​ក្នុង​ឆ្នាំ​២០១៨ ប្រាក់​បៀ​វត្ស​​មន្ត្រី​រាជការ ត្រូវ​បាន​​ដំឡើង​ហើយ

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​រួច​ហើយ​ ឱ្យ​ដំឡើងសម្រាប់​មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មាន​យោធា នគរបាល និង​អាវុធហត្ថ​ ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ជួយ​ដល់​ជីវភាព​របស់​ពួក​គាត់ ឱ្យ​មាន​ស្ថានភាព​កាន់តែ​ល្អ​ឡើង​ៗ​ ។ ការ​ដំឡើង​ប្រាក់បៀវត្ស​នេះធ្វើ​ឡើងជា​២​ដំណាក់កាល គឺ​លើក​ទី​១ នៅ​ខែមករា ឆ្នាំ​២០១៨ ជា​ការ​ដំឡើង អត្រាកំណើន​១២% នៃ​មូលដ្ឋាន​ប្រាក់បៀវត្ស និង​ការ​ដំឡើង​លើក​ទី​២ នៅ​ខែមេសា មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨ នេះ​ដែរ គឺជា​ការ​ដំឡើង​ប្រាក់ បំណាច់​មុខងារ​ ។ បើតាមលោក យក់ ប៊ុ​ន​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញ​ថា ប្រាក់បៀវត្ស​ទាប​បំផុត​របស់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ដូច​តទៅ ៖

លើក​ទី​១ ចាប់ពី ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៨
១- ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ី​វិល ផ្នែក​រដ្ឋបាល ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ឆ្នាំ​២០១៨) ចំនួន​៨៥៣,៥០០​រៀល ត្រូវ​កើន​ដល់ ៩១៤,៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨ ។
២- ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៩៥៣,៥០០​រៀល ត្រូវ​កើន​ដល់ ១,០១៤,៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨ ។
៣- ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៩៥៣,៥០០​រៀល ត្រូវ​កើន​ដល់ ១,០១៤,៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨ ។
៤- ប្រាក់បៀវត្ស​នគរបាល​ជាតិ ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៩៣៧,៩៧៨​រៀល ត្រូវ​កើន​ដល់ ៩៩៨,៩២៨​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨​ ។
៥- ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៨៨០,៩៧៨​រៀល ត្រូវ​កើន​ដល់ ៩៣៥,០២៨​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨ ។

លើក​ទី​២ នៅ​ខែមេសា មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨
១- ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ី​វិល ផ្នែក​រដ្ឋបាល​ថ្នាក់ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១,០១៤,៤៥០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨ ។
២- ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១,១១៤,៤៥០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨ ។
៣- ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១,១១៤,៤៥០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨ ។
៤- ប្រាក់បៀវត្ស​នគរបាល​ជាតិ ថ្នាក់ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១,០៩៨,៩២៨​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨ ​។
៥- ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ថ្នាក់ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១,០៣៥,០២៨​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​ ។
បៀវត្ស​អប្បបរមា​របស់​យោធិន និងមន្ត្រី​នគរបាល​ជាតិ គឺ​គិត​បញ្ចូល​ទាំង ប្រាក់​ហូប​ប្រចាំ​ថ្ងៃ និង​របប​អង្ករ​ប្រចាំខែ​គិត​ជា​សាច់ប្រាក់​ ។

សូមរម្លឹកពីប្រាក់បៀវត្សឆ្នាំចាស់ ថា សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៧ បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ក្នុង​ឆ្នាំ​២០១៧ នឹង​ត្រូវ​បាន​ដំឡើង ដូច​ខាងក្រោម ​៖
-​បៀវត្ស​មន្ត្រីរាជការ​ស៊ី​វិល នឹង​ត្រូវ​ដំឡើង​ពី​ចំនួន ៧០០,៥០០ រៀល នៅ​ឆ្នាំ​២០១៦ ដល់​ប្រមាណ ៧៥៣,៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ៨៥៣,៥០០ រៀល ។
-​បៀវត្ស​គ្រូបង្រៀន នឹង​ត្រូវ​ដំឡើង​ពី​ចំនួន ៨០០,៥០០ រៀល នៅ​ឆ្នាំ​២០១៦ ដល់​ប្រមាណ ៨៥៣,៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ៩៥៣,៥០០ រៀល
-​បៀវត្ស​គ្រូ​ពេ​ទ្រ នឹង​ត្រូវ​ដំឡើង​ពី​ចំនួន ៨០០,៥០០ រៀល នៅ​ឆ្នាំ​២០១៦ ដល់​ប្រមាណ ៨៥៣,៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ៩៥៣,៥០០ លាន​រៀល
-​បៀវត្ស​នគរបាល ( ពលបាលត្រី ) នឹង​ត្រូវ​ដំឡើង​ពី​ចំនួន ៧៨៤,៧៣០ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ឆ្នាំ​២០១៦ ដល់​ប្រមាណ ៨៣៧,៩៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ៩៣៧,៩៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ )
-បៀវត្ស​យោធិន ( ពលទោ ) នឹង​ត្រូវ​ដំឡើង​ពី​ចំនួន ៦៧៥,៥០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ឆ្នាំ​២០១៦ ដល់​ប្រមាណ ៧២២.៥០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ នឹង​ត្រូវ​ដំឡើង​ដល់ ៨២២,៥០០ រៀល ហើយ​បើ​គិត​ប​ធន​ប្រចាំខែ ចាប់ពី ៤០០,០០០ រៀល ទៅ ៦០០,០០០ រៀល បន្ថែមចំនួន ២០,០០០ រៀល និង​ចាប់ពី ៦០០,០០០ រៀល ឡើង​ទៅ បន្ថែមចំនួន ១០,០០០ រៀល​។

ក្រៅពី​ការ​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ជូន​និវត្តជន ប្រាក់​បំណាច់​របស់​មន្ត្រី​ជាប់កិច្ចសន្យា ក៏​នឹង​ត្រូវ​បាន​ដំឡើង​ពី​ចំនួន ៤០០,០០០ រៀល នៅ​ឆ្នាំ​២០១៦ ដល់​ចំនួន ៥០០,០០០ រៀល នៅ​ឆ្នាំ​២០១៧ ផង​ដែរ​ ៕