ប៉ូលីស​ម្នាក់​ដេញបាញ់​គម្រាមប្រពន្ធកូន​ក្នុង​ផ្ទះ ស្វាគមន៍​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី

ភ្នំពេញ ៖ បុរស​ជើង​ខ្លាំង​ម្នាក់ ដែល​គេ​ស្គាល់​ជា​មន្រ្តី​ប៉ូលិស​អន្តរាគមន៍​ពិសេស នៃ​ស្នង​ការ​នគរ​បាល​រាជ​ធានី​​ភ្នំពេញ បាន​ផ្ទុះ​អាវុធ​ជា​ច្រើ​ន​​គ្រាប់ បាញ់​គម្រាម​ប្រពន្ធកូន ក្នុងផ្ទះ​ផ្អើល​ទាំង​កណ្តាល​រាត្រី ។ ហេតុ​ការណ៍​បាន​កើត​ឡើ​ង​កាល​ពី​វេលា​ម៉ោង ១២និង ១៥​នាទី​យប់​រំល​ង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០​១៨ ស្ថិត​ក្នុង​​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា មន្រ្តី​​ប៉ូលិស​ខាង​លើ​រូប​នោះ តែងតែ​មាន​ការ​បាញ់​បោះ​​ជា​ច្រើន​​ដង​មក​ហើយ ឲ្យ​តែ​មាន​រឿង​មិន​សប្បាយ​ចិត្ត ឬ​មាន​ជម្លោះ​ក្នុង​គ្រួសា​រម្ដង​ៗ ដោយ​មិន​ខ្លាច​ក្រែង​នរណា​ឡើយ ។ មុន​នឹង​មាន​ការ​ផ្ទះ​អាវុធ​នោះ គឺ​ខាង​នារី​ជា​ប្រពន្ធ​ជន​បង្ក​បាន​ហៅ​ទូរស័ព្ទទៅ​មន្រ្តី​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថា ប្ដីរបស់គាត់​បានគំ​រាម​ទាញ​កាំភ្លើង​បាញ់​គាត់ និង​យក​​ដុំ​​ថ្មគប់​ចូល​ផ្ទះ ។ ក្រោយ​ទទួល​បាន​ដំណឹង​ភ្លាម ទើប​កម្លាំង​មាន​សមត្ថកិច្ច​ចេញ​មក​អន្តរាគម​ន៍​ឡោ​ម​ព័ន្ធ​ភ្លាម​ៗ និង​រំដោះ​ប្រពន្ធ ព្រម​ទាំង​កូនៗ ចេញ​មក​ក្រៅ​ផ្ទះ​​តែ​ម្ដង ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ យើង​នៅ​មិន​ទាន់​ដឹង​​ពី​ឈ្មោះ​ជន​បង្ក និង​មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទះ​អាវុធ​​នៅ​​ឡើយ​ទេ គ្រាន់​តែ​ស្គា​ល់​ថា បុរស​ខាងលើ​ជា​មន្រ្តី​ប៉ូលិស​អន្តរាគមន៍​ពិសេស នៃ​ស្នង​ការ​នគរបាល​​រាជធានី​​ភ្នំពេញ ដែល​ក្រោយ​ការ​ឃាត់​ខ្លួន កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​បញ្ជូន​ខ្លួន ដើម្បី​នាំ​ទៅ​សាក​សួរ​នៅ​អធិ​ការ​ដ្ឋាន​​នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ ៕