ផ្ទុះ​អាវុធ​២​គ្រាប់ កម្លាំង​​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​ ជ្រោយចង្វា​ឃាត់​​ខ្លួន​​បុរស​​២​​នាក់

​ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​១១​និង​​៣០​នាទី​យប់​ថ្ងៃ​៣០ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​រាជ​អាវុធ​ហត្ថ​ខ​ណ្ឌ​​ជ្រោយ​ចង្វារ ឃាត់​ខ្លួន​​មនុស្ស​​២​​នាក់​ក្រោយ​​ពី​​ជិះ​​ម៉ូតូ​​ដេញ​​វាយ​​គ្នា​​ផ្ទុះ​អាវុធ​​២​​គ្រាប់​បង្ក​​ឲ្យ​​មាន​ការ​​ភ្ញា​ក់​ផ្អើល​ នៅ​​តាម​​បណ្តោយ​​ផ្លូវ​ទន្លេ​សាប ចំណុច​​មុខ​​ផ្ទះ​​គ្មាន​​លេខ ភូមិ​​ដើម​គរ សង្កាត់​​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ​ ​។ បុរស​ដែល​កម្លាំង​រាជ​អាវុធ​ហត្ថ ឃាត់​ខ្លួន​ពីរ​នាក់​ខាង​លើ​ទី ១-​ឈ្មោះ អិន សុវណ្ណ ភេទ​ប្រុស អាយុ​​៤០​​ឆ្នាំ មុខ​របរ​​មន្ត្រី​​យោធា ២-​ឈ្មោះ បុល ភេទ អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​​ទាំង​​២​​នាក់​​ស្នាក់​​នៅ​​ភូមិ​-​ឃុំ​​កើត​​ហេតុ និង​ដក​ហូត​​កាំ​ភ្លើង​ខ្លី​​មួយ​​ដើម​​មិន​​ស្គាល់​​ម៉ាក ចំណែក​ឯ​​ភាគី​​ជម្លោះ​​ម្ខាង​​ទៀត​​ឈ្មោះ​ដា​វុធ ដោយ​​ជិះ​​ម៉ូតូ​​ម៉ាក​​ស៊ុ​យ​​ស៊ូ​គី​​វី​វ៉ា ពណ៌​​ខ្មៅ​​ពាក់​ស្លាក​​លេខ​​ភ្នំពេញ​1Z-8136 រង​​ការ​​ខូច​ខាត​ស្ទើរ​​ទាំ​​​ស្រុង​​។

ប្រភព​​ពី​​កន្លែង​​កើត​ហេតុ​​បាន​​ឲ្យ​​ដឹង​​ថា គេ​ឃើញ​​ឈ្មោះ​​បុល ជិះ​ម៉ូតូ​​ម៉ាក​​ហុង​ដា​​ស្កុប​​ពី ពណ៌​​ក្រហម មិន​​ចាំ​​ស្លាក​​លេខ​​មួយ​​គ្រឿង ជិះ​គ្នា​២​​នាក់​​ក្មួយ​​ប្រុស​​ឈ្មោះ​ម៉ៃ រំ​ផត អាយុ​​១៧​ឆ្នាំ ត្រឡប់​​ចេញ​ពី​​ធ្វើ​ការ ខណៈ​​ពេល​​ជិះ​​ម៉ូតូ​មក​​ដល់​​ក្បែរ​​កន្លែ​ង​កើត​ហេតុ​​ក៏​​មាន​​ភាគី​​ម្ខាង​ទៀត​​មាន​​គ្នា​​ជិត​​១០​​នាក់ កំពុង​​ផឹក​ស៊ី​​នៅ​​ក្នុង​តា​រាង​​បាល់​ទាត់ ដោយ​​បាន​​ស្រែ​ក​ថា «​ម៉ូតូ​​ឯង​ឮ​​ខ្លាំង​​ម្ល៉េះ​» ធ្វើ​​ឲ្យ​​មាន​ការ​​ទាស់​សម្តី​​គ្នា ហើយ​យុវជន​​ម្នាក់​​ក្នុង​​ចំណោម​​បក្ស​ពួក​​ជិត​​១០​​នាក់​ដែល​​អង្គុយ​​ផឹក​ស៊ី​​នោះ​​បាន​​ទាញ​​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​​ស៊ុ​យ​​ស៊ូ​​គី​​វី​វ៉ា​​ដេញ​​តាម​​វាយ​ពី​ក្រោយ​ ។

ប្រភព​​បាន​​បន្ត​​ឲ្យ​​ដឹង​​ថា ក្រោយ​​ពី​​ជិះ​​ម៉ូតូ​​ដេញ​វាយ​​បាន​​ជិត​​២០​​ម៉ែត្រ​​ដល់​​ក្បែរ​ផ្ទះ​​ឈ្មោះ​បុល បាន​​ស្រែក​​ឆោ​ឡោ​​ថា «​មាន​​គេ​​ដេញ​​វាយ​» ក៏​ឮ​​ដល់​​ក្រុម​​គ្រួសារ​​បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​​ផ្អើល​ដេញ​​វាយ ខណៈ​នោះ​​ម្ចាស់​​ម៉ូតូ​​ម៉ាក​​ស៊ុ​យ​ស៊ូ​គី​វី​វ៉ា ភ័យ​​ក៏​​រត់​​ចោល​​បាត់​​ម៉ូតូ ភ្លាម​​ៗ​​នោះ​​​ត្រូវ​​អ្នក​ភូមិ នឹង​​ក្រុម​​គ្រួសារ​នាំ​គ្នា​​យក​​ដុំ​​ថ្ម​​គុប និង​​វាយ​ម៉ូតូ​​ដែល​​ម្ចាស់​​រត់​​ចោល​​នោះ​​រង​​ការ​​ខូច​ខាត​ស្ទើ​រ​​ទាំង​ស្រុង ។

បន្ទាប់​ពី​មាន​រឿង​វាយ​ហើយ ក៏មាន​មនុស្ស​មួយ​ក្រុម​ពាក់​សុីវិល​ចុះ​មក​កន្លែង​កើត​ហេតុ ដោយ​កាន់​កាំ​ភ្លើង​គ្រប់​ដៃ រួចក៏​បាន​ដេញ​តាម​ចាប់​កូន​ប្រុស​ទាំង​ពីរ​នាក់ របស់​គាត់ ហើយ​ថែម​ទាំង​ផ្ទុះ​អាវុធ ពីរ​គ្រប់ ហើយ​យក​កាំ​ភ្លើង​ភ្ជន់​គំរាម​សូម្បី​តែ​កូន​ក្មេង ។ ក្រោយ​ពីឃាត់ខ្លួ​ន​​ជនសង្ស័យ​​ទាំង​​២​​នាក់ និង​​ដក​ហូត​​បាន​កាំ​ភ្លើង​ខ្លី​​មួយ​​ដើម​​ម៉ាក​ឡុក យក​​ទៅ​កងរាជ​អាវុ​ធ​ហ​ត្ថ​ខណ្ឌ​​ជ្រោយ​ចង្វារ ដើម្បី​​សាក​សួរ​បន្ត​ ។