បុរស​ម្នាក់​ជា​កម្មករ​សំណង់ បានឆក់​ខ្សែ​ភ្លើង​ស្លាប់​យ៉ាង​អាណោច​អាធ័ម

ភ្នំពេញ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់ បានឆក់​ខ្សែ​ភ្លើង​ស្លាប់​យ៉ាង​អាណោច​អាធ័ម ក្រោយ​បញ្ជូន​ទៅ​ដល់មន្ទីរ​ពេទ្យ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ​ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុម​១ ភូមិ​១ ផ្លូវ​៤៧៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​រ​មន រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នេះ​មាន​ឈ្មោះ សារឿង ភេទប្រុស អាយុ​ប្រ​ហែល​២៣​ឆ្នាំ ហើយ​មុន​ពេល​កើត​ហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ​រួម​និង​កម្មករ​ផ្សេង​ទៀត​បាន​នាំ​គ្នា​បុក​គ្រឹះ​ក្នុងការ​ដ្ឋាន​ខាង​លើ ដោយ​ជនរងគ្រោះ​បាន​យក​ខ្សែ​ភ្លើង​ទៅ​ដោត​ឌុយ​ម៉ូទ័រ​បូម​ទឹក តែ​មិនទាន់​នឹង​បូម​ផង ស្រា​​ប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ជនរងគ្រោះ​ដួល​ដាច់​ផ្ងារ ត្រូវ​បាន​មេការ រួមនិង​កម្មករ​ផ្សេង​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម និងបញ្ជូន​តាម​រម៉ក​កង់​បី​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនីក លី​ស្រី​វីណា តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោស​ល្យវិច័យ បាន​ចុះ​ទៅ​ពិនិត្យ​សព​ជន​រងគ្រោះ​ដល់គ្លីនិកលី​ស្រីវីណា បាន​ឲ្យ​ដឹង​ថា ជនរង​គ្រោះ​ពិត​ជា​ស្លាប់​ដោយសារតែករណី​ឆក់​ចរន្ត​អគ្គិសនី​ពិត​ប្រាកដ​មែន ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕