លួច​ម៉ូតូ​Zoomer-X យក​ទៅ​​ប្តូរ​យក​កាំ​ភ្លើង​និង​​ថ្នាំ​​ញៀន​

ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពង​ទឹក សហការ​​ជាមួយ និង​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ បើក​ការ​ស្រាវ​ជ្រាវ ស៊ើប​អង្កេត​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ជន​រងគ្រោះ ឈា​ន​ទៅ​ដល់​ការ​ចាប់​ខ្លួន ជន​សង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មុខ​សញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម​បំផុត និង​ជន​សង្ស័យ​២​នាក់​ទៀត​ជា​អ្នក​ផ្សំ​គំនិត កាល​ពី​រសៀល​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៨ ។

ជន​សង្ស័យ​ទាំង​៣​នាក់​ទី១-ឈ្មោះញ៉ែម ផល្លា ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ​សំណ​ង់ ស្នាក់​នៅ​ភូមិ​អង្គ​ក្រសាំង ឃុំ​ជង្រុក ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ ។ ទី២-​ ឈ្មោះ អ៊ូច រដ្ឋា ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាង​ដែ​ក ស្នាក់​នៅ​ភូមិ​ព្រែកហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។ (ជន​សង្ស័យ​២​នាក់​​ឃាត់​ខ្លួន​បាន​នៅ​ភូមិ​រាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ) និងទី៣-ឈ្មោះ ណៃ ចាន់​ថន អាយុ​២៥​ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​ត្រពាំង​គរ សង្កាត់​ពង​ទឹក ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា មុន​នឹង​ឈា​ន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣​នាក់​ខាង​លើ ដំបូង​ឡើយ​សមត្ថកិច្ចទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ផង គឹមកន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៤២ ក្រុម​៤ ភូមិ​ត្រពាំង​គរ សង្កាត់​ពង​ទឹក ខណ្ឌ​ដ​ង្កោ រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​១១​និង​៣០ នាទី​យប់ ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ គាត់​និង​ក្រុម​គ្រួសារ​បាន​រៀបចំពិធីរៀប​មង្គល​ការ​កូន ដោយ​រវល់​ជាប់​ទទួល​ភ្ញៀវ លុះ​ដល់​យប់​ជ្រៅ​ចប់​ពិធី​ក៏​ចូល​សម្រាក​រាងៗ​ខ្លួន ពេល​នោះ​ជន​រងគ្រោះ​បាន​អូស​ម៉ូតូ​ម៉ាក Zoomer-X ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-4988 មក​ទុក​ខាង​មុខ​ផ្ទះ​ដោយ​បាន​ចាក់​សោរ.ក​ត្រឹម​ត្រូវ​ហើ​យ​​ក៏​សម្រាន្ត​លង់​លក់ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​​ធ្នូ ឆ្នាំ​​២០១៧ វេលា​​ម៉ោង​​៦​ព្រឹក ពេល​ដែល​ក្រោក​ពី​ដំណេក ក៏​បាត់​ម៉ូតូ​តែ​ម្តង ទើប​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ពង​ទឹក​ឲ្យ​ជួយ​អន្តរាគមន៍ និង​ឆែក​ពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ផ្ទះរ​បស់​ជន​រងគ្រោះ ។

ក្រោយ​ពី​សមត្ថកិច្ច​ស្រាវ​ជ្រាវ​តាម​រយៈ​ប្រពន្ធ​កា​មេរ៉ា​សុវត្ថិ​ភាព​ហើយ​នោះ ទើប​អាច​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ខាង​លើ​បាន ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ណៃ ចាន់ថន បាន​នៅ​ចំណុច​ភូមិ​ត្រពាំងគរ សង្កាត់​ពង​ទឹក ខណ្ឌ​​ដង្កោ ដក​ហូត​បាន​កាំ​ភ្លើង​ខ្លី​ម៉ាក រ៉ូ​ឡូ ១​ដើម និង​គ្រាប់​ចំនួន​៥​គ្រាប់ បញ្ជូន​មក​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ពង​ទឹក​ដើម្បី​សាក​សួរ ។
បន្ទាប់​​មក​​ជន​សង្ស័យ​រូប​នេះ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​លួច​ម៉ូតូ​ជន​រងគ្រោះ​ម៉ាក Zoo​mer-X ពាក់​ស្លាក​លេខ​ភ្នំពេញ 1GG-4988 ពិត​ប្រាកដ​មែន ដោយ​បាន​យក​ម៉ូតូ​ដែល​លួច​បាន​នោះ យក​ទៅ​ប្តូរ​ជា​មួយ​គេ​២​នាក់ ទៀត​នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ដើម្បី​ប្តូរ​យក​កាំ​ភ្លើង​ម៉ាក​រ៉ូឡូ(ដែល​ដក​ហូត​បាន) រួម​និង​ថ្នាំ​ញៀន​ទម្ងន់​ប្រហែល ១​ជី យក​មក​ប្រើ​ប្រាស់ ។ ទើបក្រោយពីទទួលបានចម្លើយសារភាពនេះរួចមក សមត្ថកិច្ចប៉ុស្តិ៍ពងទឹក សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បន្តសហការជាមួយនគរបាលស្រុកគងពិសី និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញា បាននាំខ្លួនជនសង្ស័យឈ្មោះ ណៃ ចាន់ថន ទៅបង្ហាញទីតាំងកន្លែងប្តូរម៉ូតូ និងឆ្មក់បង្ក្រាបដល់ភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ឈ្មោះ ញ៉ែម ផល្លា និងឈ្លោះ អ៊ូច រដ្ឋា (ដែលជាអ្នកផ្សំគំនិត)។ ចំណែកម្ចាស់ផ្ទះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល រួច​សមត្ថកិច្ច​បាន​បន្ត ឆែក​ឆេរ​រក​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ នៅ​ទីនោះ​ផង​ដែរ សរុប​ទាំង​អស់​សម​ត្ថ​កិច្ច​ដក​ហូត​បាន ម៉ូតូចំនួន១១គ្រឿង (រួមមាន​ម៉ូតូ​ធំ , ម៉ូតូ​ម៉ាក Zoomer-X និង​ម៉ូតូ​ម៉ាក​ហុង​ដា​សេ។១២៥ ) , រួម​និង​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ​ល្មម បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគ​រ​បាល​ខណ្ឌ​ដង្កោ ដើម្បី​សាក​សួរ​បន្ត។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៣​នាក់ រួម​និង​វត្ថុ​តាង​សរុប​ទាំង​អស់ មាន​ ម៉ូតូ​ស៊េរី​ទំនើប​ចំនួន​១១​គ្រឿង ក្នុង​នោះ​រួម​មាន​ទាំង​ម៉ូតូ​ធំ, ម៉ាក​Zoo​m​e​r-X និង​ម៉ាក​សង់​សេ​១២៥ , អាវុធខ្លីម៉ាករ៉ូឡូ​១​ដើម មាន​គ្រាប់​ចំនួន​៥​គ្រាប់ , ក្រាមស​ថ្លា​ចំនួន​១​កញ្ចប់​ធំ​ល្មម កំពុងត្រូវបានសមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ ធ្វើការសាកសួរ ឃាត់ខ្លួនបណ្តោះអាសន្ន ៕