រថយន្ត​​ហាយ​ឡែន​ឌ័រ​បើក​បុក​ម៉ូតូ បណ្ដាល​ឲ្យ​២​នាក់​ប្ដី​ប្រពន្ធស្លាប់ និង កូន​ស្រី​រង​របួស​ធ្ងន់

ខេត្តព្រៃវែង៖ រថយន្ត​​ហាយ​ឡែន​ឌ័រ​បើក​បុក​ម៉ូតូ បណ្ដាល​ឲ្យ​២​នាក់​ប្ដី​ប្រពន្ធស្លាប់ និង កូន​ស្រី​រង​របួស​ធ្ងន់​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១៣ និង ៣០នាទី រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ ២០១៨ នេះ ស្ថិត​លើ​ផ្លូវ​ខេត្ត​លេខ​១១-១០ ក្នុង​ភូមិ​ស្វាយ​អន្ទរ១ ឃុំស្វាយ​អ​ន្ទរ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។

តាម​ប្រភព​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហាយ​ឡែន​ឌរ័ ពណ៌​ស ស្លាក​លេខ​ឃ្លាំង WASHINGTON.AVJ. 3214 បើក​ដោ​យ​ឈ្មោះ ធេល ធា ភេទប្រុស អាយុ ៣២ឆ្នាំ រស់​នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អន្ទរ បើក​បរ​ពី​ជើង​ទៅ​ត្បូង បាន​បំពាន​គន្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង​1G-8341 បើកបរ​ដោយ​ឈ្មោះ យាន ជន ភេទ​ប្រុស អាយុ ៥៥ឆ្នាំ (ស្លាប់) ដែល​បើក​បរ​ពី​ត្បូង​ទៅ​ជើង ដោយ​មាន​អ្នក​រួមដំណើរ ២​នាក់ ​ឈ្មោះ ឌឹន ភន ភេទស្រី អាយុ ៥៣ឆ្នាំ ស្លាប់​នៅ​កន្លែង​កើត​ហេតុ ចំណែក​ឈ្មោះ ជន ផៃ ភេទ​ស្រី អាយុ ១៨​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្នំពេញ អ្នក​ទាំង​ពីរ រស់​នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា​ត្រូវ​ជា​កូន។

សមត្ថកិច្ច​បន្ដ​ថា មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាច​រណ៍​ខាង​លើ​ដោយ​សារ​រថយន្ត​បំពាន​គន្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ​តែ​ម្តង ។ ក្រោយ​កើត​ហេតុ​ភ្លាម​អ្ន​ក​​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ បន្ទា​ប់​ម​ក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាក​សព​អោយ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និងម៉ូតូ បានយកមករក្សា​ទុក​នៅ​ប៉ុស្តិ៍​ស្វាយ​អន្ទរ ដោះស្រាយគ្នាតាមក្រោយ​៕