កម្មករ-កម្មការិនីជាង ៧ពាន់នាក់ នៅរោង​ចក្រ​ ខេត្ត​ពោធិ៍​សាត់ បន្ត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ​ឆ្នាំ​២០​១៧​នេះ កម្មករ-កម្មការិនី រោងចក្រកាត់​ដេរ​សម្លៀក​បំពាក់ «តៃអុីហ្សី» ជាង ៧ពាន់​នា​ក់ ដែល​ស្ថិត​នៅ​ភូមី​ទទឹង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រ​គរ ខេត្ត​ពោធិ៍សាត់​នៅតែ​នាំ​គ្នា​បន្ត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ ខណៈ​ដែល​លោក​អភិបាលរង​ខេត្ត​ពោធិ៍​សាត់ ​បាន​និង​កំពុង​ចូល​រួម​ប្រជុំ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ។

​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា កម្មករ​ចំនួន ៧​អគារ ស្មើ​ប្រមាណ​ជាង​៧ ពាន់​នាក់ បា​ន​ប្រមូល​ផ្ដុំ​គ្នា​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៤ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​លក្ខ​ខ័ណ្ឌ ១២​ចំណុច បើ​ពុំ​ដូច្នោះ​ទេ ក្រុម​កម្មករ​នឹង​បន្ត​បាតុ​កម្ម​បិទ​ផ្លូវ រហូត​មាន​ដំណោះ​ស្រាយ​ ។

លក្ខ​ខណ្ឌ​ទាំង ១២ ចំណុច ដែល​កម្មករ​ទាម​ទារ​រួម​មាន ៖
១- សុំកុំឲ្យកាត់លុយរង្វាន់ប្រចាំសប្តាហ៍ និង​លុយ​ABC ពេល​អវត្ត​មាន, ២- ពេលអវត្ត​មាន​សូម​កុុំ​កាត់​លុយ PRIME ($10), ៣-ពេល​ដាក់​ច្បាប់​ឈឺ មរណ​ភាព សាច់​ញាតិ និងរៀ​ប​ការ សុំ​ឲ្យ​​​បាន មួយសប្តាហ៍, ៤- សូមកុំដំឡើង​ចំនួន​ផលិត​កម្ម និងកាត់ចំនួន​មនុស្ស​ពេល​ដំឡើង​ប្រាក់​ខែ (មួយ​ឆ្នាំ​ម្តង), ៥- សូមពេល​ដាក់​ច្បាប់​ឈឺ ឲ្យមាន​ការ​ធូរ​លុង​កុំ​តឹង​តែង​ពេក, ៦- សូម​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ដាក់ច្បាប់​សម្រា​ល​ កុំ​បញ្ឈប់​ពួក​គាត់ (ច្បាប់សម្រាល​រយៈ​ពេល ៣ខែ), ៧- សុំលុយរង្វាន់ប្រចាំ​សប្តា​ហ៍ និង​ABC បើកឲ្យ​កម្មករឲ្យបាន​ទៀង​ទាត់​ផង ៨- ពេលមកធ្វើការយឹត ហេតុអីអត់ឲ្យ​ឡានចូលក្នុងរោងចក្រ, ៩- សូមកុំឲ្យជនជាតិ​ចិន មើល​ងាយ​កម្មករ (កុំយកច្បាប់ចិន​មក​ដាក់​នៅ​ស្រុក​ខ្មែរ), ១០- ពេលកូនឈឺ ​សុំច្បាប់​ចិន​អត់​អោយ, ១១- ពេល​អវត្តមាន ១ថ្ងៃ កុំ​កាត់​​លុយ​ ២០​ដុល្លារ និង ១២- សូម​ឲ្យមាន​សហ​​ជី​ពក្នុងរោងចក្រ ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់់ពីកម្មករបានប្រមូលផ្ដុំតវ៉ានៅលើផ្លូវជាតិលេខ៥ មុខរោងចក្រ បានធ្វើឲ្យកកស្ទះ​ចរាច​រ​ណ៍​មានរយៈ​ពេលជាង ១ម៉ោង​នោះ លោក​អភិ​បាល​ស្រុកក្រគរ បានថ្លែងបញ្ជាក់ថា លោក​អភិ​បាល នឹង​ជួយ​រកដំណោះ​ស្រាយ​ជូន​ដល់​ក្រុម​កម្មករ ទើបបងប្អូនកម្មករទាំងនោះ បាន​ព្រម​ព្រៀង​ឯក​ភាព ហើយបំបែកគ្នាឡើង​រថយន្ត​ទៅ​ផ្ទះ​រៀងៗ​ខ្លួន វិញ ។ បន្ទាប់មក នៅវេលាម៉ោង ៤ និង ៤៨នាទី រសៀល​ថ្ងៃ​ដដែ​ល លោក អុឹង គឹមលាង អភិបាលរង នៃគណ​អភិ​បាល​ខេត្ត, លោក លឹម ជា តំណាងក្រុម​ហ៊ុ​ន, ជនជាតិចិនចំនួន ២ នាក់ និងមានសមាស​ភាព​ចូលរួមផ្សេងទៀត ដូចជា លោក សំរិទ្ធ អេង, លោក លី សុភា ប្រធានមន្ទីការងារ, លោក លី ម៉េងឃាង ប្រធានរដ្ឋបាលក្រុមហ៊ុន, កងកម្លាំង នគរបាលស្រុកក្រគរ, កម្លាំងកង​រាជ​​អាវុធ​ហត្ថស្រុក និងបងប្អូនកម្ម​ករ កម្មការ​នី រោងចក្រចំនួន ២៣៦នាក់ ស្រី ១៩៨ នាក់ ក៏បានជួបប្រជុំគ្នា ដោយសំណូមពរទាំង ១២ ចំណុច របស់បងប្អូនកម្មករ កម្មការនី ត្រូវបាន​បក​ស្រាយ​ជូនបងប្អូនកម្មករ កម្មការនីចប់​ស​ព្វ​គ្រប់ ដោយ លោក អុឹង គឹមលាង និង លោក លឹម ជា នៅវេលាម៉ោង ១៧ និង ៥៦នាទី ថ្ងៃ​ដដែល ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្រាប់​តែ​កម្មករ កម្មការិនី បាននាំ​គ្នាធ្វើ​បាតុ​កម្ម​បិទផ្លូ​វ​បន្ត​ទៀត ។ នៅក្នុងការ​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវនោះ មានកម្មករដួលសន្លប់ចំនួន ៣២នាក់ ត្រូវបញ្ជូនទៅមណ្ឌលសុខ​ភាព​ស្រុក​ក្រ​គរ ដែល​បច្ចុប្បន្ន បានចេញពីមន្ទីរ​ពេទ្យ​អស់​ហើយ ។ សមត្ថកិច្ចអះអាងថា មូល​ហេតុ​នៃ​ដួល​សន្លប់ គឺ​ដោយសារតែ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច ៕