ​បញ្ហា​នេះ​ ។​ របា​យ​ការណ៍​ពន្ធ​នាគារ​​អះ​អាង​ថា​ ជន​នេះ​លោត​សម្លាប់​​ខ្លួន​ តែ​តុលា​ការ​កំពុង​ស៊ើប​អង្កេត​ករ​ណី​​នេះ​ ឱ្យ​ពិត​ប្រាកដ​ថា​ ជា​ករណី​លោត​សម្លា​ប់​ខ្លួន​ឬ​ជា​ករណី​អ្វី​ផ្សេង ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ មុត​ ​លីណាន​ ភេទ​ប្រុ​ស​ អាយុ​៣១​ឆ្នាំ​ ជាប់​ចោទ​ពី​បទ​”ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេត​នា” ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរ​ជូន​ ឃុំកោះ​ខែល​ ស្រុក​ស្អាង​ កាល​ពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​ តាមមាត្រា​៤១០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។​ ជន​នេះ​​ត្រូវ​បាន​លោក​ គឹម​ ម៉េង​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ។ ប្រភព​ព័ត៌​មាន​​បន្ត​ថា​ កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០​១៧​ ជន​នេះ​បាន​លោត​សម្លាប់​ខ្លួន​ពី​ស៊ី​ទែន​ផ្ទុក​ទឹក​ដ៏​ធំ​ក្នុង​ពន្ធនាគារ​ ដែល​អ្នក​ដឹង​រឿង​ច្បា​ស់​អះ​អាង​ថា​ ទំនង​មិន​មែន​ជា​ករណី​លោត​ស​ម្លាប់​ខ្លួន​ទេ​ គឺ​ជា​ករណី​វៃ​តប់​គ្នា​ក្នុង​ពន្ធ​នាគា​រ​ ។

ទោះ​​បី​យ៉ាង​ណា​ នៅ​ថ្ងៃ​ទី០២​ ខែមករា​ ឆ្នាំ២០​១​៨​ លោក​ ទិន​ សុចិត្រា​ អ្នក​នាំ​ពាក្យ​អយ្យ​កា​រ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​​ថ្លែង​ថា​ អយ្យ​ការ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ ដោយ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។ អ្នក​ច្បាប់​មួយ​រូប​​អះ​អាង​ថា​ ជន​ត្រូវ​ចោទ​បាន​ស្លា​ប់​ ។​ ដូច្នេះ​សំណុំ​រឿង​នេះ​ ត្រូវបាន​រលត់​បណ្តឹង​អាជ្ញា​ យោង​តាម​មាត្រា​៧​នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ៕