សម្រេច​ប្រហារ​ជីវិត​​អា​គក​មាន់​ជល់​​៩២​​ក្បាល ដែល​អា​ខ្លះ​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ

ខេត្ត​កណ្ដាល៖ នគរបាល​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ នេះ កម្ទេច​មាន់​ជល់​(​បាន​រៀបចំ​អារ​.​ក​សម្លាប់​)​ចំនួន​៩២​ក្បាល រួច​ហើយ​យក​ទៅ​ដុត​ចោល​តែ​ម្តង ដែល​បង្ក្រាប​បាន​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី កូនប្រសា​រលោក​ហ៊ុន សាន។

បើ​តាម​ដីកា​សម្រេច​របស់​លោក​ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ ព្រមទាំង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល យល់​ឃើញ​ថា «​ការ​ថែរក្សា​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល មានការ​លំបាក​និង​ចំណាយ​សោហ៊ុយ​ផ្សេង​ៗ​និង​ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​កើត​ឡើងជា​ថ្មី និង​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​នេះ»​។

ហេតុ​ដូច្នេះ សម្រេច អនុញ្ញាត​ឲ្យ​ធ្វើការ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល ចាប់ពី​ពេល​នេះ​តទៅ។

សូម​បញ្ជាក់​ថា មាន់​ជល់ ដែល​លោកស្នងការ​ខេត្តកណ្តាល អ៊ា​វ ចំរើន ចាប់​យក​ជា​វត្ថុ​តាង ដែល​មាន់​ខ្លះ ១​ក្បាលមាន​តម្លៃ​រហូត​ដល់​ទៅ​១ ឬ​២​ម៉ឺន​ដុល្លារ​ក៏​មាន ហើយ​ថែម​ទាំង​ជួល​គេ​៥០​ដុល្លារ​ឲ្យ​មើល​មាន់​ទៀត ព្រោះ​បើ​បាត់​វត្ថុ​តាង គឺ​អាច​ប្តឹង​បាន។

សូម​រម្លឹក​ថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ចំនួន​ពីរ​កន្លែង ឈ្មោះ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​បន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​រូបគេ​បាន​ចូលខ្លួន​ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល បញ្ជាក់​ថា តាម​តួលេខ​ចុង​ក្រោយ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុង​រង្វង់​ប្រតិបត្តិការ​ចុះ​បង្ក្រាប មាន​ចំនួន​៦៤​នាក់ ខណៈ​ដំបូង​មនុស្ស​ជាង​១៥០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ខ្លះ​ជា​ជាងសំណង់ ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​។

សម្រាប់​វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹបអូស​វិញ លោកស្នងការ បាន​បញ្ជាក់​ថា រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រមទាំង​មាន់​ជល់​ជិត​១០០​ក្បាល៕