ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ និង​កូន​ស្រី​របួស​ធ្ងន់ (ហាយលែនឌ័រ​បុក​ពី​ក្រោយ)

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ ស្ត្រី​ម្នាក់ ជា​ប្ដី​ប្រពន្ធ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ និង​កូន​ស្រី​ម្នាក់​រង​របួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង រវាង​រថយន្ត និង​ម៉ូតូ កាល​ពី​វេលា​ម៉ោង ១៣ និង ៣០នាទី រសៀល​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៧ នេះ ស្ថិត​លើ​ផ្លូវ​ខេត្ត​លេខ ១១-១០ ក្នុង​ភូមិ​ស្វាយ​អន្ទរ​១ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហាយឡែនឌរ័ ពណ៌ស ស្លាក​លេខ​ឃ្លាំង WASHINGTON​.​AVJ​. 3214 បើក​ដោយ​ឈ្មោះ ធេល ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អន្ទរ បើកបរ​ពី​ជើង​ទៅ​ត្បូង បាន​បំពាន​គន្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ ១​គ្រឿង ម៉ាកC125 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង1G8341 បើកបរ​ដោយ​ឈ្មោះ យាន ជន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (ស្លាប់) ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើង ដោយ​មាន​អ្នក​រួម​ដំណើរ ២​នាក់ ឈ្មោះ ឌឹន ភន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​ឈ្មោះ ជន ផៃ ភេទ​ស្រី អាយុ ១៨​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ អ្នក​ទាំងពីរ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ត្រូវ​ជា​កូន។

សមត្ថកិច្ច​បន្ត​ថា មូល​ហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ដោយសារ​រថយន្ត​បំពាន​គន្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ​តែម្តង។ ក្រោយ​កើត​ហេតុ​ភ្លាម អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាក​សព​អោយ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ស្វាយ​អន្ទរ៕