ព្រឺក្បាល! សិស្ស​ដែល​ធ្លាប់​សន្លប់​អះអាង​ថា បាន​ឃើញ​ព្រាយ​ដើរ​ចូល​ថ្នាក់ (មាន​វីដេអូ)

ខេត្ត​រតនគិរី ៖ រឿង​ចម្លែក​មួយ​បាន​កើតឡើង​នៅ​បំណាច់​ឆ្នាំ​២០១៧ ក្នុង​ខេត្ត​រតនគីរី បន្ទាប់​ពី​សិស្ស​ស្រី​ជា​ច្រើន​នាក់​អង្គុយ​រៀន​សុខ​ៗ ក៏​ស្រាប់តែ​ដួល​សន្លប់​រដូករណែល​ពេញ​ថ្នាក់រៀន ដោយ​អះអាង​ថា បាន​ឃើញ​ស្រមោល​ៗ​មនុស្ស​ចម្លែក​ មាន​សក់​វែង និង​មាន​ឈាម​ប្រឡាក់​ពេញ​មុខ និង​ខ្លួន ដើរ​ចូល​ក្នុង​បន្ទប់រៀន ។

ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ២០១៧ នៅ​វិទ្យាល័យ​ហ៊ុន សែន​ភូមិ​ថ្មី ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ក្រោយ​ពី​សិស្សានុសិស្ស ភាគច្រើន​ជា​សិស្ស​ស្រី មាន​អាការ​ប្រកាច់ ហើយ​ស្លេកស្លាំង​ទន់ដៃទន់ជើង​សន្លប់​ជា​បន្តបន្ទាប់។

ជុំវិញ​រឿង​នេះ លោក ធន់ យន់ នាយក​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី បាន​រៀបរាប់​ថា «​សិស្ស​ស្រី​ចេះ​តែ​ដួល​សន្លប់​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​រហូត​ដល់​សៅរ៍ ខែធ្នូ ២០១៧ នេះ​មក​ម្ល៉េះ ដោយ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​សន្លប់​ចាប់ពី​៥ ទៅ​៦​នាក់​ដែរ ហើយ​មក​ដល់​ថ្ងៃនេះ​មាន​សិស្ស​ដួល​សន្លប់​៣៥​នាក់ មក​ហើយ​ប៉ុន្តែ​មិន​បាត់បង់​ជីវិត​នោះ​ទេ។

លោក​នាយក​បាន​បន្ត​ថា ដោយ​មានការ​ពិគ្រោះគ្នា​រវាង​លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​សិស្ស​ដែល​រៀន​ក្នុង​សាលា​នេះ តែងតែ​និយាយ​ថា ឃើញ​មនុស្ស​ម្នាក់​ចម្លែក​សក់​វែង និង​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ហេតុ​ទាំងនេះ​ទើប​លោកនាយក​គិត​ឃើញ​ថា ប្រហែលជា​មក​ពី​ខុស​អារក្ស អ្នកតា​ហើយ ក៏​បាន​សម្រេច​និមន្ត​ព្រះសង្ឃ​មក​រៀបចំ ពី​ធី​សែនព្រេន រួម​មាន​បាយសី និង​ស្រា​ពាង​ផង​ដែរ។

លោក​នាយក​សាលា ក្រោយ​ពី​ដឹង​រឿ​ន​នេះ ក៏​នាំ​លោកគ្រូ​-​អ្នកគ្រូ ធ្វើ​ពិធី​សែនព្រេន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​ពិធីសែនព្រេន​រួច ស្រាប់តែ​សិស្ស​ដែល​រៀន​នៅ​ក្នុង​ថ្នាក់​មាន​អាការ​ប្រកាច់ ហើយ​ស្លេកស្លាំង​ទន់​ដៃ ទន់​ជើង សន្លប់​ជា​បន្តបន្ទាប់​ស្ទើរ​គ្រប់​ថ្នាក់ ភាគច្រើន​សិស្ស​ស្រី​ជាង​៥០​នាក់ បាន​ដួល​សន្លប់​ត​ៗ​គ្នា ដោយ​ពួក​គេ​ថា ឃើញ​មនុស្ស​អាក្រក់​ប្រឡាក់​ឈាម​នោះ​ទៀត។ ភ្លាម​ៗ សិស្ស​ទាំងនោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្តបន្ទាប់ ទាំង​គ្រួ​ពេទ្យ​ក៏​នៅ​មិន​ទាន់​រក​រោគ​សញ្ញា​ឃើញ។

បើ​តាម​អាណាព្យាបាល​សិស្ស​ស្រី​ម្នាក់ លោកស្រី មាន សុផល អាយុ​៤៤​ឆ្នាំ បាន​អោយ​ដឹង​ថា ការ​ដួល​សន្លប់​នេះ កូនស្រី​គាត់​និយាយ​ប្រាប់​ថា ឃើញ​ព្រាយ សិស្ស​ក្នុង​ថ្នាក់​ច្រើន​នាក់​ពួក​គេ​បានឃើញ​មាន​មនុស្ស​ម្នាក់​ចូល​មក​ក្នុង​បន្ទប់ ពេល​ពួក​គេ​មើលទៅ មុខ​ប្រឡាក់​សុទ្ធតែ​ឈាម និង​ទម្លាក់​សក់​វែង​អន្លាយ ឃើញ​ដូច្នេះ ពួក​គេ​ក៏​ស្រែក​ឆោឡោ​ឡើង ! ស្លុត​ស្មារតី ដួល​សន្លប់ត​ៗ​គ្នា ហើយ​នៅ​ក្នុង​ចំណោម​សិស្ស​ស្រី​ទាំង​៥០​នាក់​នោះ មាន​ម្នាក់​ឈ្មោះ ស៊ី ផុនលីដា វ័យ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​«8C» ធ្ងន់ធ្ងរ​ជាងគេ។

លោកស្រី មាន សុផល ក៏​បាន​សំណូមពរ​អោយ​អុជ​ធូប សែនពែ សុំ​កាប់​ដើមឈើ​មួយ​ដើម​ក្នុង​សាលា ដោយ លោកស្រី អះអាង​ថា ប្រាកដជា​មាន​ព្រាយ​បិសាច​រស់នៅ​ក្នុង​ទីនោះ​ហើយ។
ទោះជា​យ៉ាងណា មក​ទល់​ពេល​នេះ សមត្ថកិច្ច មិន​ទាន់​សន្និដ្ឋាន​បាន​ថា ការ​សន្លប់​នោះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ពី​លោក​លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សិស្ស​រង​គ្រោះ​ទាំងនោះ​ឃើញ​ថា មានការ​ខ្វះ​ជាតិ​ស្ករ និង​ជាតិ​កាល់ស្យូម។

ចំណែក​លោក អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​នៅ​ក្នុង​ថ្នាក់រៀន នីមួយ​ៗ គ្មាន​អនាម័យ មាន​សភាព​ហប់​ខ្យល់ ខ្វះ​អុកស៊ីហ្សែន ទើប​បណ្ដាល​ឲ្យ​មាន​ករណី​បែប​នេះ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល មាន​សិស្សសាលា​ដែល​រង​គ្រោះ​មួយ​ចំនួន នៅ​តែ​ស្រែក ពេល​ដែល​បើកភ្នែក​មើល​ម្តង​ៗ ទាល់តែ​បញ្ជូន​ទៅ​អោយ​ព្រះសង្ឃ លោក​ស្រោច​ទឹក​ឲ្យ ទើប​ដឹងខ្លួន ធម្មតា​​វិញ ប៉ុន្តែ​ក្នុង​ករណី​នេះ ក៏​មាន​សិស្ស​ដែល​រង​គ្រោះ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត រួច​មក​ក៏​បាន​ធូរស្រាល​ជា​ធម្មតា ហើយ​ត្រូវ​ឪពុក​ម្ដាយ​នាំ​យក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ពុំ​មាន​សិស្ស​ណា​ម្នាក់​រង​គ្រោះ និង​បាត់បង់​ជីវិត​ឡើយ៕