ឮសម្លេ​ង «ក្តាំង!» ចេញ​ពី​ក្នុង​បន្ទប់​ជួល​ខាង​លើតែ​ក៏​ស្ងាត់​ទៅ​វិញ ស្អែកឡើងភ្ញាក់ផ្អើល

ភ្នំពេញ៖ ស្ត្រី​ម្នាក់ត្រូវ​គេ​ប្រទះ​ឃើញ​សាកសពស្លាប់​ក្នុង​បន្ទប់​ទឹក​ក្នុង​បន្ទប់​ផ្ទះ​ជួល ដោយ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន សង្ស័យ​​ប្តី​ក្រោយ ធ្វើ​សកម្ម​ភាព​វាយ​និង ច្របាច់.ក​សម្លាប់​ក្រោយ​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា កាល​ពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល ផ្សារ​សុភ​មង្គល ភូមិ​ត្រាំ​ដោក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា សព​ជន​រង​គ្រោះ​មាន​ឈ្មោះ ឌឹម សារ៉េត (ហៅហេង ផល​លាភ ) ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់ ជួល​លេខ​F៥៤ ផ្សារ​សុភ​មង្គល ភូមិ​ត្រាំ​ដោក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ មាន​ស្រុក​កំណើត នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​រំពា ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​ក្រោយ​មានឈ្មោះ ឃុំ សុខឃាង (ហៅផាត់ សុខ​ឃា​ង) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ មិន​ពិត​ប្រា​កដ ទី​លំ​នៅ​ភូមិ​ប្រាំ​យាម ឃុំ​ប្រាំយាម ស្រុ​ក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម (កំពុង​រត់​គេច​ខ្លួន) ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរបន្ទប់​ជួល​របស់​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​និង ប្តី​ក្រោយ ដែល​ជា​ជន​សង្ស័យ​រូប​នេះ ទើប​តែ​មក​ស្នាក់​នៅ​បន្ទប់​ជួល​ខាង​លើ​បាន រយៈ​ពេល​២០​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ ហើយ​ជា​រៀង​រាល់​ថ្ងៃ​គេ​តែង​តែ​ឮ​សម្លេង​ប្តី​ប្រពន្ធ​១​គូ​នេះ ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹក​ញាប់ សង្ស័យ​បណ្តាល​មក​ពី ភ្លើង​ប្រច័​ណ្ឌ​ លុះ​ដល់​មុន​យប់​ថ្ងៃ​កើត​ហេតុ​​១ថ្ងៃ គេ​បាន​ឮសម្លេង​​ឈ្លោះ​ប្រកែក​គ្នា​ទៀត រួច​ក៏​ឮសម្លេ​ង «ក្តាំង!» ចេញ​ពី​ក្នុង​បន្ទប់​ជួល​ខាង​លើ តែ​ក៏​ស្ងាត់​ទៅ​វិញ រហូត​ដល់​ម៉ោង​កើត​​ហេតុ​ខាង​លើ ដោយ​បាត់ មិន​ឃើញ​ស្ត្រីរងគ្រោះ​ចេញ​មក​ក្រៅ​ប្លែក ពី​សព្វ​ដង ក៏​នាំ​គ្នា​ចូលទៅ​មើល ស្រាប់​តែ​ឃើញ​ស្ត្រី​រង​គ្រោះ ដេក​ស្លាប់​ក្នុង​បន្ទប់​ទឹក​តែ​ម្តង ទើប​ប្រញាប់​រាយ​ការណ៍​ជូន​សមត្ថកិច្ច ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង ការិយា​ល័​យ​បច្ចេកទេស វិភាគ​កន្លែង​កើត​ហេតុ នៃ​ស្ន​ង​ការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ដឹក​នាំដោ​យ​លោក​ឧត្តមសេនីយ៍ សុង លី ស្នងកា​ររង​ន​គ​របាលរាជធានីភ្នំពេញ ទទួល​បន្ទុក​ផ្នែក​យុត្តិ​ធម៌ សហការ​ជាមួយនគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​​​ខណ្ឌ និង​ប៉ុស្តិ៍​ពង​ទឹក បើកការ​ស្រាវ​ជ្រាវ​និង​សាក​សួរ​ទៅ​លើ​សាច់​ញាតិ​ជន​រងគ្រោះ ដែល​ត្រូវ​ជា​បង​ស្រី​ឈ្មោះ ឌឹម ព្រីង អាយុ៤៩​ឆ្នាំ ហើយ​ជា​លទ្ធ​ផល​បាន​ឲ្យ​ដឹង​ថា៖ ស្ត្រីរង​គ្រោះ​ខាង​លើ ធ្លាប់​មាន​ប្តី​មុន ដែល​រួ​ម​រស់​ជា​មួយ​គ្នា​​បន្សល់​ទុក​នូវ​កូន​ប្រុស អាយុ៦ឆ្នាំ​ជា​ចំណង​ដៃ ហើយ​ក៏​បែក​បាក់​គ្នា ទើប​មក​ជួប​នឹង​ប្តី​ក្រោយ​​ដែល​ជា​ជន​សង្ស័យ​បានរយៈ​ពេ​ល​២ឆ្នាំ ដោយ​ពុំ​បាន​រៀប​ការ​អ្វី​នោះ​ទេ ហើយ​ក៏​រួម​រស់​ជា​មួយ​គ្នា​រហូត​មក។ ហើយ​ស្ត្រី​រង​គ្រោះ​ជា​ប្អូន​ស្រី បាន​ចេញ​ពី​ស្រុក​កំណើត រយៈ​ពេល​៣​ខែ មក​ហើយ តែទើបមករស់នៅ​បន្ទប់​​ផ្ទះ​ជួល​កើត​ហេតុ​នេះ បានរយៈ​ពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ទំនាក់​ទំនង គូស្នេហ៍​ខាង​លើ តែង​តែ​មាន​ការ​ឈ្លោះ​​ប្រកែក​គ្នា និងគំរាម​ចង់​សម្លាប់​ស្ត្រី​រងគ្រោះ ជា​ញឹក​ញាប់ ។

លុះមុន​ពេ​ល​កើត​ហេតុ​ស្ត្រីរងគ្រោះ​បាន​តេ​ទូរសព្ទ​មក​ប្រាប់​បង​ស្រី​ខ្លួន​ថា ប្តី​ក្រោយ​របស់​នាង ចង់​ចាក់​សម្លាប់ នាង​ទៀត​ហើយ តែ​ស្ត្រី​ជា​បង មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ដោយ​គិត​ថា ជន​សង្ស័យ​មិន​ហ៊ាន​ធ្វើ លុះ​ដល់​ថ្ងៃ​​កើត​ហេតុ ក៏​ស្រាប់​តែ​ទទួល​ដំណឹង​ថា ប្អូន​ស្រី​របស់​គាត់ ត្រូវ​គេ​សម្លាប់​តែ​ម្តង ។ លុះ​ដល់​វេលា​ម៉ោង​៩​និង​១០​នាទី​ថ្ងៃ​ទី​៣១​ដដែល បងស្រីបង្កើត​របស់​សព​ស្ត្រី​រងគ្រោះ បាន​មក​ទទួល​យក​សព​ស្ត្រី​រងគ្រោះ ពី​សមត្ថកិច្ច និងដាក់​ពាក្យ​បណ្តឹង​ចំ​ឈ្មោះ ឃុំ សុខឃាង (ហៅ​ផាត់​សុខ​ឃាង)​ ដែល​ត្រូវ​ជា​ប្តី​មិន​ស្រប​ច្បាប់ (មិនបានរៀប​កា​រ​)​របស់​ស្ត្រី​រងគ្រោះ ដើម្បីឲ្យ​សមត្ថកិច្ច​ជួយ​ស្រា​វ​ជ្រាវ​​រក​ជន​សង្ស័យ​ខាង​លើ យកមក​ផ្តន្ទា​ទោស​តាម​នីតិ​វិធី​ច្បាប់ ៕